អានតួអត្ថបទ

លុបបំបាត់​ការ​ចម្លង​អេដស៍​ពី​ម្តាយ​ទៅ​កូន ថៃ​ជាប់លេខ​​មួយនៅ​​​​អាស៊ី

ថៃ​ បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅ​​អាស៊ី ដែល​អាច​លុប​បំបាត់​បាន​ទាំង​ស្រុង ការ​ចម្លង​មេរោគ​អេដស៍​ពី​ម្តាយ​ទៅ​កូន។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុង​ខណៈ​ដែល​អង្គការ​សហប្រជាជាតិ​ ត្រូវ​បើក​ជំនួប​ប្រជុំ​មួយ​ ស្តី​ពី​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ស៊ីដា ឬ​អេដស៍​ នៅ​ថ្ងៃពុធ​ទី ៨ មិថុនា នេះ នៅ​ទីក្រុង​ញូវយ៉ក។ អង្គការ​សហប្រជាជាតិ សង្ឃឹម​ថា នឹង​អាច​សម្រេច​​កម្មវត្ថុ​ទប់​ស្កាត់​​ការ​ចម្លង​មេរោគ​ហ៊ីវ​នេះ​បាន​នៅ​ឆ្នាំ​២០៣០។

ថៃ​ប្រទេស​ទី​មួយ​នៅ​អាស៊ី​ដែល​អាច​លុប​បំបាត់​ការ​ចម្លង​អេដស៍​ពី​ម្តាយ​ទៅ​កូន
ថៃ​ប្រទេស​ទី​មួយ​នៅ​អាស៊ី​ដែល​អាច​លុប​បំបាត់​ការ​ចម្លង​អេដស៍​ពី​ម្តាយ​ទៅ​កូន cplp.org
ផ្សាយពាណិជ្ជកម្ម

ជា​ជ័យ​ជំនះ ​គួរ​ឱ្យ​កត់​សម្គាល់ខ្លាំង​ សម្រាប់​​ប្រទេស​​ថៃ​ដែល​​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ វីរ៉ុស​អេដស៍​បាន​ធ្វើ​ការ​រាតត្បាត​យ៉ាងសន្ធោសន្ធៅ។ ​រហូត​មក​ទល់​ពេល​នេះ មាន​តែ​ប្រទេស​គុយបា​មួយ​ប៉ុណ្ណោះ ដែលសម្រេច​​​លុប​បំបាត់បាន​​​ទាំង​ស្រុង​ ការ​ចម្លង​វីរ៉ុស​ពី​ម្តាយ​ទៅ​កូន។ នៅ​អឺរ៉ុប​វិញ ប្រទេស​អារមេនី បេឡារុស ទើប​សម្រេច​កម្មវត្ថុ​នេះបាន​​ដែរ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​​នេះ​​មាន​អត្រា​អ្នក​ផ្ទុក​មេរោគ​អេដស៍​តិច​តួច​បំផុត​បើ​ប្រៀប​ទៅ​នឹង​ប្រទេស​ថៃ។

 
បើ​តាម​អង្គការ​សហប្រជាជាតិ មាន​ពលរដ្ឋ​ថៃ​​ប្រមាណ ៥០​ម៉ឺន​នាក់ កំពុង​រស់​ជាមួយ​​មេរោគ​អេដស៍ ទល់​នឹង​ជាង​មួយ​លាន​នាក់​ កាលពី​​២៥​ឆ្នាំ​មុន។ ​តាំង​ពី​ឆ្នាំ​២០០០មក ថៃ​បាន​ក្លាយ​ជា​ប្រទេសដំបូង​គេមួយ​នៅ​តំបន់​អាស៊ី​ ​ដែល​ផ្តល់​ថ្នាំ​ពន្យារ​ជីវិត​ដោយ​ឥត​គិត​ថ្លៃ​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ មាន​ផ្ទុក​មេរោគ​អេដស៍។ ហើយ​គ្រប់​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​បាន​ទទួល​ការ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ដោយ​ស្វ័យ​ប្រវត្តិ ទោះ​ស្ត្រី​នោះ​រស់​នៅ​ក្នុង​ចុង​កាត់​​ដាច់​ស្រយាល​ខ្លាំង​ក៏​ដោយ។

នាយក​ប្រតិបត្តិ​អង្គការ​ប្រយុទ្ធ​ប្រឆាំង​ស៊ីដា​របស់​អង្គការ​សហប្រជាជាតិ បាន​អះអាង ជោគជ័យ​របស់​ថៃ​ក្នុង​លុប​បំបាត់​ការ​ចម្លង​ស៊ីដា​ពី​ម្តាយ​ទៅ​កូន ជា​ឧទាហរណ៍​ជាក់​ស្តែង បញ្ជាក់​ថា​ពិភពលោក​ពិត​ជា​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​អេដស៍​បាន ប្រសិន​បើអ្នក​នយោបាយ​គាំទ្រ​​វិទ្យាសាស្ត្រនិង​វេជ្ជសាស្ត្រ។

សូម​បញ្ជាក់​ថា នៅ​លើ​ពិភពលោក​បច្ចុប្បន្ន​នេះ មាន​ស្ត្រីមាន​ផ្ទុក​វីរ៉ុស​អេដស៍​ប្រមាណ​ជាង​១​លាន​បួន​សែន​​ពរពោះ​ក្នុង​មួយ​ឆ្នាំៗ។ ពួក​គាត់​ភាគ​ច្រើន​​រស់​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ពិសេស​នៅ​អាហ្វ្រិក។ បើ​គ្មា​ន​ការ​ផ្តល់​ថ្នាំពន្យារ​ជីវិត​ទេ ហានិភ័យ​នៃការ​ចម្លង​មេរោគ​អេដស៍​មាន​កំរិត​ ពី ១៥​ទៅ​៤៥​%។ ផ្ទុយ​វិញ​ គ្រោះ​ចម្លង​មេរោគ​ទៅ​ឱ្យ​កូន ត្រូវ​លុប​បំបាត់​ស្ទើរ​តែ​ស្រុង (១%) ប្រសិន​បើមាន​ការ​ផ្តល់​​ថ្នាំ​ព្យាបាល​តាំងពី​កំពុង​ពរ​ពោះ និង​នៅ​ពេល​ទារក​កើត​ភ្លាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ