អានតួអត្ថបទ
ជប៉ុន-អាមេរិក

ជប៉ុន៖​ហេតុអ្វី​បាន​ជា​ប្រជាជន​ភាគច្រើន​ផ្តើម​ធុញទ្រាន់ និង​ពិបាក​ទ្រាំ​នឹង​វត្តមាន​ទ័ព​អាមេរិក​?

នៅ​ក្នុង​ប្រទេស​ជប៉ុន ប្រជាជន​រស់​លើ​កោះ​អូគីណាវ៉ា​ជា​ច្រើន​ម៉ឺននាក់​បាន​នាំ​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ជា​ថ្មី​នា​ថ្ងៃ​អាទិត្យ ទី១៩ មិថុនា​នេះ​ដើម្បី​ប្រឆាំង​នឹង​វត្តមាន​ទ័ព​អាមេរិក។ បាតុកម្ម​ក្នុង​គោលដៅ​ដូច​គ្នា​នេះ​ក៏​មាន​រៀបចំ​ធ្វើ​នៅ​ពី​មុខ​សភា​ក្នុង​ទីក្រុង​តូក្យូ​ដែរ។ បាតុកម្ម​ជា​ថ្មី​របស់​ប្រជាជន​ជប៉ុន​ថ្ងៃ​នេះ​ជា​សក្ខីកម្ម​ថ្មី​ទៀត​ដែល​បញ្ជាក់​ថា វត្តមាន​ទ័ពអាមេរិក​លើ​ដែនដី​ជប៉ុន​បាន និង​កំពុង​ធ្វើ​ឲ្យ​ប្រជាជន​ជប៉ុន​ភាគច្រើន​កាន់​តែ​ធុញទ្រាន់ និង​ពិបាក​ទ្រាំទ្រ។

ជប៉ុន៖​ហេតុអ្វី​បាន​ជា​ប្រជាជន​ភាគច្រើន​ផ្តើម​ធុញទ្រាន់ និង​ពិបាក​ទ្រាំ​នឹង​វត្តមាន​ទ័ព​អាមេរិក​?
ជប៉ុន៖​ហេតុអ្វី​បាន​ជា​ប្រជាជន​ភាគច្រើន​ផ្តើម​ធុញទ្រាន់ និង​ពិបាក​ទ្រាំ​នឹង​វត្តមាន​ទ័ព​អាមេរិក​? Reuters
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​បន្សល់​ទុក​ដោយ​សង្រ្គាមលោក​លើកទី២។ នៅ​ក្រោយ​សង្រ្គាមលោក​លើកទី២ អាមេរិក​ក្នុង​នាម​ជា​អ្នក​ឈ្នះ​បាន​កាន់កាប់​កោះ​អូគីណា​របស់​ជប៉ុន​អស់​រយៈពេល ២៧ឆ្នាំ មុន​នឹង​ប្រគល់​ទៅ​ឲ្យ​ជប៉ុន​កាន់កាប់​វិញ​ក្នុង​ឆ្នាំ ១៩៧២។ ក៏​ប៉ុន្តែ អាមេរិក​បាន​បន្ត​រក្សា​ទុក​មូលដ្ឋាន​យោធា និង​ទ័ព​របស់​ខ្លួន​នៅ​លើ​កោះ​អូគីណាវ៉ា​មក​ដល់​សព្វថ្ងៃ។ គួរ​រម្លឹក​ជូន​ថា​តាំង​ពី​ក្រោយ​ការ​បិទ​បញ្ចប់​សង្រ្គាមលោក​លើក​ទី២ ក្នុង​ឆ្នាំ ១៩៤៥ មក មាន​វត្តមាន​ទ័ព​អាមេរិក​ចំនួន ៤៧ ០០០នាក់​បាន​ប្រចាំ​ការ​ក្នុង​ទឹកដី​ជប៉ុន​ដែល​ក្នុង​នោះ មាន​ប្រមាណ​ជា ២៥ ០០០នាក់​ស្ថិត​នៅ​លើ​កោះ​អូគីណាវ៉ា។ ទន្ទឹម​គ្នា​នេះ មូលដ្ឋាន​យោធា​អាមេរិក ៧៥% នៅ​ក្នុង​ទឹកដី​ជប៉ុន​ក៏​បាន​សាងសង់​នៅ​លើ​កោះ​អូគីណាវ៉ា​ដែរ។

ជម្រើស​យក​កោះ​អូគីណាវ៉ា​ជា​មូលដ្ឋាន​យោធា និង​ជា​ជម្រក​កម្លាំង​ទ័ព​អាមេរិក​យ៉ាង​ច្រើន​សម្បើម​នៅ​ជប៉ុន​មិនមែន​ជា​ជម្រើស​ចៃដន្យ​ទេ។ មិន​ចៃដន្យ ព្រោះ​ក្រោម​ភ្នែក​ច្រមុះ​ក្រុង​តូក្យូ ក៏​ដូច​ក្រុង​វ៉ាស៊ីនតោន កោះ​អូគីណាវ៉ា​ដែល​ស្ថិត​មិន​ឆ្ងាយ​ពី​កោះ​តៃវ៉ាន់​គឺ​ជា​ទីតាំង​យុទ្ធសាស្រ្ត​មួយ​យ៉ាង​សំខាន់​សម្រាប់​ប្រឈម​ទប់​នឹង​ការ​គំរាមកំហែង​របស់​ប្រទេស​ជិត​ខាង ពិសេស​ពី​ប្រទេស​ចិន។ សូម​រម្លឹក​ជូន​ថា ជប៉ុន និង​ចិន​កំពុង​បន្ត​ប្រទាញប្រទង់​គ្នា​លើ​ទីប្រជុំ​កោះ​សេនកាគុ​ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុង​តូក្យូ តែ​ក្រុង​ប៉េកាំង​ដែល​ដាក់​ឈ្មោះ​ថា ទីប្រជុំ​កោះ​ឌីយ៉ាវយូ​នៅ​បន្ត​ទាមទារ​ជា​របស់​ខ្លួន។
 
ជានិច្ចកាល ចិន​តែងតែ​បញ្ជូន​នាវា​របស់​ខ្លួន​ទៅ​កាន់​តំបន់​ក្បែរ​ទីប្រជុំ​កោះ​នោះ ហើយ​សមយុទ្ធ​ដំឡើង​សាច់ដុំ​ដាក់​ចិន​រវាង​ទ័ពអាមេរិក និង​ជប៉ុន​ក៏​តែង​ធ្វើ​នៅ​ក្នុង​សមុទ្រ​នៃ​កោះ​អូគីណាវ៉ា​ដែរ។
 
ដើមចម​នៃ​ភាព​ចម្រូងចម្រាស​រវាង​អាមេរិក និង​ជប៉ុន​លើ​កោះ​អូគីណាវ៉ា

កោះ​អូគីណាវ៉ា​ដែល​មាន​ដាក់​តាំង​មូលដ្ឋាន​ទ័ពអាមេរិក​ប្រមាណ​ជា ៧៥% និង​មាន​វត្តមាន​ទ័ព​អាមេរិក​ចំនួន ២៥ ០០០នាក់​ក្នុង​ចំណោម​វត្តមាន​ទ័ពអាមេរិក​សរុប​ទាំង ៤៧ ០០០នាក់​នៅ​ក្នុង​ទឹកដី​ជប៉ុន គឺ​មាន​តាំង​ពី​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាមលោក​លើកទី២ ក្នុង​ឆ្នាំ ១៩៤៥ មក​ម្ល៉េះ ចុះ​ហេតុអ្វី​បាន​ជា​ទើប​កើត​មាន​ភាព​ចម្រូងចម្រាស​ជាង ១០ឆ្នាំ​កន្លង​ទៅ​នេះ​ទៅ​វិញ ពិសេស ហេតុ​អ្វី​បាន​ជា​ប្រជាជន​កោះ​អូគីណាវ៉ា​បញ្ចេញ​កំហឹង​ប្រឆាំង​នឹង​វត្តមាន​ទ័ពអាមេរិក​កាន់​តែ​ខ្លាំង​ឡើងៗ​នា​ពេល​នេះ?។
 
មាន​ហេតុផល​សំខាន់​ចំនួន​ពីរ ទី១ មក​ពី​មាន​បន្ទាយ​ទាហាន​ខ្លះ​ស្ថិត​ក្បែរ​ទីប្រជុំជន​ខ្លាំង​ពេក ពិសេស​បន្ទាយ​ទាហាន​ទ័ពអាកាស​ដែល​សម្លេង​ឡើង ចុះ​របស់​យន្តហោះ​បាន​ធ្វើ​ឲ្យ​រំខាន​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កោះអូគីណាវ៉ា និង​ទី២ មក​ពី​មាន​ការ​កើត​ឡើង​នូវ​ទង្វើ និង​អកប្បកិរិយា​ខុស​ឆ្គង​កាន់​តែ​ច្រើន​របស់​ទាហាន​អាមេរិក​នៅ​កោះ​អូគីណាវ៉ា ពិសេស​គឺ​ការ​ចាប់​រំលោភ និង​សម្លាប់។ រឿងរ៉ាវ​រំលោភ និង​សម្លាប់​បាន​ផ្ទុះ​ដំបូង​ក្នុង​ឆ្នាំ ១៩៩៥ ដែល​មាន​ទាហាន​អាមេរិក ៣នាក់​បាន​ចាប់​ជំរិត រួច​រំលោភ​លើ​ក្មេងស្រី​ជប៉ុន​អាយុ ១២ឆ្នាំ​ម្នាក់។ នៅ​ដំណាច់​ខែ​មេសា​កន្លង​ទៅ​ថ្មីៗ​នេះ មាន​ស្រ្តី​កោះអូគីណាវ៉ា​ម្នាក់​អាយុ ២០ឆ្នាំ​ត្រូវ​បាន​ទាហាន​អាមេរិក​ចាប់​រំលោភ រួច​សម្លាប់​ចោល។
 
គឺ​ទង្វើ​ដ៏​ព្រៃផ្សៃ​ច្រំដែល​របស់​ទាហាន​អាមេរិក​របៀប​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​កោះអូគីណាវ៉ា​ធុញទ្រាន់ និង​ពិបាក​ទ្រាំ​មើល​វត្តមាន​ទ័ពអាមេរិក​ក្នុង​ទឹកដី​របស់​ខ្លួន​ជា​បន្ត​ទៀត។ នៅ​ក្នុង​បាតុកម្ម​ជា​ថ្មី​ថ្ងៃ​នេះ ប្រជាជន​កោះ​អូគីណាវ៉ា​បាន​ទាមទារ​ឲ្យ​បិទ​បន្ទាយ និង​ដក​ទ័ព​អាមេរិក​ចេញ​ពី​កោះ​អូគីណាវ៉ា។
 
សង្រ្គាម​ប៉ាកកា​រវាង​អាមេរិក និង​ជប៉ុន​អាច​បន្ត​តានតឹង​
 
តាំង​ពី​ផ្ទុះ​រឿង​អាស្រូវ​ចាប់​រំលោភ​កូនក្មេង​អាយុ ១២ឆ្នាំ​ពី​សំណាក់​ទាហាន​អាមេរិក ៣នាក់​ក្នុង​ឆ្នាំ ១៩៩៥ មក រដ្ឋបាល​អាមេរិក និង​រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តើម​គិតគូរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ទាមទារ​របស់​ប្រជាជន​កោះ​អូគីណាវ៉ា។ កិច្ចព្រមព្រៀង​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​តូក្យូ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ឆ្នាំ ២០០៥ ដោយ​មាន​ការ​ដក​ទ័ព​អាមេរិក​ចំនួន ៨ ០០០នាក់​ទៅ​ដាក់​នៅ​ក្រៅ​ប្រទេស​ជប៉ុន ពោល​ដាក់​នៅ​កោះ Guam និង​កោះ​ហាវ៉ៃ​ក្នុង​ទឹកដី​អាមេរិក​ដែល​មាន​ចម្ងាយ​មិន​ឆ្ងាយ​ខ្លាំង​ពី​កោះ​អូគីណាវ៉ា​ទេ។ កម្មវត្ថុ​របស់​អាមេរិក គឺ​រក្សា​ទុក​ទ័ពអាមេរិក​នៅ​ក្បែរ​ជប៉ុន​ដើម្បី​ធ្វើ​ណា ឲ្យ​អាមេរិក​អាច​បញ្ជូន​ត្រឡប់​វិញ​ភ្លាមៗ​ក្នុង​ករណី​ចាំ​បាច់​ណា​មួយ។
 
បន្ទាប់​មក​ទៀត ជប៉ុន និង​អាមេរិក​ក៏​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ប្តូរ​ទីតាំងមូលដ្ឋាន​យោធា​មួយ​ចំនួន​ដែល​ស្ថិត​ក្បែរ​ទីប្រជុំជន ពិសេស​មូលដ្ឋាន​ទ័ពអាកាស​ទៅ​ដាក់​កន្លែង​ផ្សេង​ក្នុង​ទឹកដី​កោះ​អូគីណាវ៉ា។ តែ​បញ្ហា​នៅ​ត្រង់​ថា ប្រជាជន​កោះ​អូគីណាវ៉ា​មិន​ចង់​ឃើញ​ការ​ប្តូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​ថ្មី​ដូច្នេះ​ទេ គឺ​ចង់​ឲ្យ​អាមេរិក​បិទ​បន្ទាយ និង​ដក​កម្លាំង​ទាហាន​របស់​ខ្លួន​ទាំង​អស់​ចេញ​ពី​កោះ​អូគីណាវ៉ា​តែ​ម្តង។ ដូច្នេះ​ឃើញ​ថា សង្រ្គាម​ប៉ាកកា​រវាង​អាមេរិក និង​ជប៉ុន និយាយ​ជា​រួម និង​ជាមួយ​ប្រជាជន​កោះ​អូគីណាវ៉ា និយាយ​ដោយឡែក​កំពុង​បន្ត និង​ត្រូវ​បន្ត​វែងឆ្ងាយ​ដោយ​គេ​មិន​ដឹង​ថា នឹង​ត្រូវ​បិទបញ្ចប់​របៀប​ម៉េច​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ