អានតួអត្ថបទ

ប្រព័ន្ធ​ប្រកាន់​​វណ្ណៈ កំពុង​អង្រួន​ឥណ្ឌា​ក្នុង​ហិង្សា

បាតុកម្ម​​របស់​ពលរដ្ឋ​​វណ្ណៈកណ្តាល​​នៅឥណ្ឌា​​​ ដើម្បី​ទាមទារ​សិទ្ធិ​សិក្សា និង​ការងារ បាន​រាលដាល​ទៅ​ជា​អំពើ​ហិង្សា។ នៅ​ក្នុង​រយៈពេល​ជាង​មួយ​សប្តាហ៍នេះ មាន​​មនុស្ស​យ៉ាងតិច ១៩នាក់​ត្រូវ​ស្លាប់ និង​របួស​ជាង​១៧០​នាក់ ហើយ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រជាជន​រាប់លាន​នាក់​ត្រូវ​កាត់ផ្តាច់ មធ្យោបាយ​ធ្វើ​ដំណើរ​​ត្រូវ​ជាប់​គាំង ស្ថានីយ៍​រថភ្លើង-អាគារ​ពិព័រណ៍​ត្រូវ​ដុត​បំផ្លាញ ... ទាហាន​ច្រើន​ពាន់​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​បង្ក្រាប​អំពើ​ហិង្សា។ ​មកទល់នឹង​ថ្ងៃ​អង្គារ​នេះ​ការ​ប្រឈមមុខ​ដាក់គ្នា​នៅតែ​កើតមានឡើង បើទោះបីជា​មាន​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ កាល​ពីថ្ងៃ​ចន្ទក៏​ដោយ។ តើ​អំពើ​ហិង្សា​នេះ​កើតឡើង​ដោយ​មក​ពី​មូលហេតុអ្វី?

ប្រជាពលរដ្ឋ​វណ្ណៈ​ហ្សាត​បន្ត​ធ្វើ​បាតុកម្ម នៅ​ថ្ងៃទី ២៣ កុម្ភៈ​ ២០១៦ ទាមទារ​សិទ្ធិ​សិក្សា​និង​ធ្វើ​ការងាររដ្ឋ​​
ប្រជាពលរដ្ឋ​វណ្ណៈ​ហ្សាត​បន្ត​ធ្វើ​បាតុកម្ម នៅ​ថ្ងៃទី ២៣ កុម្ភៈ​ ២០១៦ ទាមទារ​សិទ្ធិ​សិក្សា​និង​ធ្វើ​ការងាររដ្ឋ​​ © Reuters
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ជា​ច្រើនខែ​ថ្ងៃ​មក​ហើយ ដែល​សម្ពាធ​សហគម​បាន​ឡើង​តាន​តឹង​ខ្លាំង នៅ​ភាគ​ខាង​ជើង​ឥណ្ឌា ក្នុង​រដ្ឋ​អារីយ៉ាណា ជាប់​នឹង​ញូវដែលី។ រដ្ឋ​ដែល​មាន​ពលរដ្ឋ​ភាគ​ច្រើន (២៩%) ជា​វណ្ណៈកសិករ រស់​រក​ស៊ី​រំពឹង​លើ​ដីស្រែកសិកម្ម ឬ​ហៅថា វណ្ណៈ​ ហ្សាត Jat។

បាតុកម្ម​ដើម្បីប្តូរ​វណ្ណៈ

ប៉ុន្តែ​ដី​ស្រែ​កសិកម្ម​ ត្រូវ​បាន​រួញ​បន្តិច​ម្តងៗ ក្លាយ​ជា​ចំណី​នៃ​រោងចក្រ​ឧស្សាហកម្ម បូក​ផ្សំ​នឹង​គ្រោះធម្មជាតិ​ឥតឈប់​ឈរ រាំងស្ងួតខ្លាំង ចំណូល​​កសិកម្ម​ធ្លាក់​ថ្លៃជា​លំដាប់ ជីវភាព​ពួក​គេ​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំងឡើងៗ។ ក្នុង​នាម​ជា​ពលរដ្ឋ​ក្នុង​វណ្ណៈ​កសិករ​ ធ្វើ​ដីស្រែចម្ការ ពួក​គេ​គ្មាន​សិទ្ធិ​​ទៅ​សិក្សា​នៅ​ថ្នាក់​ឧត្តមទេ អត្រា​អស់​ចេះ​អក្សរ​ក្នុង​សហគម​នេះ ខ្ពស់​ណាស់។  គ្មាន​ចំណេះ​ដឹង ​គ្មាន​សិទ្ធិ​សិក្សា ពិ​បាក​រក​ការងារ​​ធ្វើ​ មិន​អាច​រស់​បាន​នឹង​របរ​កសិកម្មហើយ តើ​ពួក​គេ​អាច​រស់​បាន​ដោយ​របៀប​ណា ?

កាលពី​ឆ្នាំ​ទៅ អភិបាល​រដ្ឋ​អារីយ៉ាណា បានព្រមព្រៀង​ផ្តល់​កូតា​១០%​ទៅ​ឱ្យ​វណ្ណៈ​ ហ្សាត សម្រាប់​ចូល​សិក្សា​និង​ការងារ​រដ្ឋការ ប៉ុន្តែ​តុលាការ​កំពូល​បាន​ព្យូរ​សេចក្តី​សម្រេច​​របស់​រដ្ឋាភិបាល​នេះ​វិញ​កាលពី​ខែ​កក្កដា។ តាំង​ពេល​នោះ​មក​ ភាព​តានតឹង​ឡើង​ខ្លាំង​ តំណាង​ថ្នាក់​ដឹកនាំ​វណ្ណៈ​នេះ បានប្រែក្លាយ​ការ​​គំរាម ​មក​ជា​​បាតុកម្ម​​ពិត ទាមទារ​ឱ្យ​រដ្ឋាភិបាល​ចាត់​ទុក​វណ្ណៈ​ហ្សាត ក្នុង​ចំណោម​​វណ្ណៈ​ទាប​បំផុត​ ដើម្បី​អាចមាន​សិទ្ធិ​បាន​ទៅ​សិក្សា បាន​ចូលធ្វើ​ការ​នៅ​ក្នុង​​ស្ថាប័ន​រដ្ឋ​។

កាលពី​ឆ្នាំ​ទៅ​ វណ្ណៈ​ប៉ាទីដារ វណ្ណៈ​អ្នក​រក​ស៊ី ម្ចាស់​ដី​ ក៏​បាន​ដឹកនាំ​បាតុកម្ម​ហិង្សា​ក្នុង​បំណង​តែ​មួយ​ដូចគ្នា​នេះ​ដែរ​គឺ​ ដើម្បី​ប្រាក់​ខែ និង​ការ​សិក្សា។ វណ្ណៈ​ប៉ាទីដារ វណ្ណៈ​ហ្សាត និង​វណ្ណៈ​កណ្តាល​ផ្សេងៗ​ទៀត ចង់​ដើរ​ចេញពី​ភាព​ទ័ល​ច្រក ព្រោះ​ពួក​គេ​ត្រូវ​បាន ​ចាត់​ទុក​ជា​អ្នក​មាន​ជីវភាព​ធូរធារ​មធ្យម មិន​អាច​ទទួល​បាន​កូតា​ដូច​អ្នក​វណ្ណៈ​ក្រីក្រ តែនៅ​​អន់ថយ​មិន​អាច​ប្រៀបនិង​រត់​ទាន់​​អ្នក​មាន​វណ្ណៈ​ខ្ពស់​បាន។

ឥណ្ឌា​សម័យ​ទំនើប មាន​ការ​ប្រកាន់​វណ្ណៈ ?

បើ​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ឥណ្ឌា​សម័យ​ថ្មី​គ្មាន​វណ្ណៈ​ទេ ! ប្រព័ន្ធ​ប្រកាន់​វណ្ណៈ​ ត្រូវ​បាន​គេ​ចាត់ទុក​ជា​ទម្រង់​នៃ​ការ​រើស​អើង​ ក្នុង​ទម្លាប់​ប្រពៃណី​បូរាណ ដែល​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​​មាន​វត្តមាន​ក្នុង​សង្គម​ឥណ្ឌា​សម័យ​ទំនើប​ សម័យ​ឧស្សាហកម្ម​ និង​ដែល​មាន​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំង​នោះ​ទេ។

ប្រព័ន្ធ​ប្រកាន់​វណ្ណៈ​ ដែល​ពីមុន​មក​បាន​រារាំង​មិន​ឱ្យ​ពលរដ្ឋ​ក្នុង​វណ្ណៈ​ក្រោម និង​ទាបៗបំផុត មិន​ឱ្យ​ឆ្លង​សហគម ត្រូវ​បាន​សាប​រលាប​បន្តិច​ម្តងៗ​ទៅ​តាម​ពេល​វេលា​ហើយ។ លោក ណារិនដ្រា ម៉ូឌី ជា​កូន​អ្នក​លក់​តែ បានក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ ជា​ភស្តុតាង​បញ្ជាក់​ថា​គ្មាន​ទៀត​ទេ ការ​ប្រកាន់​វណ្ណៈ។

ដើម្បី​កាត់​បន្ថយ​ការ​ប្រកាន់ និង​បែង​ចែង​វណ្ណៈ ដែល​មាន​ចាក់​ឬស​ចាក់​គល់​ក្នុង​វប្បធម៌​ឥណ្ឌា តាំង​ពី​បូរាណ​កាល​មក ច្បាប់​ថ្មី​​បាន​ចែង​ កំណត់​ជា​​កូតា ឱ្យ​ពលរដ្ឋ​ក្នុង​វណ្ណៈ​ទាប វណ្ណៈ​ក្រោម​ អាច​មាន​សិទ្ធិ​​ចូល​សិក្សា​ដល់​ថ្នាក់​មហាវិទ្យាល័យ មាន​សិទ្ធិ​ចូល​ធ្វើ​ការ​ជា​បុគ្គលិក​រដ្ឋ​ ដែល​អាច​ធានា​ជីវភាព​​រស់​នៅ​បាន។

ប៉ុន្តែ​ការ​រើសអើង មាក់​ងាយ​​ចំពោះ​វណ្ណៈ​ក្រីក្រ នៅ​តែ​មាន​ជាសន្ធោសន្ធៅ​ដដែល​​នៅ​តាម​តំបន់​ជនបទ តំបន់​គ្មាន​ការ​អភិវឌ្ឍន៍ ដែល​តំណាង​ឱ្យ​ដល់​ទៅ​ជាង​ពាក់​កណ្តាល​​នៃ​ពលរដ្ឋ​ឥណ្ឌា​សរុប។

ហេតុ​អ្វី​ ឥណ្ឌា​នៅ​បន្ត​ប្រើ​​ប្រព័ន្ធកូតា​​វណ្ណៈ​ ?

នេះ​គឺ​ជា​ប្រធានបទ​ដ៏​រសើប​បំផុត សម្រាប់​អ្នក​នយោបាយ​។ ​ ប្រព័ន្ធ​កូតាតាម​វណ្ណៈ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​មធ្យោបាយ​តែ​មួយ​គត់ ដែល​អាច​ផ្តល់​សំណាង​ស្មើៗ​គ្នា​ដល់ពលរដ្ឋ​ឥណ្ឌា​គ្រប់​រូប គ្រប់​ស្រទាប់​វណ្ណៈ​ មិន​ថា​ជា​​អ្នក​មាន​និង​អ្នក​ក្រ​។

ប៉ុន្តែបញ្ហា​នៅ​ត្រង់​ថា នៅ​ក្នុង​ប្រទេស​មួយ​ដូច​យ៉ាង​ឥណ្ឌា​ ដែល​មាន​ពលរដ្ឋ​មួយ​ភាគ​បួន ជា​ជន​ក្រីក្រ ​មាន​ចំណូល​មិន​ដល់​១​អឺរ៉ូ​ផង​ក្នុង​មួយថ្ងៃ ហើយ​ជាង​នេះ​ទៅ​ទៀត នៅ​រវាង​មួយ​ទសវត្សរ៍​ទៀត ចំនួន​ពលរដ្ឋ​ឥណ្ឌា​នឹង​កើន​ឡើង​លើស​ពលរដ្ឋ​ចិន​ទៅ​ទៀត  ត្រូវ​ប្រឈម​មុខ​ខ្លាំង​នឹង​បញ្ហា​ឥត​ការងារ​ធ្វើ និងធ្វើការ​មិន​គោរព​ពេល​វេលា (​ការ​រំលោភ​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​)។

ថ្វី​បើ​ឥណ្ឌា បាន​និងកំពុង​ស្គាល់​កំណើន​សេដ្ឋកិច្ច ៧,៣%មែន ប៉ុន្តែ​ឥណ្ឌា​រង​ការ​រិះគន់​ច្រើន​ណាស់ ទាក់ទង​នឹង​​កង្វះ​ខាត​ផ្នែក​ទីផ្សារ​ការងារ​សម្រាប់​យុវជន។ ក្នុង​មួយ​ឆ្នាំៗ ឥណ្ឌា​កត់​ត្រា​ឃើញ​មាន​យុវជន​យុវនារី រាប់​លាន​នាក់ថ្មី​បន្ថែម​ទៀត​​ កំពុង​រង់ចាំស្វែង​រក​ការងារ។ ជា​ឧទាហរណ៍ជាក់​ស្តែង នៅក្នុង​រដ្ឋ អារីយាណា គិត​ចាប់​ពី​ឆ្នាំ​១៩៩១​មក តម្លៃ​ផលិតផល​ឧស្សាហកម្ម​បាន​កើន​ឡើង ១០៦៦% តែ​ចំនួន​ការងារ​បាន​កើន​ឡើង​តែ​៨០%​ប៉ុណ្ណោះ និង​បាន​ចាប់​ធ្លាក់​ចុះ​ជាបន្ត​បន្ទាប់​ទៀត តាំង​ពី​ឆ្នាំ​២០០៦​មក។

ចំពោះ​ការងារ​រដ្ឋការ គ្រប់​គ្នា​សម្រុក​ចង់​ក្លាយ​ជា​​​មន្ត្រី​បុគ្គលិក​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ ដែល​ជា​តួនាទី​ដ៏​មាន​លំនឹង​បំផុត​។ ការ​ជ្រើសរើស​បុគ្គលិក​ចូល​ក្របខ័ណ្ឌ​ស្រូប​យក​បាន​យុវជន​យុវនារី​រាប់​ពាន់​នាក់​ ក្នុង​មួយ​ឆ្នាំៗ ប៉ុន្តែ​បេក្ខជន​ដែល​ធ្លាក់​តែង​មាន​អារម្មណ៍​មក​ពី​ប្រព័ន្ធ​កូតា​រើសអើង​វណ្ណៈ​ រើស​អើង​សមត្ថភាព។

ប្រព័ន្ធ​កូតា​នេះ​ផ្ទាល់​តែ​ម្តង ក៏​​មាន​បញ្ហា​ ព្រោះ​ថ្វី​បើ​​​ស្រទាប់​វណ្ណៈ​ទាប​​បំផុត​​មាន​ចែង​ច្បាស់​ក្នុង​កូតា ​ វណ្ណៈ​កណ្តាល​មធ្យម​តែង​ត្រូវ​បាន​មើល​រំលង ឯការ​អនុវត្ត​អាច​ប្រែប្រួល​ទៅ​តាម​រដ្ឋ។ នៅ​ពេល​ឃោសនា​បោះឆ្នោត អ្នក​នយោបាយ​តែង​សន្យា​​សើរើ​ប្រព័ន្ធ​កូតា​នេះ​ បញ្ចុះ​ឬ​ដំឡើង​កូតា​ទៅ​ឱ្យ​វណ្ណៈ​នេះ ឬ​វណ្ណៈ​នោះ​ ប៉ុន្តែ​គ្រាន់តែ​ដើម្បី​ប្រមូល​សំឡេង​ឆ្នោត​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ