អានតួអត្ថបទ
ចិន

អវកាស៖​ឆ្នាំ ២០២២ ចិន​អាច​បញ្ជូន​អវកាសយានិក ៦នាក់​ទៅ​ស្នាក់នៅ​ក្នុង​យានអវកាស

នៅ​ក្នុង​ប្រទេស​ចិន មហិច្ឆតា​របស់​រដ្ឋាភិបាល​មិន​មែន​កំណត់​ត្រឹម​វិស័យ​សេដ្ឋកិច្ច និង​យោធា​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​នៅ​ក្នុង​វិស័យ​អវកាស​ផង​ដែរ។ បន្ទាប់​ពី​បាន​បាញ់​បញ្ជូន​បន្ទប់ពិសោធន៍​អវកាស​ប្រកប​ដោយ​ជោគជ័យ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ កញ្ញា​មក យានអវកាស​ដែល​ចិន​គ្រោង​នឹង​បាញ់បញ្ជូន​ទៅ​ដាក់​ក្នុង​តារាវិថី​ក្នុង​ឆ្នាំ ២០២២ គឺ​ជា​យានអវកាស​ដែល​អាច​ផ្ទុក​អវកាសយានិក​បាន​ដល់​ទៅ ៦នាក់ និង​ដែល​អាច​ស្ថិត​ក្នុង​តារាវិថី​បាន​យ៉ាង​តិច ១០ឆ្នាំ។

ចិន​ទើប​បាន​បាញ់​បញ្ជូន​យានអវកាសផ្ទុក​បន្ទប់​ពិសោធន៍​ទី២ ទៅ​ដាក់​នៅ​គន្លង​តារាវិថី ថ្ងៃទី១៥ កញ្ញា ២០១៦
ចិន​ទើប​បាន​បាញ់​បញ្ជូន​យានអវកាសផ្ទុក​បន្ទប់​ពិសោធន៍​ទី២ ទៅ​ដាក់​នៅ​គន្លង​តារាវិថី ថ្ងៃទី១៥ កញ្ញា ២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

តើ​អ្វី​ទៅ​ជា​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​មហិច្ឆតា​អវកាស​របស់​ចិន?។ នេះ​ជា​សំណួរ​ដែល​នៅ​មិន​ទាន់​មាន​ចម្លើយ​ជាក់​ច្បាស់​នៅ​ឡើយ​ទេ។ អ្វី​ដែល​គេ​ដឹង វិស័យ​អវកាស​របស់​ចិន​បាន និង​កំពុង​បន្ត​បោះ​ជំហាន​ទៅ​មុខ​គួរ​ឲ្យ​កតសម្គាល់។ កំណត់​សម្គាល់​មួយ​ទៀត ចិន​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​អវកាស​តែ​ម្នាក់​ឯង​ដោយ​គ្មាន​សហការណ៍​ជាមួយ​ប្រទេស​ណា​ទេ។ បន្ទាប់​ពី​បាន​ផ្តើម​សាងសង់​ស្ថានីយ៍​អវកាស ចិន​កំពុង​សាងសង់​យានអវកាស​ដែល​អាច​អនុញ្ញាត​ឲ្យ​មនុស្ស​ស្នាក់នៅ​បាន។ តាម​ផែនការ បន្ទប់ Module ទី១ នឹង​ចាប់​ផ្តើម​ផ្គុំ​ឡើង​នៅ​រង្វង់​ឆ្នាំ ២០១៨ ហើយ​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០២២។ មួយ​វិញ​ទៀត យានអវកាស​ស្នាក់នៅ​អាច​នឹង​នាំ​អវកាសយានិក​ដល់​ទៅ ៦នាក់​ដោយ​ចែក​ចេញ​ជា​ពីរ​ក្រុម និង​ដែល​អាច​បំពេញ​បេសកកម្ម​ស្រាវជ្រាវ​របស់​ខ្លួន​បាន​រយៈពេល​ជាង ១ឆ្នាំ។

លោក​ហ្ស៊ូ ជាំងពីង ប្រធាន​វិស្វករ​ផ្នែក​កម្មវិធី​យានអវកាស​ស្នាក់នៅ​បាន​បញ្ជាក់​នៅ​ក្នុង​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួរ​ថា ស្ថានីយ៍​អវកាស​របស់​ចិន​មាន​ទម្ងន់​ត្រឹម​តែ ៦០តោន​ប៉ុណ្ណោះ ពោល​តិច​ជាង​ស្ថានីយ៍​អវកាស​អន្តរជាតិ ISS ដែល​មាន​ទម្ងន់​ដល់​ទៅ ៤៥០តោន។ មួយ​វិញ​ទៀត ស្ថានីយ៍​អវកាស​របស់​ចិន​ត្រូវ​បាន​សាងសង់​ដោយ​ចែក​ចេញ​ជា ៣ប្រលោះ គឺ ២ប្រលោះ​សម្រាប់​ការ​ចុះ​ចត​របស់​យានអវកាស​ស្នាក់នៅបាន និង ១ប្រលោះ​សម្រាប់​ការ​ចុះ​ចត​របស់​យានអវកាស​មិន​អាច​ស្នាក់នៅ​បាន។

ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួរ​បាន​បន្ថែម​ថា ស្ថានីយ៍​អវកាស​អន្តរជាតិ ISS នឹង​បន្ត​បេសកកម្ម​របស់​ខ្លួន​យ៉ាង​តិច​ដល់​ឆ្នាំ ២០២៤ ហើយ​នៅ​ក្រោយ​ការ​បញ្ចប់​បេសកកម្ម​របស់ ISS ចិន​នឹង​ក្លាយ​ជា​ប្រទេស​តែ​មួយ​គត់​ដែល​មាន​ស្ថានីយ៍​អវកាស​ជា​អចិន្រ្តៃយ៍​របស់​ខ្លួន។ សូម​ជម្រាប​ជូន​ថា​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ កញ្ញា ចិន​ទើប​បាន​បាញ់​បញ្ជូន​បន្ទប់ពិសោធន៍​អវកាស​ទី២ ដោយ​ជោគជ័យ មុន​នឹង​ឈាន​ដល់​ការ​បញ្ជូន​ស្ថានីយ៍​អវកាស​ស្នាក់នៅ​បាន​នា​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ