អានតួអត្ថបទ

អូបាម៉ា​សុំ​ទោស​លោក​អាបេ ​រឿង​អាមេរិក​លប​ធ្វើ​ចារកិច្ចសម្ព័ន្ធមិត្ត​ជប៉ុន

ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​ថ្លែង​សុំ​ទោស​ជប៉ុន​ នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់​ពី​មាន​ពាក្យ​ចចាម​អារាម​បង្ហើប​ដោយ​​វីគីលីក ថា វ៉ាស៊ីនតោន​ ទំនង​ជា​បាន​លប​ធ្វើ​ចារកិច្ច​​ឥស្សរជន​នយោបាយ​ជាន់​ខ្ពស់​ជប៉ុន ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិត​ដិត​របស់​ខ្លួន។

ប្រធានាធិបតី​អាមេរិក​ទូរស័ព្ទ​ទៅ​សុំ​ទោស​ជប៉ុន​រឿង​ចារកិច្ច
ប្រធានាធិបតី​អាមេរិក​ទូរស័ព្ទ​ទៅ​សុំ​ទោស​ជប៉ុន​រឿង​ចារកិច្ច White House/Pete Souza
ផ្សាយពាណិជ្ជកម្ម

តាម​រយៈកិច្ច​សន្ទនា​តាម​ទូរស័ព្ទ លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា បាន​សម្តែង​ការ​សោក​ស្តាយ​ជា​ពន់​ពេក​ចំពោះ​រឿង​អាស្រូវ​ចារកិច្ច​អាមេរិក ដែល​បាន​ធ្វើ​ជប៉ុន​ចោទ​ជា​សំណួរ​​តស៊ូ​មតិ​យ៉ាង​ពុះ​កញ្ជ្រោលឡើង។ ចំណែក​លោក​អាបេ​វិញ ដូច​ធ្លាប់​បាន​ទូរស័ព្ទ​និយាយ​ជាមួយ​អនុប្រធានាធិបតី​ លោក ចូ បៃដិន លោក​នាយក​រដ្ឋមន្ត្រី បាន​រំលឹក​ថា ប្រសិន​បើ​ឥស្សរជន​ជប៉ុន​ដែល​វីគីលីក​បាន​លើក​ឡើង​សុទ្ធ​តែ​ស្ថិត​ក្រោម​ការ​ដាន​ចារកិច្ច​របស់​អាមេរិកមែន នោះ​ជប៉ុន​នឹង​ពិត​ជា​មិន​អាច​មាន​ទំនាក់ទំនង​ជា​អាមេរិក​ប្រកប​ដោយ​ទំនុក​ចិត្ត​បាន​ឡើយ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជប៉ុន នា​ឱកាស​ធ្វើ​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ។

 

រដ្ឋាភិបាល​ជប៉ុន​ធ្លាប់​បាន​អះអាង​រួច​មក​ហើយ កាលពី​ដើម​ខែ​សីហា ថា​សកម្មភាព​ចារកិច្ច​របស់​អាមេរិក​ ប្រសិន​បើ​ជា​ពិត​ នោះ​ពិត​ជា​ទង្វើ​ដ៏​គួរ​ឱ្យ​សោក​ស្តាយ​បំផុត។ តែ​ជា​ប្រតិកម្ម​ដែល​ហាក់​ដូច​ជា​ស្រាល​ខ្លាំង​ណាស់​បើ​ប្រៀប​ទៅនឹង​កំហឹង​របស់​បារាំង ឬ​អាល្លឺម៉ង់ ក្នុង​រឿង​ចារកិច្ច​អាមេរិក​នេះ។

វីគីលីក វិបសៃត៍​មានឯកទេស​ខាង​ផ្សព្វផ្សាយ​ឯកសារ​សម្ងាត់ បាន​បង្ហើប​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ៣១​កក្កដា ថា អាមេរិក​បាន​ឈ្លប​ស្តាប់​អ្នកទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ ​ ក្រុមហ៊ុន​ធំៗ ព្រមទាំង​អភិបាល​ធនាគារ​កណ្តាល​ជប៉ុន។ ប៉ុន្តែ​ខុស​ពី​ករណី​លោក​ហ្វ្រង់ស័រ​ហូឡង់ ប្រធានាធិបតី​បារាំង និង​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ លោក​អាបេ ទំនង​ជា​មិន​រង​ការ​ធ្វើ​ចារកិច្ចដោយ​ផ្ទាល់​ទេ។

អាមេរិក​និង​ជប៉ុន ជា​សម្ព័ន្ធមិត្ត​​ ដ៏​ស្អិត​ល្មួត ! ប្រទេស​ទាំងពីរ​តែង​តែ​ប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ញឹកញយ​លើ​វិស័យ​ការពារជាតិ និង​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​សកម្ម​ក្នុង​វិស័យ​សេដ្ឋកិច្ច។ អាមេរិក​តែង​បង្ហាញ​ឆន្ទៈ​គាំទ្រ​​រដ្ឋាភិបាល​ជប៉ុន​រហូត​មក។ ឆ្លៀត​ក្នុង​ឱកាស​សុំ​ទោស​នេះ អាមេរិក​របស់​លោក​អូបាម៉ា បាន​បញ្ជាក់​ជា​ថ្មី​ជំហរ​គាំទ្រ​សេចក្តី​ថ្លែងការណ៍​របស់​លោក​អាបេ កាលពី​ថ្ងៃ​រំលឹក​ខួប​៧០​ឆ្នាំ​នៃ​ការ​ចាញ់​សង្គ្រាម​លោក​លើក​ទីពីរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ