អានតួអត្ថបទ
ថៃ

ថៃ៖​របបសឹក​ប្រកាស​ជួយ​គាំទ្រ​ប្រជាកសិករ​ដែល​រងគ្រោះ​ដោយ​តម្លៃ​អង្ករ​ធ្លាក់​ថ្លៃ

នៅ​ក្នុង​ប្រទេស​ថៃ របបសឹក​បាន​ប្រកាស​ចូល​អន្តរាគមន៍​ជួយ​ប្រជាកសិករ​ដែល​កំពុង​រងគ្រោះ​ដោយ​ការ​ធ្លាក់​ចុះ​តម្លៃ​អង្ករ​នៅ​លើ​ទីផ្សារអន្តរជាតិ។ នយោបាយ​ឧបត្ថម្ភធន​ដល់​ប្រជាកសិករ​ដោយ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី​ចាន់អូចា​ពេល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​នយោបាយ​អនុវត្តន៍​ដោយ​រដ្ឋាភិបាល​របស់​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​យីងឡាក់។ តែ​អ្វី​ជា​ការ​កត់សម្គាល់ នយោបាយ​របស់​លោកស្រី​យីងឡាក់​បែរ​ជា​បាន​ធ្វើ​ឲ្យ​លោកស្រី​ទទួល​រង​ការ​រិះគន់​ទៅ​វិញ។

លោក​នាយករដ្ឋមន្រ្តី​ថៃ​ចាន់អូចា
លោក​នាយករដ្ឋមន្រ្តី​ថៃ​ចាន់អូចា REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​ដែល​លោក​នាយករដ្ឋមន្រ្តី​ប្រាយុទ្ធ ចាន់អូចា​បាន​ប្រកាស​ឲ្យ​ដឹង​នូវ​នយោបាយ​ឧបត្ថម្ភធន​ដល់​ប្រជាកសិករ​ដែល​កំពុង​រងគ្រោះ​ដោយ​តម្លៃ​អង្ករ​ចុះ​ថ្លៃ​ខ្លាំង​នៅ​លើ​ទីផ្សារ​អន្តរជាតិ។ នៅ​ក្នុង​នយោបាយ​ឧបត្ថម្ភធន​នោះ រដ្ឋាភិបាល​បាន​គ្រោង​កញ្ចប់​ថវិកា​ជាង ៥០០លានដុល្លារ​សម្រាប់​ឲ្យ​ប្រជាកិសករ​ខ្ចី​ក្នុង​រយៈពេល​ខ្លី​ដើម្បី​ស្តុក​អង្ករ​របស់​ខ្លួន​មួយ​រយៈ​ដោយ​រងចាំ​តម្លៃ​អង្ករ​ឡើង​ថ្លៃ​ឡើង​វិញ។ ជា​សរុប មាន​ប្រជាកសិករ​ប្រមាណ ២លាននាក់​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​ផែនការ​ជំនួយ​នេះ។ លោក​ចាន់អូចា​បាន​ថ្លែង​ដោយ​សង្ឃឹម​ថា ប្រជាកសិករ​ពិត​ជា​ពេញចិត្ត​នឹង​នយោបាយ​ឧបត្ថម្ភធន​នេះ នោះ​បើ​ទោះបី​រដ្ឋាភិបាល​មិន​អាច​ឆ្លើយ​តប​តាម​សំណូមពរ​របស់​ពួក​គេ​បាន ១០០% ក៏​ដោយ។

អ្វី​ជា​ការ​កត់សម្គាល់ នយោបាយ​ឧបត្ថម្ភធន​ដល់​ប្រជាកសិករ​ប្រកាស​ដោយ​របបសឹក​ពេល​នេះ​មិន​ខុស​គ្នា​នឹង​នយោបាយ​អនុវត្តន៍​ដោយ​រដ្ឋាភិបាល​របស់​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​យីងឡាក់​ទេ។ តែ​បញ្ហា​នៅ​ត្រង់​ថា នយោបាយ​របស់​លោកស្រី​យីងឡាក់​បែរ​ជា​បាន​ទទួល​រង​ការ​រិះគន់​ពី​របបសឹក​ដដែល​នេះ ហើយ​ដែល​លោកស្រី​កំពុង​ជាប់​ក្តីក្តាំ​នៅ​ឯ​តុលាការ​មក​ដល់​សព្វថ្ងៃ​ពី​បទ​ធ្វេសប្រហែស​ក្នុង​ការ​អនុវត្ត​នយោបាយ​ឧបត្ថម្ភធន​ដល់​ប្រជាកសិករ និង​ដែល​អាច​ទទួល​ទោស​ដេក​ក្នុង​គុក​ដល់​ទៅ ១០ឆ្នាំ​ផង។ គួរ​រម្លឹក​ជូន​ថា បន្ទាប់​ពី​រងគ្រោះ​ដោយ​រដ្ឋប្រហារ​យោធា​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៤ មក លោកស្រី​យីងឡាក់​ត្រូវ​បាន​របបសឹក​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ។

ពិត​ណាស់ ថៃ​ជា​ប្រទេស​នាំ​អង្ករ​ចេញ​ទី១ ក្នុង​លោក និង​ដែល​អង្ករ​ជា​សក្តានុពល​សេដ្ឋកិច្ច​ធំធេង​របស់​ប្រទេសជាតិ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា អង្ករ​ក៏​មាន​បង្កប់​ដោយ​ន័យ​នយោបាយ​ផ្ទៃក្នុង​យ៉ាង​ស៊ីជម្រៅ​ដែរ។ ការ​ហ៊ាន​និយាយ​យ៉ាង​ដូច​នេះ ព្រោះ​ជា​ទូទៅ និង​ជា​លក្ខណៈ​ប្រពៃណី ប្រជាកសិករ និង​ប្រជារាស្រ្ត​ថៃ​រស់នៅ​តាម​ជនបទ​បាន​គាំទ្រ​គ្រួសារ​ត្រកូល​ថាក់ស៊ីន​ដែល​ជា​អ្នកប្រឆាំង​នឹង​របបសឹក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ