អានតួអត្ថបទ
ជប៉ុន-គុយបា

ទស្សនកិច្ច​​​លោក​អាបេ​​​​​​​​នៅ​​​គុយបា​​​​ ​​​បើក​ទំព័រថ្មី​​​​​​រវាង​​​​តូក្យូ​​​និង​​​ឡាហាវាន​​

លោក​ Shinzo Abe ​ជា​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ទី​មួយ​ដែល​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនៈកិច្ច​​ផ្លូវការ​ពីរ​ថ្ងៃ​​នៅ​គុយបា​​ដោយ​​គិត​ចាប់​ពី​ថ្ងៃ​ព្រសហ្បតិ៍​ម្សិលមិញ​ទៅ​ដើម្បី​ចាប់​បើក​​ទំព័រ​ថ្មី​មួយ​នៅ​លើ​​ទំនាក់​ទំនង​រវាង​ទីក្រុង​តូក្យូ​និង​ទីក្រុង​ឡាហាវាន។ នៅ​ពេល​អញ្ជើញ​ទៅ​ដល់​គុយបា​ភ្លាម នាយក​រដ្ឋមន្ត្រី​ជប៉ុន ត្រូវ​បាន​ទទួល​ស្វាគមន៍​ពី​សំណាក់​លោក​ប្រធានាធិបតី​​គុយបា Raul castro និង​បន្ទាប់មក​​បង​ប្រុស​របស់​គាត់​គឺ​​លោក Fidel Castro ។ 

នាយករដ្ឋមន្ត្រីជប៉ុន​ shinzo abe
នាយករដ្ឋមន្ត្រីជប៉ុន​ shinzo abe REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ជប៉ុន​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​របស់​សហរដ្ឋអាមេរិក ជា​យូរពេល​​មក​ហើយ​ នៅ​​តែ​រក្សា​ទំនាក់​ទំនង​ការទូត​យ៉ាង​ស្តួច​ស្តើង​ជា​មួយ​ប្រទេស​គុយបា។ ក៏ប៉ុន្តែ​ក្រោយពី​អាមេរិក មាន​ទំនាក់​ទំនង​​ការ​ទូត​ជាមួយ​គុយបា​តាំង​ពី​ចុង​ឆ្នាំ​២០១៤​មក ជប៉ុន​បាន​ឆ្លៀត​​ឧកាស​ដ៏​កម្រ​នេះ​ដើម្បី​មក​បំពេញ​​ទស្សនកិច្ច​ថ្មី​មួយ​នៅ​ទីក្រុង​ឡាហាវាន។

យោងតាម​កាសែត​ផ្លូវការ​គុយបា ឈ្មោះ Granma ដែល​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ លោក ​Shinzo Abe ​នៅ​ក្នុង​កិច្ចសន្ទនា​មួយ បាន​ថ្លែង​ប្រាប់​ថា “​លោក​សង្ឃឹម​ដោយ​ស្មោះ​សរ​​ថា ទស្សនៈកិច្ច​របស់​លោក​នៅ​​គុយបា​នេះ នឹង​ប្រែ​ក្លាយ​ទៅ​ជាឱកាស​ល្អ​មួយ​សម្រាប់​ជប៉ុន​ដើម្បី​​អាច​ចាប់​បើក​​ទំព័រ​ថ្មី​មួយ​​នៅ​ក្នុង​ទំនាក់​ទំនង​​មិត្តភាព​រវាង​ជប៉ុន​និង​គុយបា។

ម្យ៉ាងទៀត នៅ​​ទីក្រុង​ឡាហាវាន នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​ជួប​សន្ទានា​ជា​បន្ត​បន្ទាប់គ្នា​​ដំបូង​ជាមួយ​ប្រធានាធិបតី​គុយបា លោក​Raul Castro ​និង​បន្ទាប់​មក​ជាមួយ លោក​ Fidel Castro ​ ដែល​ជា​បីតា​នៃ​បដិវត្តន៍​គុយបា និងដែល​​បាន​ដក​ខ្លួន​​ពី​ការ​គ្រប់គ្រង​រដ្ឋ​អំណាច​តាំង​ពីឆ្នាំ​២០០៦​មក​ម៉្លេះ។

នា​ពេល​ជួប​ប្រាស្រ័យ​​ជាមួយ​អតីត​ប្រធានាធិបតី​គុយបា​ដែល​ឥឡូវនេះ​មាន​ចំណាស់​​៩០​ឆ្នាំ​ហើយ​នោះ នាយករដ្ឋមន្ត្រី​ជប៉ុន បាន​រំលឹក​ឡើង​ជាអាទិ៍ អំពី​គ្រោះថ្នាក់​នានា​ដែល​កំពុង​តែ​គំរាមកំហែង​ពិភពលោក​និង​ភាពចំាបាច់​នានា​​នៅ​ក្នុង​ការ​ពង្រឹង​និងការ​​​ប្រឹងប្រែង​ដើម្បី​កំទេច​បំផ្លាញ​សពា្វវុធ​នុយក្លេអ៊ែរ​ដែល​បច្ចុប្បន្ន​តំណាង​ដោយ​ទីក្រុង​ព្យុងយ៉ាង។ កិច្ចសន្ទនា​រវាង​លោក Shinzo Abe​ និង​លោក​ Fidel Castro នេះ ត្រូវ​បាន​ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​គុយបា ជូន​ដំណឹង​នៅ​ពេល​ល្ងាច​ម្សិលមិញ​ដែរ។

ជប៉ុន​ដែល​ជា​ប្រទេស​អ្នក​គាំទ្រ​ចំពោះ មធ្យោបាយ​ថ្មីៗដើម្បី​បិទ​បញ្ចប់​ការ​គំរាម​ដែល​កាន់​តែ​មានលក្ខណៈ​ធ្ងន់ធ្ងរឡើងៗ​​និង​ជាក់ស្តែង ​ពី​សំណាក់​ប្រទេស​​កូរ៉េ​ខាង​ជើង។ កូរ៉េ​ខាង​ជើង​​ដែល​​បាន​បាញ់​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​និង​គា្រប់​ម៊ីស៊ីល​អន្តរទ្វីប​ជា​ច្រើន​លើកនិង​ដែល​ធ្វើ​​ឲ្យ​ទីក្រុង​តូក្យូ​មាន​ការ​ខ្វល់ខ្វាយ​ជា​ពន់ពេក​ចំពោះ​សន្តិសុខប្រទេស​ជាតិ​ខ្លួន។ លើសពីនេះ លោក​  Abe បាន​ជូន​ដំណឹង​ដែរ​ថា ​លោក​នឹង​លើក​និយាយ​ពី​បញ្ហា​នេះ​ជាមួយ​រដ្ឋាភិបាល​គុយបា ​គុយបា​ដែល​ជា​ប្រទេស​មួយ​នៅ​តែ​ថែ​រក្សា​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយកូរ៉េ​ខាង​ជើង។

ទន្ទឹមនេះ លោក  Abe បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា “​ជា​មួយ ​គុយបា លោក​មានបំណង​ដឹកនាំ​នូវ​កិច្ចចរចា​បើក​ចំហរ​មួយ ​ជាអាទិ៍​ក្នុង​គោលដៅ​ដើម្បី​លើកស្ទួយ​​​នៅ​លើវិស័យ​ពាណិជ្ជកម្ម វិនិយោគទុន និង​សហប្រតិបត្តិការ​រវាង​ជប៉ុន​និង​គុយបា​ ពីព្រោះ​ការ​ប្តោះប្តូរ​ពាណិជ្ចកម្ម​រវាង​ប្រទេស​ទាំង​ពីរ បាន​​ធ្លាក់​ចុះនៅ​​ក្នុងរយៈ​ពេល​ដ៏​យូរលង់មក​ហើ​​យ៕​ 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ