អានតួអត្ថបទ

អាស៊ីខាងត្បូង​មួយភាគ​អាច​ក្លាយ​ជា​តំបន់​លែងរស់នៅ​កើត នៅ​​ឆ្នាំ២១០០ ព្រោះកំដៅ​ក្តៅ​​ហួសកម្រិត​​​

សីតុណ្ហភាព​ក្តៅសើម​​​​ហួសហេតុ​ពេក​ អាច​ប៉ះពាល់​តំបន់​មួយភាគ​ នៅ​អាស៊ីខាងត្បូង នៅឆ្នាំ​២១០០​ចុងសតវត្ស​នេះតែម្តង។ នេះ​បើយោងតាម​ការសិក្សា​​​របស់​ក្រុមអ្នកស្រាវ ជ្រាវ​អាមេរិក ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ ក្នុង​ទស្សនាវដ្តី​ សាយអិន អាដវិនស៏ Science Advances។ បើគ្មាន​វិធានការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ទេ តំបន់​មួយភាគ​នៅ​អាស៊ី​ខាងត្បូង ដែល​មាន​មនុស្ស​១ភាគ៥​ក្នុងពិភពលោក​រស់នៅ​ ​នឹង​ក្លាយ​ជាតំបន់​ដែល​គេអាច​លែង​រស់នៅ​បាន​ទៀតហើយ ​នៅចុង​សតវត្ស​នេះ។ ​

បុរសម្នាក់​​កាន់ឆ័ត្រ​ការពារ​កំដៅ​ខ្លាំង​ហួសហេតុ​នៅអាឡាហាបាដ ប្រទេស​​ឥណ្ឌា​ កាលពី​ខែឧសភា​ឆ្នាំ២០១៥
បុរសម្នាក់​​កាន់ឆ័ត្រ​ការពារ​កំដៅ​ខ្លាំង​ហួសហេតុ​នៅអាឡាហាបាដ ប្រទេស​​ឥណ្ឌា​ កាលពី​ខែឧសភា​ឆ្នាំ២០១៥ REUTERS/Jitendra Prakash
ផ្សាយពាណិជ្ជកម្ម

ក្រុមអ្នកស្រាវជ្រាវ​អាមេរិកនៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​​​ម៉ាសាឈូសេត Massachusetts Institut of Technology និង​សកលវិទ្យាល័យ​​ ​Loyola Marymount នៅLos Angeles បានចុះផ្សាយ​ការសិក្សា​នៅថ្ងៃ​ពុធ​នេះថា បើ​គ្មាន​វិធានការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់ ដើម្បី​ទប់ស្កាត់​ការកើន​សីតុណ្ហភាព​នៃ​ភពផែនដី​​ទេ នោះ​ឆ្នាំ​២១០០ចុងសតវត្ស​នេះ កំដៅ​បែប​សើម​នឹង​កើនឡើងខ្លាំង​​ ​​ធ្វើអោយ​តំបន់​អាស៊ី​ខាងត្បូង១ភាគ លែង​ជាតំបន់​ដែល​គេ​រស់នៅ​បាន​តទៅទៀត។ កំដៅ​បែបសើម​អាច​នឹង​កើនឡើង​ នៅរដូវក្តៅ ​ប៉ះពាល់​​ខ្លាំង​ដល់​សុខភាព​មនុស្ស។ តំបន់​អាស៊ី​ខាងត្បូង​មួយចំណែក​ដែល​រង​ផលវិបាក​ខ្លាំង​ជាងគេ​នោះ ​មាន​ភាគខាងជើង​ប្រទេស​ឥណ្ឌា ​បង់ក្លាដែស្ហ ភាគខាងត្បូង​ប៉ាគីស្ថាន។ តំបន់​ទាំងនេះ​​​ជាតំបន់​ក្រីក្រ​ មានប្រជាជន​រស់នៅ​១៥០០លាន​នាក់។ ​

នៅ​ទីនោះ ប្រជាជន​ភ្ជួររាស់ដី​​ច្រើនម៉ោង។ ​ពួកគេ​​គ្មាន​ផលិតផល​ក្រែម​លាបស្បែក រឺ​ផលិតផល​​​អ្វី​ ដើម្បី​​ការពារ​សុខភាព​​​​ទេ។ កំដៅ​បែប​សើម​នេះ បើ​វា​ឡើង​ដល់​៣៥​អង្សារ វា​នឹង​ធ្វើអោ​យមនុស្ស​បែកញើស​ ពិបាក​​ទ្រាំក្នុងខ្លួន។ ​សូម្បី​តែ​កំដៅឡើង​​លើស​ពី​៣១អង្សារ​តែ​បន្តិច ​​ក៏ប៉ះពាល់​សុខភាព​មនុស្ស​យើង​ដែរ។ ​

​​កាលពី​ឆ្នាំ​២០១៥ ​ឥណ្ឌា​និង​ប៉ាគីស្ថាន​បាន​រង​ផលអវិជ្ជមានដោយសារ​សីតុណ្ហភាព​ក្តៅ​ខ្លាំង​រួច​មកហើយ​។ កាលនោះ មាន​មនុស្ស​៣៥០០នាក់ បាន​ស្លាប់។​ យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​អាមេរិក ​កំដៅក្តៅ​ជ្រុល​នេះ អាច​នឹង​កើតឡើង​តែ​ក្នុង​ប៉ុន្មាន​ទសវត្ស​ទៀត​ប៉ុណ្ណោះ វា​នឹង​ប៉ះពាល់​ដល់​​​​តំបន់​ដី​មានជីជាតិ​នៅ​តាម​ស្ទឹង​​Indus និង​ទន្លេ​Gange ដែល​ជា​តំបន់​កសិកម្ម​ដ៏សំខាន់​នៅ​ឥណ្ឌា។ ​ភាគខាង​កើត​ប្រទេស​ចិន​ដែល​សំបូរ​មនុស្ស​រស់នៅ ​ក៏រងផល​ប៉ះពាល់​ដូចគ្នា​ដែរ។

ទោះបី​ការសិក្សា​បង្ហាញ​ថា​ សីតុណ្ហភាព​ក្តៅហួសហេតុ​​ អាច​ប៉ះពាល់​តំបន់​ឈូងសមុទ្រ​ពែរស៍ជាងគេ នៅចុងសតវត្ស​នេះ​ក្តី​ ​​តំបន់​រង​ផលប៉ះពាល់​លំដាប់​បន្ទាប់​ពី​នេះ គឺ​តំបន់​ភាគខាងជើង​ឥណ្ឌា និង​ភាគ​ខាងកើត​ប្រទេស​ចិន។ វិធានការ​ចំពោះ​មុខ​​ គឺ​ត្រូវ​​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់ ដើម្បី​ទប់ស្កាត់​ការកើន​សីតុណ្ហភាព៕ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ