អានតួអត្ថបទ

ចិនសន្យា​មិន​ឱ្យ​​មាន​បដិវត្តន៍វប្បធម៌​កើត​ឡើង​ជា​ថ្មី​ទេ

បដិវត្តន៍​វប្បធម៌​ គឺ​ជា​ “កំហុស​ទាំង​ស្រុង”​ និង​ “មិន​ត្រូវ​ឱ្យ​កើត​មាន” ​ទៀត​ទេ ! នេះ​គឺ​ជា​ពាក្យ​សន្យា​របស់​​សារព័ត៌មាន​ផ្លូវការ​ចិនចេញ​ផ្សាយ​នៅ​ថ្ងៃអង្គារ​ទី ១៧ ឧសភា ២០១៦។ សារព័ត៌មាន​ផ្លូវការ ដែល​ប្រៀប​ដូច​ជា​អ្នក​នាំ​ពាក្យរបស់​បក្ស​កុម្មុយនិស្ត​ចិន ​តាំង​ពី​ដើម​មក​ស្ងាត់​មាត់​ឈឹង​គ្មាន​ចេញ​ស្តី​អ្វី​ទាំង​អស់​ទាក់ទង​នឹង​ខួប​៥០​ឆ្នាំ​នៃ​ការ​ថ្ងៃ​ផ្តើម​បដិវត្តន៍​វប្បធម៌។

ឆ្មាំ​ការពារ​សន្តិសុខ​នៅ​ទីលាន Tiananmen ដែល​មាន​រូប​ថត​មៅសេទុក​ ក្នុង​ថ្ងៃ​ខួប​៥០​ឆ្នាំ​នៃ​បដិវត្ត​វប្បធម៌
ឆ្មាំ​ការពារ​សន្តិសុខ​នៅ​ទីលាន Tiananmen ដែល​មាន​រូប​ថត​មៅសេទុក​ ក្នុង​ថ្ងៃ​ខួប​៥០​ឆ្នាំ​នៃ​បដិវត្ត​វប្បធម៌ REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

យើង​មិន​អនុញ្ញាត​ឱ្យមាន​​​​បដិវត្តន៍​វប្បធម៌ទៀត​ទេ ! បដិវត្តវប្បធម៌​មិន​អាច​រស់​ឡើង​វិញ​ឡើយ ! គ្មាន​ឡើយ​បដិវត្តន៍​វប្បធម៌​សម្រាប់​ចិន​សម័យ​ថ្មី ! នេះ​ជា​ការ​គូស​បញ្ជាក់របស់​សារព័ត៌មាន​ប្រជាជន​ចិន ​ក្នុង​បទ​វិចារណកថាចេញ​ផ្សាយ​នៅ​ថ្ងៃនេះ ដោយ​ថែម​ទាំង​បរិហារ​​ថា បដិវត្តន៍​វប្បធម៌នោះ គឺ​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​ ទាំង​ផ្នែក​គោលការណ៍ និង​ការ​អនុវត្ត។

 
ថ្ងៃទី ១៦​ឧសភា ១៩៦៦ លោក ម៉ៅ សេទុង អតីត​បុរស​ខ្លាំង​ទី​មួយ​របស់​ចិន បាន​ចេញ​ថ្លែងការណ៍​ផ្លូវការ​ ធ្វើ​បដិវត្តន៍​វប្បធម៌​ពលករ​ លាង​ខួរ​ក្បាល​យុវជន​ ដើម្បី​ដណ្តើម​​អំណាច​ បោស​សម្អាត​ផ្ទៃ​ក្នុង​បក្ស ដែល​​បាន​នាំ​ប្រទេស​ឱ្យធ្លាក់​ក្នុង​អន្លុង​ដ៏​ជ្រៅ ប្រជាជន​រាប់​លាន​នាក់ សមាជិក​បក្ស​រាប់​សិប​រយ​នាក់​​បាន​បាត់​បង់​ជីវិត រក​ទុក្ខទារុណ អស់​​រយៈ​ពេល​១០​ឆ្នាំ​។

រហូត​ដល់​ឆ្នាំ​១៩៨១​ ទើប​អាជ្ញាធរ​ចិន​បាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ​លើក​ដំបូង ថា​បដិវត្តិ​វប្បធម៌​​ ជា​មហន្តរាយ​ជាតិ ប៉ុន្តែ​ថ្វីបើ​ពាក្យ​ថា​បដិវត្តន៍​វប្បធម៌​មិន​មែន​ជាពាក្យ​ហាមឃាត់​ និង​ត្រូវ​បាន​ទម្លាក់​ទំនួល​ខុស​ត្រូវ​លើ​ប្រមុខ​ម៉ៅ សេទុង​ម្នាក់​ក៏​ដោយ ក៏បក្ស​កុម្មុយនីស្ត​ចិន កំរិត​និង​ត្រួតពិនិត្យ​យ៉ាង​ខ្លាំង​លើ​រាល់​កិច្ចពិភាក្សា​ណា​ទាក់ទង​នឹង​ប្រធាន​បទ​​នេះ ព្រោះ​ខ្លាច​រាលដាល​ប៉ះពាល់​ដល់​ភាព​ស្រប​ច្បាប់​នៃបក្ស​ដែល​កំពុង​កាន់​អំណាច។

អ្នក​សង្កេត​ការណ៍ និងជំនាញ​ចិន​ជា​ច្រើន បាន​អំពាវនាវ​ឱ្យ​​ចិន​ធ្វើ​វិភាគ​ស៊ីជម្រៅ​​អំពី​ឬសគល់​នៃ​​ព្រឹត្តិការណ៍​បដិវត្ត ដើម្បី​​កុំ​ឱ្យ​​មហន្តរាយបែបនេះ​វិល​ត្រលប់​មក​វិញ​បាន។ ប៉ុន្តែ​ ជា​ទូទៅ សារព័ត៌មាន ក៏​ដូច​ជា​អ្នក​នយោបាយ​ចិន​ផ្សេងៗ ចៀស​មិន​ធ្វើ​អត្ថាធិប្បាយ​​ទេ។ តាំង​ពី​មុន និង​រហូត​មក​ទល់​​​ថ្ងៃ​ចន្ទ​ទី ១៦​ម្សិលមិញ ដែល​ចំ​ថ្ងៃ​ខួប​៥០​ឆ្នាំ​គត់​នៃ​ការ​ផ្តើម​បដិវត្តន៍ គ្មាន​សារព័ត៌មាន​ណា​មួយ​និយាយ​ប៉ះពាល់​​ប្រធានបទនេះ​​ទេ។ កាលពី​ខែ​ឧសភា​ ការ​ប្រគុំ​តន្ត្រី​មួយ​នៅ​វិមាន​ប្រជាជន ដោយ​មាន​តែង​លំអរ​ឆាក​បែប​រំលឹក​ដល់​បដិវត្តន៍​វប្បធម៌ បាន​បង្ក​បង្កើត​ជា​រឿង​អាស្រូវ​យ៉ាង​ខ្លាំង។​ ចិន​ទំនង​ជា​បាន​ទទួល​មេរៀន​​គ្រប់​គ្រាន់​ពី​បដិវត្តន៍​វប្បធម៌​ ដោយ​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច​​ប្រឈម​នឹងជំងឺ​បដិវត្តន៍៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ