អានតួអត្ថបទ

អប់រំ ៖ សិស្សនៅ​​អាស៊ី​ពូកែខ្លាំង ដោយ​មាន​សិង្ហបុរី​ជាប់​លេខ​មួយ​

កាលពី​ឆ្នាំ​២០០០ នៅ​ពេល​អង្គការកិច្ចសហប្រតិបត្តិការ​ និង​អភិវឌ្ឍន៍សេដ្ឋកិច្ច (​OCDE) បាន​បើក​កម្មវិធី​អន្តរជាតិ តាមដាន​ចំណេះ​ដឹង​សិស្ស​ភ្លាម ​ចំណាត់​ថ្នាក់​លេខ​មួយ ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យប្រទេស​ហ្វាំងឡង់ ! ប៉ុន្តែ​នៅ​លើក​នេះ បើ​តាម​របាយការណ៍​របស់​អង្គការ​ចេញ​ផ្សាយ​នៅ​ថ្ងៃអង្គារ​ទី ៦​ធ្នូ គឺ​ប្រទេស​សិង្ហបុរី និង​ក្រុម​ប្រទេស​នៅ​អាស៊ី ជា​អ្នក​នាំ​មុខ​គេ​ម្តង។ ហើយ​មិន​តែ​ប៉ុណ្ណោះ អង្គការ OCDE បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង អំពី​ភាព​ទ្រឹង​នៃ​កំរិត​ចំណេះ​ដឹង​ផ្នែក​​​វិទ្យាសាស្ត្ររបស់​សិស្ស​ ជាទូទៅ​ នៅទូទាំង​ពិភពលោក ។

កូន​សិស្សបារាំង​មាន​ចំណាត់​ថ្នាក់​មធ្យម សិស្ស​អាស៊ី ជាពិសេស​សិង្ហបុរី​ជាប់​លេខ​មួយ ផ្នែក​ចំណេះ​ដឹង​វិទ្យាសាស្ត្រ​
កូន​សិស្សបារាំង​មាន​ចំណាត់​ថ្នាក់​មធ្យម សិស្ស​អាស៊ី ជាពិសេស​សិង្ហបុរី​ជាប់​លេខ​មួយ ផ្នែក​ចំណេះ​ដឹង​វិទ្យាសាស្ត្រ​ Getty Images
ផ្សាយពាណិជ្ជកម្ម

គ្រប់គ្នា​​គួរ​តែ​ធ្វើ​ដំណើរ​ទៅ​​សិង្ហបុរី​ ដើម្បី​មើល​អំពី​វិធីសាស្ត្រ​បង្រៀន​សិស្ស​ ឱ្យ​ពូកែ ​និង​មាន​ចំណេះ​ដឹង​ខ្ពស់​ជាង​គេ​ នៅ​លើ​ពិភពលោក ! នេះ​ជា​សេចក្តី​សង្ខេប​របស់​លោកស្រី​អគ្គនាយក​អង្គការ​កិច្ចសហប្រតិបត្តិការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ OCDE ​ដែល​មាន​ទីស្នាក់ការ នៅ​ទីក្រុង​ប៉ារីស ។

នៅ​សិង្ហបុរី គ្រូបង្រៀន​ត្រូវ​ឆ្លងកាត់​ការ​វាយតម្លៃ ជា​ទៀតទាត់ ព្រមទាំង​បាន​ទទួល​ការ​បំពាក់បំប៉ន តរហូត​​ឥត​ដាច់ និង​បាន​ឆ្លងកាត់​ការ​បណ្តុះ​បណ្តាលដំបូង​ ​​យ៉ាង​ស៊ីជម្រៅ​ និង​ជឿនលឿន​បំផុត។ ក្នុង​សាលា​អន់ៗ​ ក៏​មាន​គ្រូល្អៗ​ ហើយ​គ្រូៗ​ទាំង​អស់​នោះ​សុទ្ធ​តែ​មាន​ប្រាក់​ខែ​ខ្ពស់ ជាង​មុខ​របរ​ផ្សេងទៀត​ផង។ នេះ​ជា​ការ​ពន្យល់​បន្ថែម​របស់​អ្នកឯកទេស​អប់​រំ​នៃ​អង្គការ​OCDE។

 

សូម​បញ្ជាក់​ថា តាំង​ពី​ឆ្នាំ​២០០០​មក និង​ជា​រៀង​រាល់​បី​ឆ្នាំ អង្គការ​តែង​​ធ្វើការ​សិក្សា​វាយតម្លៃ​ចំណេះ​ដឹង និង​សមត្ថភាព​​សិស្ស​អាយុ​១៥​ឆ្នាំ លើ​ផ្នែក​វិទ្យាសាស្ត្រ គណិតវិទ្យា និង​ការ​អាន។

ការអង្កេត​នេះ បាន​ទទួល​ចំណាប់​អារម្មណ៍​ពី​អ្នក​ដឹកនាំ​នយោបាយ​ទូទាំង​ពិភពលោក។ នៅ​ក្នុង​ការអង្កេត​ឆ្នាំ​២០១៥​ ដែល​ផ្តោត​លើ​ចំណេះ​ដឹង​ផ្នែក​វិទ្យាសាស្ត្រ សិង្ហបុរី បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ ដោយ​មាន​សិស្ស​ដល់​ទៅ​២៤% មាន​ចំណេះ​ដឹង​គ្រប់គ្រាន់ និង​មាន​សមត្ថភាព​ផ្នែក​វិទ្យាសាស្ត្រ​​សម្រាប់​យកទៅ​អនុវត្ត​ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត និង​ដោយ​ឯករាជ្យ​ ក្នុង​គ្រប់​ស្ថានភាព​ជាក់ស្តែង​ ទោះ​បី​ក្នុងស្ថានភាព​ណា​ក៏​ដោយ (ទល់​នឹង​ប្រមាណ​៨%នៅ​ក្នុង​​​ប្រទេស​ជា​សមាជិក​OCDE)។

 

ប្រទេស​ជប៉ុន​ស្ថិត​នៅ​លំដាប់​ទីពីរ ​​បន្ទាប់​មក​គឺ​អេស្តូនី តៃប៉ិ ហ្វាំងឡង់ ម៉ាកាវ កាណាដា វៀតណាម ហុងកុង​ ប៉េកាំង សៀងហៃ​ ហ្វ័ងទុង។ ប្រទេស​បារាំង​​ទទួល​បាន​ចំណាត់​ថ្នាក់​មធ្យម ដោយ​ស្ថិត​នៅ​លំដាប់ទី ២៧ ទន្ទឹម​អូទ្រីស អាមេរិក និង​ស៊ុយអែត តែ​ក្រោយអង់គ្លេស​ អាល្លឺម៉ង់ និងបែលហ្ស៊ិក។

 

ប៉ុន្តែ​អង្គការ​​ខក​ចិត្ត​យ៉ាង​ខ្លាំង នៅ​ចំពោះមុខ​សមត្ថភាព​របស់​សិស្ស​ជា​ទូទៅ លើ​ផ្នែក​វិទ្យាសាស្ត្រ​ ថា​មាន​ការ​កើន​ឡើង​សោះ បើ​ប្រៀប​ទៅ​នឹង​ភាព​ជឿនលឿន បច្ចេកវិទ្យា​ទំនើប សម័យ​អ៊ីនធ័រនែត សម័យ​smartphone នាពេល​បច្ចុប្បន្ន។ អង្គការ​ចង់​ឃើញ​​ពិភពលោក​​បណ្តុះ​ចំណេះ​ដឹង​វិទ្យាសាស្ត្រ​ ដែល​ចាំបាច់​ សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​ ដូច​ទទួល​ទាន​ត្រឹម​ត្រូវ ចេះ​គោរព​​បរិស្ថាន​ ចេះចោល​សម្រាម ស្គាល់​ពី​ផលវិបាក​នៃ​ការ​ឡើង​កំដៅ​អាកាសធាតុ … បើ​តាម​លទ្ធផល​​ការ​អង្កេត​ មាន​សិស្ស​ប្រមាណ​៣៤%​ ខ្វះ​ចំណេះ​ដឹងផ្នែក​វិទ្យាសាស្ត្រ។ ​២០% នៅ​ក្នុងក្រុម​​ប្រទេស​OCDE​ គ្មាន​ចំណេះ​ដឹង​វិទ្យាសាស្ត្រ​គ្រប់គ្រាន់ ដូច​ដែល​អង្គការ​ចង់​បាន​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ