អានតួអត្ថបទ
ថៃ​

ថៃ៖​លោកស្រី​យីងឡាក់​ចាត់ទុក​ខ្លួនឯង​ថា ជា​អ្នករងគ្រោះក្នុង​ល្បែង​​នយោបាយ​​​​​

​ថ្ងៃអង្គារ​១សីហា​នេះ អតីត​នាយក​រដ្ឋមន្ត្រីថៃ​ យីងឡាក់ ស៊ីណាវ៉ាត់ បាន​ចាត់ទុក​ខ្លួនឯង​ផ្ទាល់​ថា ជា​អ្នករងគ្រោះ​នយោបាយ​​។ លោកស្រី​យីងឡាក់កំពុង​ប្រឈម​នឹង​ការកាត់ទោស​ពី​តុលាការ នៅ​ចុងខែ​សីហា​នេះ​ ​ពី​បទធ្វេសប្រហែស​ក្នុង​កម្មវិធី​ឧបត្ថម្ភ​អង្ករ​ជួយកសិករ​ កាលពេល​​​លោកស្រីនៅ​​កាន់អំណាច។​​ លោកស្រី​អាចទទួលទោស​​អោយ​​ជាប់ពន្ធនាគារ​១០ឆ្នាំ។​

អតីតនាយករដ្ឋមន្ត្រី​ថៃ លោកស្រី​យីងឡាក់
អតីតនាយករដ្ឋមន្ត្រី​ថៃ លោកស្រី​យីងឡាក់ LILLIAN SUWANRUMPHA / AFP
ផ្សាយពាណិជ្ជកម្ម

អតីតនាយករដ្ឋមន្ត្រី​ថៃ យីងឡាក់ ស៊ីណាវ៉ាត់ បាន​ចាត់ទុកខ្លួនឯង​ថា ជាអ្នករងគ្រោះ ក្នុងល្បែង​​​នយោបាយ។ លោកស្រី​លើកឡើងថា ​លោកស្រី​មិនដែល​អនុញ្ញាត​អោយ​មាន​អំពើពុករលួយ​ទេ ហើយ​លោកស្រី​ក៏មិន​ធ្លាប់បាន​ធ្វើអ្វី​​មិនល្អ​ដែរ។ ​ថ្ងៃអង្គារ​នេះ សកម្មជន​គាំទ្រ​លោកស្រី​យីងឡាក់ រាប់រយនាក់​បាន​នាំគ្នា​តវ៉ា​នៅ​មុខ​តុលាការ​កំពូល​ក្រុងបាងកក សំដែង​ការគាំទ្រ​អោយ​លោកស្រី​យីងឡាក់​ឈ្នះ​ក្តីក្តាំ នឹងអាច​ឡើង​មកដឹកនាំ​ប្រទេស​ដូចពីមុន​វិញ។ ក្រុមបាតុករ​មិនបាន​ខ្វល់​នឹង​បំរាមរបស់​របបសឹក​ ដែល​ហាម​​ការធ្វើ​បាតុកម្ម​នយោបាយ​ទេ។ បំរាម​នេះ​នៅតែ​មាន​ជា​ធរមាន​ តាំងពីមាន​រដ្ឋប្រហារ​​ឆ្នាំ២០១៤ ទំលាក់​លោកស្រី​យីងឡាក់មក។ ​ ​

​លោកស្រី​យីងឡាក់​កំពុង​រងការ​ចោទប្រកាន់​ពី​បទធ្វេសប្រហែស​ក្នុង​កម្មវិធី​ឧបត្ថម្ភ​អង្ករ​ជួយកសិករ​ ក្នុងពេល​លោកស្រីកាន់អំណាច។ កម្មវិធី​នយោបាយ​អង្ករ​នេះ ​​ធ្វើអោយ​រដ្ឋថៃ​ខាតបង់​ថវិកា​សន្ធឹកសន្ធាប់ ដោយសារ​​រដ្ឋទិញ​អង្ករ​ពី​កសិករ​ក្នុង​តម្លៃ​ខ្ពស់​ជាងទីផ្សារ ហើយ​អង្ករ​ត្រូវស្តុកទុកចោល​មិនអាច​លក់​ចេញ​ទៅក្រៅបាន។ នៅ​ចុងខែ​សីហា​នេះ​ តុលាការ​ថៃអាច​នឹង​កាត់ទោស​​អោយ​​លោកស្រី​​ជាប់ពន្ធនាគារ​១០ឆ្នាំ​បាន។ ​ថ្ងៃអង្គារ​នេះ លោកស្រី​សង្ឃឹមថា តុលាការ​អាច​ពិនិត្យ​សំណុំរឿង​​​លោកស្រី​ដោយផ្អែក​តាម​ហេតុការណ៍​ និង​ស្ថានការណ៍​នយោបាយ​ កាលពី​ពេលមុន មិនមែន​លើ​ស្ថានការណ៍​​នយោបាយ​សព្វថ្ងៃ​នេះទេ។ ​​

គ្រួសារ​ត្រកូលស៊ីណាវ៉ាត់​ដែល​តែងទទួលជោគជ័យ​ក្នុង​ការ​បោះឆ្នោត ​​តាំងពី​ឆ្នាំ​២០០១​មក ក៏នៅតែ​មិនអាច​គេច​ពី​​សំណាញ់​ច្បាប់ថៃ។ ​បងប្រុស​លោកស្រី​យីងឡាក់ គឺ​លោក​ថាក់ស៊ីន ដែល​ធ្លាប់ធ្វើជា​នាយករដ្ឋមន្ត្រី​ដែរ​នោះ ត្រូវបាន​ធ្លាក់ពីអំណាចកាលពី​ឆ្នាំ​២០០៦ ​ដោយសារ​រដ្ឋប្រហារ​ដែរ។ ​លោក​ថាក់ស៊ីន​​ត្រូវតុលាការ​កាត់ក្តី​អោយជាប់ ពន្ធនាគារ​២ឆ្នាំ ​​ពីបទពុករលួយ។ លោក​កំពុង​ភៀសខ្លួន​នៅក្រៅ​ប្រទេស។ ថ្ងៃពុធ​ស្អែកនេះ តុលាការ​នឹង​ចេញ​សាលក្រម​ក្តីក្តាំ ​ទាក់ទង​ប្អូនថ្លៃ​របស់​លោកថាក់ស៊ីន​​ គឺលោក​សុំឆៃ វង់សាវ៉ាត់។ លោក​វង់សាវ៉ាត់​ ​ធ្លាប់​ធ្វើជា​នាយករដ្ឋមន្ត្រីក្នុងរយៈពេលខ្លី ក្នុង​ឆ្នាំ​២០០៨។ លោក​អាច​ជាប់ពន្ធនាគារ​ទាក់ទង​នឹង​ការបង្ក្រាប​ហិង្សា​ទៅលើ​ចលនា​បាតុកម្មក្នុងស្រុក៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ