អានតួអត្ថបទ

យោធា​ភូមា​បោះឆ្នោត​​ដោយ​គ្មាន​អ្នក​សង្កេតការណ៍​

មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ ដែល​នឹង​អាច​នាំ​លោកស្រី អ៊ុង សានស៊ូជី ឱ្យ​បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​ប្រទេសនោះ ក្តី​ព្រួយ​បារម្ភ​ មាន​កាន់​តែ​ខ្លាំង​នៅ​ថ្ងៃ​សៅរ៍​នេះ ព្រោះ​នៅ​ទី​បំផុត ការ​បោះឆ្នោត​មុន​កាលកំណត់​របស់​ក្រុម​យោធា ​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​ចូល​រួម​ពី​សំណាក់​អ្នក​សង្កេតការណ៍​អន្តរជាតិ​ទេ។ ថ្ងៃ​បោះឆ្នោតកាន់​តែ​ខិត​មកដល់ ភាព​ភ័យ​ខ្លាច​មានកាន់​តែ​ខ្លាំង។

យោធា​ភូមា​បាន​បោះឆ្នោត​រួច​ហើយ​នៅ​ថ្ងៃ​នេះ ដោយ​គ្មាន​អ្នក​សង្កេតការណ៍
យោធា​ភូមា​បាន​បោះឆ្នោត​រួច​ហើយ​នៅ​ថ្ងៃ​នេះ ដោយ​គ្មាន​អ្នក​សង្កេតការណ៍ © Reuters
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃទី ២០​តុលា ប្រធាន​ក្រុម​សង្កេតការណ៍​អឺរ៉ុប បាន​អបអរ និង​កោត​សរសើរ​​មេទ័ព​​​ភូមា ដែល​បាន​ព្រមព្រៀង​ ជា​លាយ​លក្ខណ៍​​ឱ្យ​អ្នក​សង្កេត​ការណ៍​​បាន​ចូល​ទៅ​ក្នុង​បន្ទាយ​តាមដាន​ការ​បោះឆ្នោត។ សម្រាប់​អឺរ៉ុប ក្រុមយោធា​ភូមា ពិត​ជា​មាន​ឆន្ទៈ​ល្អ​ ដូច​ឆ្នាំ​២០១១ ដែល​របប​សឹក​សុខ​ចិត្ត​ដោះ​ឯកសណ្ឋាន​មក​​​ដឹកនាំ​ប្រទេស​តាមបែប​ស៊ីវិល។

 

ប៉ុន្តែ​នៅ​ថ្ងៃ​នេះ គឺ​មាន​តែ​ការ​ខក​ចិត្ត​។ ពាក្យ​សន្យា​មិន​ត្រូវ​បាន​គោរព​ ក្រុមអ្នក​សង្កេតការណ៍​អឺរ៉ុប​មិន​អាច​ចូល​ទៅ​បន្ទាយ​ទាហាន​បាន​ ! ដូច្នេះ​តើ​អាច​និយាយ​អំពី​ការ​បោះឆ្នោត​ប្រកប​ដោយ​តម្លាភាព​បាន​យ៉ាង​ដូចម្តេច​ទៅ ?! ភូមា​មាន​ទាហាន​ប្រមាណ​ពី​៤ទៅ​៥​សែន​នាក់ ដែល​ជា​ចំនួន​មិន​អាច​មើលស្រាល​បាន​ឡើយ​បើ​ប្រៀប​ទៅ​នឹង​ចំនួន​ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​ជាង​៣០​លាន​នាក់។

 

ប្រឈម​មុខ​នឹង​ស្ថានការណ៍​បែប​នេះ​ទាំង​ពលរដ្ឋ​ភូមា ទាំង​អ្នក​សង្កេតការណ៍​អឺរ៉ុប សុទ្ធ​តែ​បង្កើន​ក្តី​ព្រួយ​បារម្ភ​ទ្វេ​ឡើង។ ជាង​នេះ​ទៅ​ទៀត មួយ​រយៈ​ចុងក្រោយ​នេះ ប្រធានាធិបតី​ភូមា ដែល​ជា​អតីត​ឧត្តមសេនីយ៍ និង​ជា​អតីត​នាយក​រដ្ឋមន្ត្រីរបប​​សឹក បាន​បង្កើន​ការ​គំរាម​កំហែង​គ្រប់​បែប​យ៉ាង។ ថ្វី​បើ​នៅ​ថ្ងៃល្ងាចមិញ លោក​ ថេន សេន បាន​ប្រកាស​តាម​កញ្ចក់​ទូរទស្សន៍​ ថារដ្ឋាភិបាល​និង​យោធា​​នឹង​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​​មែន តែ​តំណាងអង្គការក្រៅ​រដ្ឋាភិបាល Human Rights Watch ​ក្រែង​ថា​ប្រធានាធិបតី​រូប​នេះ មិន​អាច​ប្រកាន់​ជំហរ​បាន​រឹង​មាំ ក្រសោប​​​​អតីត​យោធា​គ្រាក់ៗ​ក្នុង​របប​ចាស់​ឱ្យ​ដើរ​តាម​គន្លង​តែ​មួយ​បាន។

 

បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​លោក​ស្រី អ៊ុងសានស៊ូជី ព្រួយ​អំពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត នា​ឱកាស​នេះ។ ឯការ​បោះឆ្នោត​នៅបរទេស​ បាន​ប្រព្រឹត្ត​យ៉ាង​ច្របូក​ច្របល់។ ក្នុង​ពេល​រង់ចាំ​ ពលរដ្ឋ​ភូមា​គ្មាន​អ្វី​រំពឹង​ ក្រៅអំពី​យក​អបិយជំនឿ​មក​ធ្វើ​ត្រីមុខ ទាយ​ថា​ថ្ងៃ​ទី​៨ វិច្ឆិកា ជា​ថ្ងៃ​ជោគជ័យ​សម្រាប់​ស្ត្រី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ