អានតួអត្ថបទ
បារាំង

ឆ្នាំ​២០១៧ បារាំង​ជាប់ចំណាត់ថ្នាក់​លេខ​១​ ​ជា​ប្រទេស​មា​ន​​អំណាច “Soft Power”​

ឆ្នាំ២០១៧​នេះ បារាំង​ជាប់ចំណាត់ថ្នាក់​លេខ​១ ថា​ជា​ប្រទេស​មាន​អំណាច​“Soft Power” ពោលគឺ​ប្រទេស​ដែល​មាន​ឥទ្ធិពល​លើ​វិស័យ​សំខាន់ៗ​​ក្នុង​ពិភពលោក​ តែ​មិនរាប់​បញ្ចូល​វិស័យ​យោធា​ទេ។ អាមេរិក​បាន​ធ្លាក់​លេខរៀង​ដល់​លំដាប់ទី៣​​​ ​​​អង់គ្លេសជាប់​លំដាប់​ប្រទេស“Soft Power” ទី២។

ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង និង​មេបញ្ជាការ​យោធា​បារាំង លោក​ហ្វីលីព ដឺ វីលល្យេ ក្នុង​ថ្ងៃ​បុណ្យជាតិ​បារាំង ១៤កក្កដា
ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង និង​មេបញ្ជាការ​យោធា​បារាំង លោក​ហ្វីលីព ដឺ វីលល្យេ ក្នុង​ថ្ងៃ​បុណ្យជាតិ​បារាំង ១៤កក្កដា REUTERS/Stephane Mahe
ផ្សាយពាណិជ្ជកម្ម

ការសិក្សា​ដាក់​ចំណាត់ថ្នាក់​ប្រទេស​“Soft Power” នេះ​ រៀបចំ​ឡើង​ដោយ​​​មជ្ឈមណ្ឌល​​ផ្នែក​ការទូត​នៃ​សកលវិទ្យាល័យ​កាលីហ្វញ៉ាភាគខាងត្បូង​ និង​ដោយ​ខទ្ទកាល័យ​​ផ្នែក​ប្រឹក្សា​ទំនាក់ទំនងទីក្រុង​​​ ​Portland នៅ​សហរដ្ឋអាមេរិក។ បារាំង​បានជាប់ចំណាត់ថ្នាក់​លេខ​១ ថា​ជាប្រទេស​មាន​អំណាច​“Soft Power” អង់គ្លេស​ជាប់ចំណាត់ថ្នាក់​លេខ២ សហរដ្ឋ​អាមេរិ​ក​ជាប់ចំណាត់ថ្នាក់​លេខ៣ អាល្លឺម៉ង់​លេខ៤ ហើយ​ចំណាត់ថ្នាក់​លេខ​៥បាន​ទៅលើ​ប្រទេស​កាណាដា។

ប្រទេស​ដែល​មាន​អំណាច​“Soft Power” ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​​ក្នុង​​​វិស័យ​សំខាន់ៗ​​ក្នុង​ឆាក​អន្តរជាតិ​ ដូចជាផ្នែក​​នយោបាយ សេដ្ឋកិច្ច វប្បធម៌ ​តែ​មិនរាប់​បញ្ចូល​វិស័យ​យោធា​ទេ។ ការសិក្សា​ដាក់ចំណាត់ថ្នាក់​នេះ ក៏​ផ្តោត​​ផងដែរ​ទៅលើ​​ទស្សនៈ​យល់ឃើញ​​​អន្តរជាតិ​ចំពោះ​ប្រទេសនោះ​​ ចំពោះ​ផ្នែកការទូត​ ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ​រឺ​ក៏​ការទទាក់ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ជាដើម។

បារាំង​ដែល​មាន​​ចំណាត់ថ្នាក់លេខ៥ ឆ្នាំ​២០១៦ បានឡើង​មកដល់​លេខ​១​នាំមុខគេ​វិញ​ សម្រាប់​ឆ្នាំ​២០១៧​នេះ។ ​ការជាប់ឆ្នោត​របស់​​​លោក​អេម៉ានុយអែល ម៉ាក្រុង ជាប្រធានាធិបតី​បារាំង​វ័យ​ក្មេង ​​៣៩ឆ្នាំ ជាអ្នកកណ្តាល​និយម ​ជាអ្នកគាំទ្រ​នយោបាយ​អឺរ៉ុប ​ធ្វើអោយ​បារាំង​មា​ន​ភាព​​ស្វាហាប់ ធ្វើអោយបារាំង​ជាប្រទេស​​“Soft Power” ​នាំមុខគេ​។ លោក​ម៉ាក្រុង​ជា​ប្រធានាធិបតី​វ័យក្មេង​បំផុត ក្នុង​ប្រវត្តិ​ប្រធានាធិបតី​បារាំង។ ប៉ុន្តែ មិនមែន​មានតែ​ចំណុច​ប្រធានាធិបតី​នេះ​តែ​មួយមុខ​ទេ។ បារាំង​ជាប់​ចំណាត់ថ្នាក់​​ជា​ប្រទេស​​“Soft Power” ក៏​ដោយសារ​បារាំង​មា​នប្រវត្តិ​ល្អ​ផ្នែក​បណ្តាញ​ការទូត​ដែរ។ ​លើសពី​នេះ​ទៀត បារាំង​ជា​ប្រទេស​ទេសចរ​ទី១​ក្នុងពិភពលោក។ ឆ្នាំ​២០១៦​កន្លងទៅ អ្នក​ទេសចរ​មក​ទស្សនា​នៅ​បារាំង​មាន​ចំនួន​រហូត​៨២លាន៥សែន​នាក់ បើទោះ​​​បារាំងជាប្រទេស​ដែល​​រងការគំរាម​កំហែង​ភេរវកម្ម​ក្តី។

​​សហរដ្ឋ​​អាមេរិ​កបាន​ធ្លាក់ពី​ចំណាត់ថ្នាក់ជា​ប្រទេស​មា​នឥទ្ធិពល​​លេខ១ មកដល់​លេខ៣​ ឆ្នាំ​២០១៧​នេះ ដោយសារ​ការឡើង​កាន់អំណាច​របស់​​លោក​ដូណាល់ ត្រាំ។ លោក​ត្រាំ ប្រកាន់ជំហរ​គិតផល​ប្រយោជន៍​ជាតិ​​​​អាមេរិក​​មុនគេ​ ម្ល៉ោះហើយ​​ទើបរុញ​​​​សហរដ្ឋ​អាមេរិ​កអោយ​​ធ្លាក់ចំណាត់​ថ្នាក់​បែបនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ