អានតួអត្ថបទ

សេដ្ឋកិច្ច​ចិនយ៉ាប់ ​អូស​តំបន់​អាស៊ី​កំពុង​អភិវឌ្ឍ​ឱ្យ​មាន​កំណើន​យឺតយ៉ាវ

​សេដ្ឋកិច្ច​អូស​ជើង​របស់​ចិន ដែល​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទីពីរ ​បាន​​ប៉ះពាល់​យ៉ាង​ខ្លាំងដល់​កំណើន​សេដ្ឋកិច្ច​​នៅ​លើ​ពិភពលោក ! ហើយ​បើ​តាមការ​ព្យាករណ៍​របស់​ធនាគារ​ពិភពលោក ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ទី ១១​មេសា​នេះ ចិន​នឹង​អូសទម្លាក់​​​កំណើន​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​​នៅ​ក្នុង​តំបន់ អាស៊ីខាង​កើត និង​អាស៊ី​ប៉ាស៊ីហ្វិក​ ឱ្យ​​​​ធ្លាក់​ចុះ​ទៅ​តាមជាមួយ​​ដែរ រហូត​ដល់​ឆ្នាំ​២០១៨​ឯណោះ។

សេដ្ឋកិច្ច​ចិនយឺតយ៉ាវ​អូស​ដោយ​ទាំង​តំបន់​អាស៊ី​កំពុង​អភិវឌ្ឍ​ទៅ​ជាមួយ​ផង
សេដ្ឋកិច្ច​ចិនយឺតយ៉ាវ​អូស​ដោយ​ទាំង​តំបន់​អាស៊ី​កំពុង​អភិវឌ្ឍ​ទៅ​ជាមួយ​ផង ©Reuters
ផ្សាយពាណិជ្ជកម្ម

កំណើន​សេដ្ឋកិច្ច​តំបន់​អាស៊ី​ខាង​កើត​និង​ប៉ាស៊ីហ្វិក​ នឹង​ត្រូវ​បន្ថយ​ល្បឿន​ ដោយ​ថយ​ចុះ​ពី ៦,៥%​នៅ​ឆ្នាំ​២០១៥មក​ត្រឹម ៦,៣%​នៅឆ្នាំ​​២០១៦- ៦,២%​នៅ​ឆ្នាំ​២០១៧ និង​២០១៨។ នេះ​បើ​តាម​ការ​ព្យាករ​ចុង​ក្រោយ​របស់​ធនាគារ​ពិភពលោក​។ មូល​ហេតុ​ចំបង​នៃ​ការ​ធ្លាក់​ចុះ​ គឺ​បណ្តាល​មក​ពី​មហាយក្ស​ចិន​ មហា​អំណាច​សេដ្ឋកិច្ច​ទីពីរ​នៅ​លើ​ពិភពលោក ជា​អូស​សំយ៉ុង​ចុះ ព្រោះ​ចិន​អាច​មាន​កំណើន​សេដ្ឋកិច្ច​ត្រឹម​តែ​៦,៧% នៅ​ឆ្នាំ​នេះ និង​៦,៥%​នៅ​ឆ្នាំ​២០១៧​និង​២០១៨ ទល់​នឹង​៦,៩%​ កាលពី​​ឆ្នាំ​២០១៥។

 
ក្រុម​ប្រទេស​នៅ​តំបន់​អាស៊ី​ខាង​កើត នាំ​មុខ​ ដោយ​វៀតណាម និង​ហ្វីលីពីន នឹង​ត្រូវ​ធ្វើ​ជា​អ្នក​ស្ទូច​ស្ទួយ​ ដោយ​មាន​កំណើន​សេដ្ឋកិច្ច​រឹង​មាំ​ខ្លាំង​ជាងគេ។ ប៉ុន្តែ​​មិន​គ្រប់គ្រាន់​សម្រាប់​អូស​តំបន់​ទាំង​មូល​ឱ្យ​ឡើង​ងើប​ឡើង​ខ្លាំង​បានទេ។

អាស៊ី និង​ម៉ាក្រូសេដ្ឋកិច្ច

អនាគត​នាយក​រង​ធនាគារ​ពិភពលោក​ទទួល​បន្ទុក​តំបន់​អាស៊ី​​ខាង​កើត​និង​ប៉ាស៊ីហ្វិក​បាន​ពន្យល់​ថា ក្រុម​ប្រទេសកំពុង​អភិវឌ្ឍន៍​ នៅ​ក្នុង​តំបន់​ ដែល​តំណាង​ឱ្យ​កំណើន​សេដ្ឋកិច្ច​២/៥​នៃ​សេដ្ឋកិច្ចពិភពលោក បាន​ចម្រើន​លូត​លាស់ ដោយសារ​នយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​​​សន្ទុះ​នៃ​ការ​​​នាំ​ចេញវត្ថុ​ធាតុដើម។ នយោបាយ​សេដ្ឋកិច្ច​បែប​នេះ គ្មាន​ដង្ហើម​វែង​ទេ ! ​និងមាន​ហានិភ័យ​ខ្ពស់ ងាយ​​ប្រែប្រួល​ទៅ​តាម​កត្តា​ខាង​ក្រៅ កត្តា​អន្តរជាតិ​មិន​អំណោយ​ផល។ ជាក់​ស្តែង ពេល​នេះ ពិភពលោក​មាន​កំណើន​សេដ្ឋកិច្ច​ខ្សោយ និង​មិន​ប្រាកដ​ប្រជា បូក​ផ្សំ​និង​ការ​ដើរ​បន្ថយ​ល្បឿន​របស់​ចិន​ទៀត តំបន់​អាស៊ី​ ក៏​ត្រូវ​រង​ឥទ្ធិពលនឹង​​ដោយ​ចៀសមិន​រួច។

សម្រាប់​អ្នកឯកទេស តំបន់​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក ដែល​រាប់បញ្ចូល​ទាំង​ចិន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ​វៀតណាម ឡាវ ភូមា ម៉ុងហ្កោលី ហ្វីជី ប៉ាពូនអាស៊ីថ្មី-ហ្គីណេ សូឡូម៉ុង និង​ទីម័រ​ខាង​កើត ត្រូវ​តែ​ធ្វើ​កំណែទម្រង់​រចនា​សម្ព័ន្ធ​។ រដ្ឋាភិបាល​នីមួយៗ​ត្រូវ​តែ​​ចាក់គ្រឹះស្ថាបនា​រចនា​សម្ព័ន្ធ​ពន្ធដារ​ និង​នយោបាយ​ពន្ធដារ​ ដើម្បី​ប្រឈម​នឹង​ព្យុះ​ព្យោមា​ផ្សេងៗ។

​ចិន ៖ គំរូ​សេដ្ឋកិច្ច​ទាប ថេរ​និង​យូរអង្វែង

ចិន​ ​បាន​និង​កំពុង​ធ្វើ​កំណែទម្រង់​​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន​មែន ហើយ​គឺ​ការ​ធ្វើ​កំណែទម្រង់​នេះ​ឯង​ដែលជា​ចំណែក​មួយ​​នាំ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ចុះ​។ ក្រុង​ប៉េកាំង​ធ្លាប់​បាន​ពន្យល់​​ការពារ​ ជា​ញយ​ដង​ថា ចិន​កំពុងធ្វើ​កំណែទម្រង់ ដោយ​កំពុង​ស្វែង​រក​គំរូ​សេដ្ឋកិច្ច​​មួយ​ដែល​មាន​កំណើនទាប​បន្តិច​មែន តែជា​កំណើន​​​ថេរ និង​​យូរ​អង្វែង និង​ដែល​រំពឹង​ខ្លាំង​ទៅ​ផ្នែក​សេវាកម្ម បច្ចេកវិទ្យា​ថ្មី ការ​ចាយវាយ​ក្នុង​ស្រុក​ ជា​ជាង​រំពឹង​ទាំង​ស្រុងតែ​​លើ​ការ​នាំ​ចេញ និង​ឧស្សាហកម្ម​ធុន​ធ្ងន់។

ធនាគា​រពិភពលោក​ក៏​យល់​ឃើញ​ដូច​គ្នា ! ​ការ​​បន្ត​ធ្វើ​កំណែទម្រង់​របស់​ចិន​ នឹង​ជួយ​ឱ្យ​មាន​លំនឹង​សេដ្ឋកិច្ច នៃ​តម្រូវការ​ក្នុង​ស្រុក។ កំណើន​វិនិយោគ​ និង​ផលិតផល​ឧស្សាហកម្ម​នឹង​គួរ​តែ​មាន​កំរិត​ល្មម កាត់​បន្ថយ​សមត្ថភាព​ហួសហេតុ​ផ្នែក​ឧស្សាហកម្ម​ និង​កំរិត​បំណុលសាធារណៈ​ ព្រមទាំង​បង្វែរ​វិធានការ​ផ្តល់​សន្ទុះ​ពន្ធដារ​ទៅ​គិត​គូ​រ​ដល់​វិស័យ​សង្គម។ នេះ​បើ​តាម​ទស្សនៈ​របស់​ធនាគារ​ពិភពលោក។

អតិផរណា​ចិន​មាន​ស្ថិរភាព​​ជា​លើក​ទី​មួយ​ នៅ​ខែ​មីនា​

តម្លៃ​ផលិត​ផល​ធ្លាក់​ទាប​ជាង​ការ​គ្រោង​ទុក ហើយ​អតិផរណា​ក៏​ថេរ អាច​បញ្ជាក់បាន​​ថា​ ចិន​មាន​ភាព​ធូរ​ស្រាល និង​គ្មាន​សម្ពាធ​ខ្លាំង​លើ​វិស័យ​​ឧស្សាហកម្ម​។ ហើយ​បើ​តាម​អ្នក​ឯកទេស​សេដ្ឋកិច្ច ដំណឹង​ថ្មី​នេះ អាច​នឹង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កំរិត​នយោបាយរូបិយវត្ថុ​របស់​ខ្លួន​ផង ថ្វី​បើ​មិន​ទាន់​ដល់​កំរិត ជា​ផ្លែផ្លា​ ​សក្តិសម​នឹង​ការ​ប្រឹង​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​ក៏​ដោយ។ ធនាគារ​ចិន​បាន​បើក​យុទ្ធនាការ​ផ្តល់​សន្ទុះ​អតិផរណា​ តាំង​ពី​ចុង​១០១៤មក​ម្ល៉េះ។ ប៉េកាំង​សង្ឃឹម​ថា​នឹង​ចិន​នឹង​មាន​អតិផរណា​ម្តុំ​៣% តែ​ពេល​នេះ​ អតិផរណា​មាន​លំនឹង​ត្រឹម​២,៣%។ សូម​បញ្ជាក់​ថា​នៅដើម​​ឆ្នាំ​២០១៥ អតិផរណា​ចិន​បាន​ធ្លាក់​ចុះ​ដល់​ទៅ​ក្រោម​១%៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ