អានតួអត្ថបទ

ឥណ្ឌានិង​អាមេរិកបង្កើន​ការ​រឹត​ចំណង​យោធា​ ដើម្បី​ទប់​ទល់មហិច្ឆតាវាត​ទី​និយម​ចិន ?!

នៅ​ថ្ងៃអង្គារ​នេះ រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក លោក អាស្តុន កាទ័រ Ashton Carter បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា។ លោក ​អាស្តុន ​កាទ័រ ត្រូវ​ជួប​នាយករដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រីការពារ​ជាតិឥណ្ឌា​ ព្រមទាំង​អ្នក​ឥស្សរជន​ជាន់​ខ្ពស់​ឥណ្ឌា​ជា​ច្រើន​រូប ដើម្បី​​រឹត​ចំណងទំនាក់ទំនង​​វិស័យ​​យោធា​រវាង​ប្រទេស​ទាំង​ពីរ ឥណ្ឌា​-អាមេរិក​ ឱ្យ​បាន​កាន់​ស្អិត​ល្មួត ព្រោះ​ពេល​នេះ ក្តី​ព្រួយ​បារម្ភ​បាន​រីក​ធំ​ធាត់​ខ្លាំងជា​លំដាប់​ ​នៅ​ក្នុង​តំបន់ ដោយហេតុ​តែ​ការ​ពង្រីក​មហិច្ឆតា​វាតទឹកដី​ឥត​ ឈប់​ឈរ​របស់​ចិន។

Sécrétaire americain à la défense et son homologue indien
Sécrétaire americain à la défense et son homologue indien © Reuters
ផ្សាយពាណិជ្ជកម្ម

​ចប់​ហើយ​ ការ​រើស​អើង មើល​គ្នា​ក្នុង​ក្រសែ​ភ្នែក​សង្ស័យ​ ដែល​ធ្លាប់​មាន​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់។ ពេល​នេះ​ ឥណ្ឌា​និង​អាមេរិក​កំពុង​ខិត​រក​គ្នា​ និង​រឹង​បន្តឹង​ចំណង​ផ្នែក​យោធា ! ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក​ នៅ​ក្រុង​ញូវដែលី​ ថ្ងៃ​នេះ​ជា​ភស្តុតាង។

អាមេរិកចង់​​ល្បង​អូស​ទាញ​បន្តិច​ម្តងៗ​ប្រទេស​ឥណ្ឌា​ឱ្យ​ចូល​ក្នុង​បណ្តាញ​សម្ព័ន្ធ​ការពារ​ជាតិ​​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្នុង​ខណៈ​ដែល​ប្រទេស​ក្នុង​តំបន់​កំពុង​ព្រួយ​បារម្ភ​ខ្លាច​ចិន​ប្រើ​កម្លាំង​ក្រសោប​យក​សមុទ្ទ​ចិន​ខាង​ត្បូង​មក​គ្រប់​គ្រង​តែ​ម្នាក់​ឯង។ ឯ​ចំណែក​ឥណ្ឌា​វិញ ក៏​​មិនស្រណុក​ចិត្ត​ដែរ នៅ​ពេល​បាន​ឃើញ​​​នាវា​ចម្បាំង​​ចិនបង្ហាញ​​​វត្តមាន​កាន់​ញយ​ឡើងៗ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​និង​ក្នុង​មហាសមុទ្ទ​ឥណ្ឌា។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក​ចង់​ឃើញ​ឥណ្ឌា​កាន់ដៃ​អាមេរិក​ ការពារ​​សណ្តាប់​ធ្នាប់​​អន្តរជាតិ ក្នុង​ដែន​ទឹក។

លើ​វិស័យ​ឧស្សាហកម្ម​យោធា​វិញ ​អាមេរិក​និង​ឥណ្ឌា​មាន​កិច្ចសហប្រតិបត្តិការ​​កាន់​តែ​ធំៗ​និង​ច្រើនឡើងៗ។ ញូវដែលីត្រូវ​ការ​បច្ចេកវិទ្យា​ថ្មី​ៗ​របស់​អាមេរិក ដើម្បី​អភិវឌ្ឍន៍​អាវុធ​យុទ្ធភណ្ឌ “Made in India” ជា​ពិសេស​ចំណេះ​ធ្វើ​របស់​អាមេរិក​ក្នុង​ការ​ផលិត​នាវា​ផ្ទុក​យន្តហោះ​ជំនាន់​ថ្មី មក​ជំនួស​នាវា​ផ្ទុក​យន្តហោះ​កញ្ចាស់ៗ​របស់​ឥណ្ឌា​ដែល​អាច​បង្ហោះ​តែ​យន្តហោះ​ធុនស្រាល។

មិន​តែ​​ប៉ុណ្ណោះ អាមេរិក​នឹង​ក្លាយ​ជា​អ្នក​ផ្គត់​ផ្គង់​យន្តហោះចម្បាំង​ប្រភេទ​F-១៦ ឬ​ F-១៨ ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កិច្ចសន្យា​យក្ស​សហផលិត​យន្តហោះ​ជាង​មួយ​រយ​គ្រឿង ដោយ​មួយ​ចំណែក​ផលិត​នៅ​ឥណ្ឌា។ កិច្ចសន្យា​នេះ​មាន​ទម្រង់​ដូច​គ្នា​នឹង​កិច្ច​សន្យា​ជាមួយ​បារាំង តែ​ឥណ្ឌា​ព្រមទិញ​ពី​ប៉ារីស ត្រឹម​​យន្តហោះ​ចម្បាំង​Rafale ៣៦​គ្រឿងទេ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គេ​សង្ឃឹម​ថា​អាមេរិក​និង​ឥណ្ឌា នឹង​អាច​បង្ហើយ​​​កិច្ចព្រមព្រៀង​ស្តី​ពី​ភស្តុភារ​យោធាដើម្បី​សម្រួល​ប្រតិបត្តិការ​យោធា​រួម​នៅ​ក្នុង​តំបន់​​ដែល​ប្រទេស​ទាំង​ពី​រ​ចរចា​គ្នា​តាំង​ពី​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ កិច្ចព្រមព្រៀង​ ដែល​នឹង​សម្រួល​កិច្ចការ​យោធា​ជា​ច្រើន ដូច​ជា​អាច​ធ្វើ​សមយុទ្ធ​​​​បន្ទាន់ ឬ​ទិញ​-លក់​គ្រឿង​បន្លាស់អាវុធ​យុទ្ធភណ្ឌ​ ប្រេង​ឥន្ធនៈ​ទៅ​ឱ្យ​ឥណ្ឌា​ ដោយ​ត្រង់ៗ។

សូម​បញ្ជាក់​ថា ឥណ្ឌា​គឺ​ជា​ប្រទេស​នាំ​ចូល​សព្វាវុធ​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក​ ដោយ​ទិញ​ច្រើន​ពី​រុស្ស៊ី អាមេរិក បារាំង និង​អ៊ីស្រាអែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ