អានតួអត្ថបទ

ជប៉ុនប្រកាស​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ទំហំជាង២៤០ពាន់​លាន​អឺរ៉ូ

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីនហ្សូ អាបេ បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​ទី ២៧​កក្កដានេះ គម្រោង​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ ដ៏​ធំសម្បើម ដែល​មាន​ទំហំ​ដល់​ទៅ ២៨០០០​ពាន់​លាន​យ៉េន ឬ​ស្មើ​នឹង​ជាង​២៤០ពាន់​លាន​អឺរ៉ូ ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក។

តម្លៃ​លុយ​យេន​ខ្ពស់ គឺ​ជា​កត្តា​ចម្បង​នាំ​ឲ្យ​សេដ្ឋកិច្ច​ជប៉ុន ដែល​ពឹង​លើ​ការ​នាំ​ចេញ មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ងើបចេញ​ពីវិបត្តិ
តម្លៃ​លុយ​យេន​ខ្ពស់ គឺ​ជា​កត្តា​ចម្បង​នាំ​ឲ្យ​សេដ្ឋកិច្ច​ជប៉ុន ដែល​ពឹង​លើ​ការ​នាំ​ចេញ មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ងើបចេញ​ពីវិបត្តិ ©Reuters
ផ្សាយពាណិជ្ជកម្ម

គម្រោង​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ទំហំ ជាង​២៤០ពាន់​លាន​អឺរ៉ូ​នេះ នឹង​ត្រូវ​យក​ទៅ​បំប៉ោង​កញ្ចប់​ថវិកា​រដ្ឋ សម្រាប់​ចំណាយ​សាធារណៈ និង​សម្រាប់​ជួយ​វិស័យ​វិនិយោគសមូហភាព​និង​ក្រុមហ៊ុន​សហគ្រាស។

រដ្ឋាភិបាល​នឹង​ផ្តល់​ព័ត៌មាន​លម្អិត​និ​ងស៊ីជម្រៅ​ទាក់ទង​នឹង​ផែនការ​នេះ នៅ​សប្តាហ៍​ក្រោយ។ នាយក​រដ្ឋមន្ត្រី​អភិរក្ស​ជប៉ុន លោក​ស៊ីនហ្សូ អាបេ ដែល​ធ្លាប់​បាន​ស្បថនាឱកាស​វិល​ត្រលប់​មក​កាន់​តំណែង​ជា​ថ្មី ​ កាលពី​ឆ្នាំ​២០១២ ​​​យក​ឈ្នះ​ឱ្យ​បាន​វិបត្តិ​ឱនភាព​ជាតិ និង​ធ្វើ​ឱ្យ​សេដ្ឋកិច្ចជប៉ុន​មាន​លំនឹង​សក្តិសម​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​បី​លើ​ពិភពលោក បាន​សម្រេច​លើក​​ផែនការ​ផ្តល់​សន្ទុះ​នេះ​ ដោយ​សង្ឃឹម​ថា​នឹង​អាច​រំញោច​សេដ្ឋកិច្ច​ជាតិ​ឱ្យ​មាន​សកម្មភាព​ខ្លាំង​ឡើង​វិញ។

កាលពី​ដើម​ខែ​ លោក​ អាបេ បាន​សន្យា​ចាត់​វិធានការ​ផ្តល់​សន្ទុះ​ជាមួយ​ក្រុម​អ្នក​វិនិយោគ​​សំខាន់ៗ​នៅ​តំបន់ ដើម្បី​ជួយ​​ពលរដ្ឋ​ជា​មេគ្រួសារ​មាន​កូន​តូចៗ និស្សិត កសិករ ឬ ជួយអភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់។

រដ្ឋាភិបាល​​ក៏​ធ្លាប់​បាន​សន្យា​ដែរ​ថា នឹង​​ការពារ​ក្រុមហ៊ុនសហគ្រាស​ ​ប្រឆាំង​នឹង​សម្ពាធ​​អន្តរជាតិ។ ព្រោះ​​​ថា​សេចក្តី​សម្រេចចិត្ត​របស់​ពលរដ្ឋ​អង់គ្លេស​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប បាន​បង្ក​ឱ្យ​មាន​កា​រប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រាក់​យ៉េន​ជប៉ុន។ ប្រាក់​យ៉េន​ឡើង​ថ្លៃ បែប​នេះ ហាក់​ដូច​ជា​បាន​ដាក់​ទោស​លើ​សេដ្ឋកិច្ច​ជាតិ និងជាពិសេស​លើការ​នាំ​ចេញ។

ប៉ុន្តែ​នៅ​ថ្ងៃ​នេះ គ្រាន់​តែ​បាន​ឮ​សេចក្តី​ប្រកាស​បង្ហើប​បង្ហាញ​ពី​ផែនការ​ផ្តល់​សន្ទុះ​ភ្លាម ភាគ​ហ៊ុន​ជប៉ុន​ បាន​ស្ទុះ​ឡើង។ ឯ​ចំណែក​លុយ​យ៉េន​ក៏​ធ្លាក់​ថ្លៃ​គួរ​ឱ្យ​កត់​សម្គាល់​។ អ្នក​វិនិយោគ​សង្ឃឹម​​ទុក​បន្ថែម​ទៀត​ថា ធនាគារ​កណ្តាល​ជប៉ុន​ដែល​នឹង​ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃស្អែក ក៏​នឹង​អាច​មាន​ការ​បន្ធូរ​បន្ថយ​​នយោបាយ​រូបិយវត្ថុ​។ ការ​នេះ​រឹត​តែ​សម្រួល​ដល់​សេដ្ឋកិច្ច​ជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ