អានតួអត្ថបទ
កូរ៉េខាងជើង-គ្រោះ​ទឹក​ជំនន់

មហន្តរាយទឹកជំនន់ពុំធ្លាប់មាននៅកូរ៉េខាងជើងចាប់តាំងពី​សង្គ្រាមលោក​លើកទីពីរ

គ្រោះ​មហន្តរាយ​ទឹកជំនន់​នៅ​កូរ៉េ​ខាង​ជើង​ក្នុង​ភាគ​ខាង​ជើង​ឈាង​ខាង​កើត​ បាន​​​បណ្តាល​​ឲ្យ​​មនុស្ស​​ស្លាប់​​ឬ​​បាត់​​ខ្លួន​​ជា​​ច្រើន​​រយ​​នាក់​​នៅ​​ក្នុង​​ប្រទេស។​ ​គឺ​​ជា​​គ្រោះ​​​ធម្មជាតិ​​ដ៏​​សម្បើម​​​​​មួយ​​​​ពុំ​ធ្លាប់​មាន​​​​ឡើយ​​​​នៅ​​​កូរ៉េ​​​ខាង​​​ជើង​​​ចាប់​​តាំង​​ពី​​​​សង្គ្រាម​​​លោក​​​លើក​​ទីពីរ​​​។​ នេះ​​​បើ​​​យោង​​​តាម​​​សេចក្តី​​​ជូន​​ដំណឹង​​របស់​​ទីភា្នក់ងារ​​ព័ត៌មាន​​ផ្លូវការ​​កូរ៉េ​​ខាង​​ជើង​ KCNA។

ក្រោយ​ពីគ្រោះមហន្តរាយទឹកជំនន់​​តំណាង​ម្នាក់​របស់​អង្គការ​កាក​បាទក្រហម​​បានចុះទៅពិនិត្យ​ការខូចខាត​នៅ​ក្នុង​ខែត្រ​​​Hamgyong ភាគ​ខាង​ជើង​កូរ៉េ​ខាង​ជើ​ង​
ក្រោយ​ពីគ្រោះមហន្តរាយទឹកជំនន់​​តំណាង​ម្នាក់​របស់​អង្គការ​កាក​បាទក្រហម​​បានចុះទៅពិនិត្យ​ការខូចខាត​នៅ​ក្នុង​ខែត្រ​​​Hamgyong ភាគ​ខាង​ជើង​កូរ៉េ​ខាង​ជើ​ង​ Murat SAHIN / UNICEF DPRK / AFP
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ​ព័ត៌មាន KCNA ពុំ​បាន​រាប់​ចំនួន​ជន​រងគ្រោះ​ស្លាប់​និង​អ្នក​បាត់​ខ្លួន​​នៅ​ក្នុង​គ្រោះ​​មហន្តរាយ​ទឹក​ជំនន់​​នេះ​ទេ។ ក៏​ប៉ុន្តែ​យោង​តាម​​អ.ស.ប. ជន​រង​គ្រោះ​ស្លាប់​ដោយ​មហន្តរាយ​ធម្មជាតិ​នេះ មាន​​ចំនួន​១៣៨​នាក់​និង​បាត់​ខ្លួន​ជន​ចំនួន​៤០០​នាក់​ផ្សេង​ទៀត​នៅ​តាម​បណ្តោយ​​ទន្លេ​Tumen ។ ទន្លេ​ Tumen  ដែល​​ជា​កន្លែង​​សម្គាល់​ព្រំដែន​​រវាង​កូរ៉េ​ខាង​ជើង​នៅ​លើ​ត្រើយ​ម្ខាង​​នឹង​ជា​មួយ​ប្រទេស​ចិន​និង​រុស្ស៊ី​នៅ​លើ​ត្រើយ​ម្ខាង​ទៀត។

យោងតាម អសប  ប្រជាជន​កូរ៉េ​ខាង​ជើង​ជា​ច្រើន​ពាន់​នាក់ ត្រូវការ​ជំនួយ​ជា​​ស្ពៀង​អាហារ​ជា​បន្ទាន់​និង​ទីលំនៅ​សំរាប់​ជ្រកកោន ​ពីព្រោះ​ទឹក​ជំនាន់ បាន​ធ្វើ​ឲ្យ​លិចលង់​អន្តរាយ​ខ្ទេច​ខ្ទី​ភូមិដ្ឋាន​​និង​​លំនៅ​​របស់​ប្រជាជន។​  “ទឹក​ជំនន់​ដ៏​កាចសាហាវ​ដែល​​​បណ្តាល​មក​ពី​ព្យុះ​សង្ឃរា​ដែល​​បាន​​បោក​បក់​វាយ​លុក​ទៅ​លើ​ភាគ​ខាង​ជើង​​ភូមិ Hamgyong ​កាលពី​ចន្លោះ​​ថ្ងៃ​ទី​២៩​សីហា​និង​២​កញ្ញា​ ជា​គ្រោះមហន្តរាយ​​មួយ​ពុំ​ដែល​ធ្លាប់​មាន​ឡើយ​​ចាប់តាំង​ពី​កូរ៉េ​ខាង​ជើង បាន​រំដោះ​ផុត​ពី​ការ​កាន់កាប់​របស់​​អាណានិគម​ជប៉ុន​នៅ​ឆ្នាំ​១៩៤៥​មក-នេះ​ជា​ការបញ្ជាក់​បន្ថែម​របស់​KCNA។
 

 
គឺ​ជា​លើក​ទី​មួយ​ដែរ ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាង​ជើង​នេះ​ ផ្តល់​ឲ្យ​​តួ​លេខ​ពី​ចំនួន​ប្រជាជន​កូរ៉េ​ខាង​ជើង​ដែល​បាន​​គេច​ភៀស​ខ្លួន​​ចេញ​ពីភូមិស្រុករបស់​ខ្លួន​ចំនួន ៦៨៩០០​នាក់​។ ក៏ប៉ុន្តែ អ.ស.ប.វិញ បាន​រាប់ឃើញ​រហូត​ទៅ​ដល់ ១០៧០០០​នាក់។

 

ម្យ៉ាងទៀត លំនៅដា្ឋន​ប្រជាជន​​យ៉ាង​តិច ២៩ ៨០០​កន្លែង ​និង​អគារ​​រដ្ឋ​៩០០​កន្លែង ត្រូវ​រងអន្តរាយ​ រីឯ​កំណាត់​ផ្លូវ​ជាង​១៨០​និង​ស្ពាន​ជាង​៦០​កន្លែង ក៏​ត្រូវ​ទទួល​រង​ការ​ខូចខាត​ជា​ដំណំ​ដែរ រូម​ទាំង​​​នៅ​លើ​បណ្តាញ​អគ្គីសនី​​និង​ផ្នែក​ទូរគមនាគមន៍។  KCNA ឆ្លៀតទាំង​លើក​អួត​សរសើរ​គណបក្ស​កម្មុយនិស្ត​កូរ៉េ​ខាង​ជើង​ដែរ អំពី​ការសន្យា​ជួយ​ជ្រោមជ្រោង​របស់​គណបក្សនេះ ក្នុង​ការ​ផ្គត់ផ្គង់​យ៉ាង​​ពេញ​ទំហឹង​ដើម្បី ការ​រៀបចំ​ស្តារ​និង​សាងសង់​​តំបន់​រង​មហន្តរាយ​​​ឡើង​វិញ។​

កូរ៉េ​ខាង​ជើង គឺ​ជា​ប្រទេស​មួយដែល​ងាយ​បំផុត​ក្នុង​ការ​​ប្រឈម​មុខ​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ពីព្រោះ កូរ៉េ​ខាង​ជើង ​មានការ​ខ្វះខាត​យ៉ាង​សម្បើម​​នៅ​​លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​និង​ផែនការ​រៀបចំ​​​​ឲ្យ​បាន​ត្រឹមត្រូវល្អ​​នៅ​ក្នុង​ប្រទេស ជាពិសេ​​ការ​​ប្រឈម​មុខ​ទល់​នឹង​គ្រោះ​​​ទឹក​ជំនន់​​ដែល​​​បណ្តាល​​​មក​ពី​​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ភ្នំ។

មិនតែប៉ុណ្ណោះ កូរ៉េ​ខាង​ជើង គិតគូ​តែ​នៅ​លើ​បញ្ហា​មួយ​មុខ​គត់​​​គឺ ​មហិច្ចតា​របស់​ខ្លួន​នៅ​ក្នុង​ការ​សាងសង់​​កម្មវិធី​នុយក្លេអ៊ែរ​និង​កម្មវិធី​ផលិត​គ្រាប់​មីស៊ីល​អន្តរទ្វីប ដែល​កូរ៉េ​ខាង​ជើង​ត្រូវ ​​ចំណាយ​ធនធាន​យ៉ាង​សម្បើម​​នៅ​ក្នុង​ប្រទេស​ ដោយ​ពុំ​​ខ្ចី​គិត​ពី​​ជោគវាសនារបស់​ប្រជាជនខ្លួន​​​ដែល​ជួប​នឹង​គ្រោះ​អត់ឃ្លាន​យ៉ាងខ្លាំង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ