អានតួអត្ថបទ
ហ្វីលីពីន

គណៈកម្មការ៖​សាកសព​លោកម៉ាកូស​មិន​សក្តិសម​នឹង​កប់​នៅ​ទីបញ្ចុះសព​វីរៈបុរស​ទេ

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន សាកសព​លោក​អតីត​ប្រធានាធិបតី​កាន់​អំណាច​ផ្តាច់ការ​ម៉ាកូស​កំពុង​ក្លាយ​ជា​សង្រ្គាម​ពាក្យ​សម្តី​រវាង​លោក​ប្រធានាធិបតី​រ៉ូឌ្រីហ្គោ ឌុយទែរតេ និង​គណៈកម្មការជាតិ​ទទួល​បន្ទុក​រឿងរ៉ាវ​ប្រវត្តិសាស្រ្ត​នៅ​ហ្វីលីពីន។ លោក​ឌុយទែរតេ​មាន​គម្រោង​បញ្ជូន​សាកសព​លោក​ម៉ាកូស​ទៅ​កប់​នៅ​ទីបញ្ចុះសព​វីរៈបុរស តែ​គណៈកម្មការ​ប្រវត្តិសាស្រ្ត​បាន​ឆ្លើយ​បក​ទៅ​លោក​ឌុយទែរតេ​វិញ​ថា សាកសព​អតីត​ប្រធានាធិបតី​ហ្វីលីពីន​ម៉ាកូស​មិន​សក្តិសម​ជា​វីរៈជន​ដែល​ត្រូវ​បញ្ជូន​ទៅ​បញ្ចុះ​នៅ​កន្លែង​កប់​សាកសព​វីរៈបុរស​ទេ។

លោក​​រ៉ូឌ្រីហ្គោ ឌុយទែរតេ ​ប្រធានាធិបតី​ហ្វីលីពីន
លោក​​រ៉ូឌ្រីហ្គោ ឌុយទែរតេ ​ប្រធានាធិបតី​ហ្វីលីពីន
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការជាតិ​ទទួល​បន្ទុក​រឿងរ៉ាវ​ប្រវត្តិសាស្រ្ត​ដែល​ជា​ស្ថាប័ន​មួយ​របស់​រដ្ឋាភិបាល​ហ្វីលីពីន​ទើប​បាន​​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់​ថា សាកសព​លោក​អតីត​ប្រធានាធិបតី​ហ្វីលីពីន​ម៉ាកូស​គ្មាន​លក្ខណៈ​សម្បត្តិ និង​មិន​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​អាច​បញ្ជូន​ទៅ​កប់​នៅ​ទីបញ្ចុះសព​ជាមួយ​សាកសព​វីរៈបុរស​ផ្សេង​ទៀត​ទេ។ តាម​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មការ លោក​ម៉ាកូស​បាន​និយាយ​ភូតកុហក​ជា​ច្រើន​ករណី ពិសេស​ទាក់ទង​នឹង​រឿង​មេដាយ​ដែល​លោក​ថា​ទទួល​បាន​ពី​អាមេរិក ឬ​មួយ​ក៏​សំណុំរឿង​យោធា​គ្មាន​តម្លាភាព​ជា​ដើម។

ក្រៅ​ពី​និយាយ​ភូតកុហក អតីត​ប្រធានាធិបតី​ហ្វីលីពីន​ក៏​ជាប់​ឈ្មោះ​ជា​អ្នក​កាន់​អំណាច​ផ្តាច់ការ ជា​ជន​រំលោភ​សិទ្ធិមនុស្ស និង​ជា​ជន​ពុករលួយ​ដោយ​ជាប់​ចោទ​ពី​បទ​លួច​បង្វែរ​លុយ​រដ្ឋ​ប្រមាណ​ជា ១០ ០០០លានដុល្លារ។ ក្នុង​ឆ្នាំ ២០០៤ អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ដាក់​ចំណាត់ថ្នាក់​លោក​ម៉ាកូស​ជា​មេដឹកនាំ​ពុករលួយ​ខ្លាំង​ជាង​គេ​លំដាប់​ទី២។ ចម្លើយ​របស់​គណៈកម្មការជាតិ​ទទួល​បន្ទុក​រឿងរ៉ាវ​ប្រវត្តិសាស្រ្ត គឺ​ដើម្បី​តប​នឹង​លោក​ប្រធានាធិបតី​ឌុយទែរតេ​ដែល​កាល​ពី​ថ្ងៃ​អាទិត្យ ទី៧ សីហា​កន្លង​ទៅ​បាន​សន្យា​បញ្ជូន​សាកសព​លោក​ម៉ាកូស​ទៅ​កប់​នៅ​ទីបញ្ចុះសព​វីរៈបុរស​ហ្វីលីពីន​ផ្សេង​ទៀត។ សម្រាប់​លោក​ឌុយទែរតេ លោក​ម៉ាកូស​ជា​ប្រធានាធិបតី​ដ៏​ល្អ​ជាង​គេ​ដែល​ហ្វីលីពីន​មិន​ធ្លាប់​មាន​ទេ។

សូម​រម្លឹក​ជូន​ថា លោក​ម៉ាកូស​បាន​កាន់​តំណែង​ប្រធានាធិបតី​ហ្វីលីពីន​ជាង ២០ឆ្នាំ ពី​ខែ​ធ្នូ ឆ្នាំ ១៩៦៥ ដល់​ខែ​កុម្ភៈ ឆ្នាំ ១៩៨៦។ ក្រោយ​ធ្លាក់​ពី​តំណែង​ដោយ​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ ១៩៨៦ លោក​ម៉ាកូស និង​ក្រុម​គ្រួសារ​ក៏​បាន​និរទេសន៍​ខ្លួន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក។ ៣ឆ្នាំ​ក្រោយ​មក ពោល​ក្នុង​ឆ្នាំ ១៩៨៩ លោក​ម៉ាកូស​បាន​ចែកឋាន​ក្នុង​រដ្ឋ​ហាវ៉ៃ ទឹកដី​អាមេរិក។ ក្រោយ​មរណៈភាព​របស់​ប្តី ភរិយា និង​ក្រុម​គ្រួសារ​ក៏​បាន​វិល​ចូល​ស្រុក​កំណើត​វិញ រួច​ក៏​យក​សាកសព​លោក​ម៉ាកូស​ទៅ​រក្សា​ទុក​នៅ​ស្រុកកំណើត។

បន្តិច​ម្តងៗ​មក​ដល់​សព្វថ្ងៃ ក្រុម​គ្រួសារ​ត្រកូល​ម៉ាកូស​បន្ត​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ហ្វីលីពីន។ ភរិយា​មេម៉ាយ​ទើប​ជាប់​ឆ្នោត​អាណត្តិ​ទី៣ ជា​ប្រធាន​រដ្ឋ​សភា និង​កូនស្រី​បន្ត​កាន់​តំណែង​ជា​ចៅហ្វាយ​ខេត្ត​មួយ។ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​គ្រួសារ​ត្រកូល​ម៉ាកូស​បាន​ទាមទារ​ឲ្យ​យក​សាកសព​លោក​ម៉ាកូស​ទៅ​កប់​ជាមួយ​សាកសព​វីរៈបុរស​ហ្វីលីពីន​ផ្សេង​ទៀត។ តែ​ត្រូវ​បាន​បដិសេធ​ដោយ​ប្រធានាធិបតី​មុនៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ