អានតួអត្ថបទ

បើ​មាន​ជម្លោះ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង ​ចិន និង​ អាមេរិក ខាត​ខ្លាំង​ដូចគ្នា​

នា​ឱកាស​កំពុង​បំពេញ​ទស្សនកិច្ច​ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី និង​មាន​ជំនួប​ជាមួយ​សមភាគី លោក​​រដ្ឋមន្ត្រីការ​បរទេស​ចិន វង់ យី Wang Yi បាន​ប្រកាស​ថា ចិន​និង​អាមេរិក ដែល​ជា​មហា​អំណាច​ពិភពលោក​ នឹង​ត្រូវ​ខាត​បង់​ច្រើន​ខ្លាំង​ដូច​គ្នា ប្រសិន​បើ​ពីរនាក់​នេះ មាន​ជម្លោះ​នឹងគ្នា។ សេចក្តី​ថ្លែង​នេះ ធ្វើ​ឡើង​ក្នុង​ខណៈ​ដែល​វ៉ាស៊ីនតោន​ កំពុង​ដំឡើង​ពាក្យ​ព្រមាន​​ជុំ​វិញ​ជម្លោះ​នៅ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង។

លោកស្រី​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី Julie Bishop និង​សមភាគី​ចិន លោក Wang Yi នៅ​ទីក្រុង​កង់បេរ៉ា
លោកស្រី​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី Julie Bishop និង​សមភាគី​ចិន លោក Wang Yi នៅ​ទីក្រុង​កង់បេរ៉ា © Reuters
ផ្សាយពាណិជ្ជកម្ម

“​គ្រប់​ឥស្សរជន​នយោបាយ​ដែល​ហ្មត់ចត់ ​សុទ្ធ​តែ​ដឹង​យ៉ាង​ច្បាស់​អំពី​ផលវិបាក​នៃ​ជម្លោះ​ជា​យថាហេតុ​ណា​មួយ​រវាង​ចិន​និ​ងអាមេរិក” ! នេះ​ការគូស​បញ្ជាក់​របស់​លោក វង់ យី ប្រមុខ​ការ​ទូត​ចិន ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អូស្តា្រលី។ លោក​បាន​សង្កត់​ធ្ងន់​បន្ថែម​ទៀត​ថា ប្រទេស​ទាំង​ពីរ (ចិននិង​អាមេរិក) នឹង​ខាត​បង់​ និង​មិន​អាច​បណ្តោយ​ខ្លួន​មាន​ជម្លោះ​នឹង​គ្នា​បាន​ទេ។ ចិន​និង​អាមេរិក​ បាន​លះបង់​និង​ឆ្លង​កាត់​ឧសបគ្គ ព្រម​ទាំង​​ការ​លំបាក​ច្រើនណាស់ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយនេះ។

ប៉េកាំង​បាន​បង្ហើរ​សំដី​បែប​នេះ ក៏​ព្រោះ​តែ​រដ្ឋបាល​លោក ដូណាល់ ត្រាំ គ្រាន់​តែ​បាន​ឡើង​ចូល​កាន់​តំណែង​ភ្លាម​ បាន​បង្ហោះ​សារ​ព្រមាន​ចិន ក្នុង​វិបត្តិ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង ដោយ​អះអាង​ថា​អាមេរិក​នឹង​ការពារ​ប្រយោជន៍​អន្តរជាតិ។ ប្រមុខ​ការ​ទូត​អាមេរិក​ថ្មី​បាន​គំរាម​ បិទ​ខ្ទប់​ផ្លូវ​មិនឱ្យ​ចិន​អាច​ទៅ​ដល់​កោះ​ជាប់​ជម្លោះ។ ចំណែក​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ បាន​បញ្ជាក់​ថា​ប្រជុំ​កោះ​សេនកាគុ នៅ​សមុទ្ទ​ចិន​ខាងកើត ដែល​គ្រប់គ្រង​ដោយ​ជប៉ុន និង​ទាមទារ​ដោយ​ប៉េកាំង ស្ថិត​នៅ​ក្នុង​ការការពារ​របស់​សម្ព័ន្ធយោធា​អាមេរិក​ជប៉ុន។

ក្រោយ​​ជំនួប​ជាមួយ​សមភាគី​ចិន ប្រមុខ​ការ​ទូត​អូស្ត្រាលី បាន​អំពាវនាវ​ឱ្យ​ប៉េកាំង​ដើរ​តួនាទី​ជា​អ្នក​ទទួល​ខុស​ត្រូវ​ និង​គោរព​សណ្តាប់ធ្នាប់ ក្នុង​សមុទ្ទចិន​ខា​ងត្បូង ​តាម​គោលការណ៍​គ្រឹះ​នៃ​ច្បាប់​អន្តរជាតិ។

សូម​រំលឹក​ថា ចិន​ ដែល​ជាប់​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​ ដូច​ជា​ហ្វីលីពីន វៀតណាម ព្រុយណេ ម៉ាឡេស៊ី​ ដណ្តើម​គ្រប់គ្រង​​សមុទ្ទ​ចិន​ខាង​ត្បូង​មួយ​ភាគ​ធំ។ ហើយ​ដើម្បី​បញ្ជាក់​អំពី​បូរណភាព​នេះ ចិន​​បាន​​ពង្រីក​ប្រជុំ​កោះ​ សាងសង់កំពង់​ផែ និង​ចំណត​យន្តហោះ។ ចិន​ក៏​ទំនង​ជា​បាន​បន្ត​សាង​សង់​នៅ​លើ​កោះ​តូចៗ ជាប់​កៀក​ព្រំដែន​ហ្វីលីពីន​ទៀត នេះ​បើ​តាម​ការ​ព្រលយ​របស់​ក្រុង​ម៉ានីល កាលពី​ថ្ងៃអង្គារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ