អានតួអត្ថបទ

អាមេរិកចង់​បង្កើន​ការល្បាត​នៅ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង

មន្ទី​រ​បញ្ចកោណ​​អាមេរិក​ ចង់​បង្កើន​កា​រល្បាត​​នៅ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង​ ឱ្យ​បាន​កាន់​ញឹក​ញាប់​ ក្នុង​កំរិត​ពីរ​ទៅ​បី​ដង​ក្នុង​ខែ។ សម្រាប់​អាមេរិក ការ​បង្កើន​​សកម្មភាព​ល្បាត​ ជាធ្វើ​ឡើង​​ក្នុង​កម្មវត្ថុ​តែ​មួយ​គត់ គឺ​ធានា​សេរីភាព​នៃ​ការ​ធ្វើ​ចរាចរណ៍​ នៅ​ក្នុង​ដែន​ទឹក​​ដែល​ចិន​ជាប់​ជម្លោះ​ជា​មួយ​​បណ្តា​ប្រទេស​ជិត​ខាង។ នេះ​បើ​តាមកាសែត​ Wall Street Journal។

នាវា​ចម្បាំង​អាមេរិក USS John McCainដែល​ចេញ​ល្បាត​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង​ថ្ងៃទី​២១​សីហា ២០១៧
នាវា​ចម្បាំង​អាមេរិក USS John McCainដែល​ចេញ​ល្បាត​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង​ថ្ងៃទី​២១​សីហា ២០១៧ REUTERS/Reuters TV
ផ្សាយពាណិជ្ជកម្ម

​កម្មវត្ថុ​របស់​រដ្ឋាភិបាល​អាមេរិក​ថ្មី គឺ​ត្រូវ​សម្របឥរិយាបថ​​ឱ្យ​បាន​សក្តិសម​ទៅ​នឹង​មហិច្ឆតា​វាត​ទី​របស់​ចិន ជា​ជាង​បន្ត​នយោបាយ​អាមេរិក​ចាស់​បន្សល់​ទុក​ដោយ​អតីត​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា។ នេះ​បើ​តាមការ​ពន្យល់​ចុះ​ផ្សាយ​ដោយ​​សារព័ត៌មាន​អាមេរិក Wall Street Journal។

ប៉ុន្តែ​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត ទាក់​ទង​នឹង​ពេលវេលា ព្រមទាំង​ទី​កន្លែង​ច្បាស់​លាស់​ដែល​ កង​ល្បាត​អាមេរិក​ត្រូវ​ចេញ​ធ្វើ​ប្រតិបត្តិការ​ឡើយ។ សារព័ត៌មាន​អាមេរិក​ដដែល​ បាន​ត្រឹម​គូស​បញ្ជាក់​ថា មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​ប៉ាស៊ីហ្វិក ប្រាថ្នា​ចង់​​បាន​ប្រតិបត្តិការ​ល្បាត​ ដើម្បី​សេរីភាព​នៃ​ចរាចរណ៍​ផ្លូវទឹក ចំនួន​ពីរ​ ឬ​បីដង​ ក្នុង​មួយ​ខែ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

ប្រតិបត្តិការ​ល្បាត​ ត្រូវ​ធ្វើ​ឡើង​​ ​ដោយកង​នាវា​ចម្បាំងផង​និង​ដោយ​កង​យន្តហោះ​ប្រដេញ​​ទៀត។ នេះ​បើ​តាម​ការ​លម្អិត​របស់​កាសែត។

សូម​បញ្ជាក់​ថា តាំង​ពី​តែ​ពី​លោក ដូណាល់ ត្រាំ បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ កាលពី​ខែ​មករា​២០១៧​មក អាមេរិក​បាន​អនុវត្ត​ប្រតិបត្តិការ​ល្បាត​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង ចំនួន​បី​ដង​ហើយ។ បេសកកម្ម​​ដើម្បី​សេរីភាព​ផ្លូវទឹក​លើក​ចុងក្រោយ​ បាន​ការ​ចូល​រួម​ពី​ នាវាពិឃាត (នាវា​ចម្បាំង) USS John S. McCain។ នាវា​ដែល​ត្រូវ​រងគ្រោះ​ បុកទង្គិច​​ជាមួយ​នឹង​នាវា​ដឹក​ប្រេង​ ក្នុងច្រក​សមុទ្ទ​​សិង្ហបុរី កាលពី​ថ្ងៃទី ២១ សីហា រហូត​បង្ក​ឱ្យ​ទាហាន​អាមេរិក​១០​នាក់​ស្លាប់។

ហេតុការណ៍​គ្រោះ​ថ្នាក់​នោះ ក៏​បាន​ជំរុញ​ឱ្យ​ចិន​​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​ ព្រោះ​នាវា​អាមេរិក​បាន​ចូល​ទៅ​កៀក​តំបន់​កូន​​កោះ Mischief ​ នៃ​តំបន់​ប្រជុំ​កោះជាប់​ជម្លោះ​​ស្ព្រាតលី ប្រមាណ​តែ​៦​មាយផង និង​កៀក​នាវាចម្បាំង​​ចិន​ រហូត​មាន​ការ​ស្រែក​ព្រមាន​គ្នា​តាម​មីក្រូផង។ ក្នុង​សម័យ​ដឹកនាំ​ដោយ​លោក​អូបាម៉ា អាមេរិក​ធ្លាប់​បាន​ធ្វើ​ប្រតិបត្តិការ​បែប​នេះ​ចំនួន​បួន​ដង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ