អានតួអត្ថបទ
ហុងកុង

ហុងកុង​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រមុខដឹកនាំ​ថ្មី

ការបោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ហុងកុង ថ្មី​បាន​ចាប់ផ្តើម​បើកធ្វើ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី ២៦ មីនានេះ។ ប្រមុខ​រដ្ឋាភិបាល​ថ្មី​របស់​ហុងកុង​នឹង​មិនចេញ​មកពី​ការបោះឆ្នោត​សកល​របស់​ប្រជាជន​នោះតេ ប៉ុន្តែ ដូច​ទម្លាប់មុនៗ ប្រមុខ​ដឹកនាំ​ហុងកុង នឹង​ត្រូវ​បោះឆ្នោត ជ្រើសរើស​ដោយ​គណៈកម្មាធិការ​មួយ ដែល​មាន​សមាជិក ១១៩៤ រូប។ នៅ​ថ្ងៃ​សៅរ៍ នៅ​មួយថ្ងៃ​មុន​គេរៀបចំ​ការបោះឆ្នោត ប្រជាជន​ហុងកុង ដើម្បី​ប្រជាធិបតេយ្យ​បាន​ដង្ហែរក្បួន​ធ្វើ​បាតុកម្ម​ប្រឆាំង​ទីក្រុង​ប៉េកាំង ដែល​ពួកគេ​ចោទថា បាន​លូកដៃ ក្នុង​កិច្ចការ​បោះឆ្នោត​ហុងកុង ដើម្បី​ប្រយោជន៍​ខ្លួន។

សកម្មជន​ដើម្បី​ប្រជាធិបតេយ្យ​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​សកល គឺ​ការជ្រើសរើស​ថ្នាក់ដឹកនាំ​ចេញ​ពីការបោះឆ្នោត​ផ្ទាល់​របស់​​ប្រជាជន​
សកម្មជន​ដើម្បី​ប្រជាធិបតេយ្យ​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​សកល គឺ​ការជ្រើសរើស​ថ្នាក់ដឹកនាំ​ចេញ​ពីការបោះឆ្នោត​ផ្ទាល់​របស់​​ប្រជាជន​ ©DALE DE LA REY / AFP
ផ្សាយពាណិជ្ជកម្ម

“ត្រូវ​ប្រឆាំង​ដាច់ខាត បេក្ខជន​ដែល​ជ្រើសតាំង​ដោយ​ទីក្រុង​ប៉េកាំង។ យើង​ត្រូវ​តែ​ជ្រើសរើស​ថ្នាក់ដឹកនាំ​របស់​យើង ដោយ​ខ្លួន​យើង​ផ្ទាល់” នេះ​ជាពាក្យ​ដែល​គេ​ឃើញ​សរសេរ​នៅ​លើ​បដា​របស់​បាតុករ​ហុងកុង ដែល​ដកស្រង់​ដោយ​អ្នកកាសែត​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។ នៅ​ថ្ងៃ​សៅរ៍ សកម្មជន និង​អ្នកគាំទ្រ​រាប់រយ​នាក់ បាន​ចុះ​ថ្នល់​ធ្វើបាតុកម្ម ជាមួយ​នឹង​ឆ័ត្រ​ពណ៌​លឿង ដែល​ជា​និមិត្តរូប​នៃ​ចលនា​ទាមទារ​ប្រជាធិបតេយ្យ​នៅ​ហុងកុង។

 
បាតុកម្ម​ធ្វើឡើង​នៅ​មួយ​ថ្ងៃ​មុន​ដែល​ការិយាល័យ​បោះឆ្នោត​បើកទ្វារ​នៅ​ទីក្រុង​ហុងកុង។ ដោយសារ​បាតុករ​មាន​គម្រោង​បន្ត​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​បោះឆ្នោត អាជ្ញាធរ​គ្រោង​នឹង​ពង្រាយ​ប៉ូលិស​ហុងកុង ចំនួន ១៨០០​នាក់​ដើម្បី​ធានា​សន្តិសុខ​នៅ​ហុងកុង។ ចំនួន​ប៉ូលិស​នៅ​តាម​ដងផ្លូវ នឹង​មាន​ច្រើន​ជាង​អ្នកទៅ​បោះឆ្នោត។ នៅ​ ហុងកុង មាន​ប្រជាជន​សរុប​ជាង ៧លាន​នាក់ ប៉ុន្តែ មាន​មនុស្ស​ប្រមាណ​តែ​ជិត ១២០០​នាក់​តែ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រមុខ​រដ្ឋាភិបាល​ហុងកុង​ថ្មី។ អ្នកទៅ​បោះឆ្នោត ទាំង​នោះ គឺ​ ជា​សមាជិក​របស់​គណៈកម្មាធិការ​បោះឆ្នោត ដែល​ពីរ ភាគបី មាន​និន្នាការ​គាំទ្រ​ក្រុង​ប៉េកាំង។
 

លោក​John Tsang (ឆ្វេង.),លោកស្រី Carrrie Lam និង​ចៅក្រម​ចូល​និវត្តន៍​លោក​ Woo Kwo-hing បេក្ខជន​សម្រាប់​ការបោះឆ្នោត​ថ្ងៃទី ២៦ មីនា ២០១៧
លោក​John Tsang (ឆ្វេង.),លោកស្រី Carrrie Lam និង​ចៅក្រម​ចូល​និវត្តន៍​លោក​ Woo Kwo-hing បេក្ខជន​សម្រាប់​ការបោះឆ្នោត​ថ្ងៃទី ២៦ មីនា ២០១៧ REUTERS/Bobby Yip

បេក្ខជន​បីរូប​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ហុងកុង។ ប៉ុន្តែ មាន​តែពីរូប ដែល​លេចធ្លោ​ជាងគេ។ ទី ១​គឺ​លោកស្រី Lam Carrie អតីត​ប្រធាន​លេខា ឬ​មនុស្ស​សំខាន់​ទី ២ របស់​រដ្ឋាភិបាល ចាស់។ លោកស្រី​Lam​ត្រូវ​បាន​ប្រជាជន​ហុងកុង​ច្រើន​មិនពេញចិត្ត ដោយសារ​តែ​ជំហរ​ ចេញមុខ របស់​លោកស្រី គាំទ្រ​នយោបាយ​ក្រុង​ប៉េកាំង។ គេ​ជឿថា លោកស្រី​Lam នឹងអាច​ឈ្នះឆ្នោត​លើកនេះ ព្រោះ​រដ្ឋអំណាច​ចិន​បាន​ដាក់​សម្ពាធ​លើ​សមាជិក​ជាច្រើន​របស់​គណៈកម្មាធិការ ឲ្យ​បោះឆ្នោត​គាំទ្រ​លោកស្រី។

ចំណែក​បេក្ខជន​ទី ២ គឺ​លោក​Jonh Tsang ដែល​មិន​សូវ​ទោរទន់​ខ្លាំង​ទៅរក​ចិនដីគោក និង​ដែល​បាន​ទទួល​សំឡេង​គាំទ្រ​ច្រើន​ពី​ប្រជាជន​ហុងកុង និង​ពី​ក្រុម​ដើម្បី​ប្រជាធិបតេយ្យ។ ក្រុមនេះ បាន​ប្រកាស​រួចហើយថា នឹង​រក្សា​សំឡេង​ជាង ៣០០​របស់ខ្លួន នៅក្នុង​គណៈកម្មាធិការ​បោះឆ្នោត សម្រាប់​លោក​ Jonh Tsang​តែម្នាក់ឯង។ សូមបញ្ជាក់ថា ដើម្បី​អាច​ជាប់ឆ្នោត ដឹកនាំ​ក្រុង​ហុងកុង គេត្រូវការ​សំឡេងគាំទ្រ​យ៉ាងតិច​បំផុត ចំនួន ៦០១​សំឡេង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ