អានតួអត្ថបទ

ជប៉ុន ដាក់​ឱ្យ​ដំណើរការឡើង​វិញ​​ប្រតិករ​នុយក្លេអ៊ែរ​ ដើម្បី​បរិស្ថាន

បន្ទាប់​ពី​អាក់ខាន​គ្មាន​ថាមពល​នុយក្លេអ៊ែរ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ ជប៉ុន​បាន​ប្រកាស ដាក់​ឱ្យ​ដំណើរ​ការ​ឡើង​វិញជា​លើក​ទី​មួយ​ ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​ សិនដៃ ១ ចាប់​ពី​ថ្ងៃ​អង្គារ​ទី ១១​សីហា​នេះ​ទៅ។ ហើយ​ចាប់​ពី​ខែ​កញ្ញា​ទៅ ជប៉ុន​របស់​លោក​ស៊ីនហ្សូ អាបេ សង្ឃឹម​ថា​នឹង​អាច​ទាញ​​​ថាមពល​អគ្គីសនី ពី​នុយក្លេអ៊ែរ មក​បម្រើ​សេចក្តី​ត្រូវ​ការ​ជា​ធម្មតា​ឡើង​វិញ ដូច​កាល​មុន​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ា។

ម៉ាស៊ីន​ប្រតិករ​ទី​៣ នៃ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វ៊ូគូស្ហ៊ីម៉ា។ រូបភាព​ផ្កាយ​រណប​ថ្ងៃទី ១៤​មីនា ២០១១
ម៉ាស៊ីន​ប្រតិករ​ទី​៣ នៃ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វ៊ូគូស្ហ៊ីម៉ា។ រូបភាព​ផ្កាយ​រណប​ថ្ងៃទី ១៤​មីនា ២០១១ Digital Globe/Handout /Reuters
ផ្សាយពាណិជ្ជកម្ម

ក្នុង​ស្មារតី​រក្សា​សន្តិសុខ​ជា​អាទិភាព​ចំបង ដែល​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ សិនដៃ ១ ដែល​កំណើត​​ជា​លើក​ទី​មួយ​នៅ​​ឆ្នាំ​១៩៨៤ នឹង​ចាប់​បញ្ឆេះ​​ឡើង​វិញ​ វេលា​ម៉ោង ១០​និង​៣០​ ម៉ោង​ក្នុង​ស្រុក ! ហើយ​នឹង​អាច​ផ្តល់​ថាមពល​អគ្គីសនី​ចាប់​ពី​ថ្ងៃទី ១៤​ទៅ។ នេះ​ជា​ប្រសាសន៍​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលជប៉ុន។

 

​សិនដៃ​២ និង​ម៉ាស៊ីនប្រតិករ​បី​ផ្សេង​ទៀត (តាខាហាម៉ា ៣-៤ នៅ ភាគខាង​លិច​ អ៊ីកាតា ៣ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​) ក៏​បាន​ទទួល​ការ​អនុញ្ញាត​ពី​ផ្នែក​បច្ចេកទេស​ឱ្យ​ដំណើរការ​ឡើង​វិញ​ដែរ។ ជា​ធម្មតា គ្រប់​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ តែង​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​យ៉ាង​ទៀង​ទាត់ ស្រប​តាម​កាលវិភាគ​ ដំណើរការ​​១២-១៣​ខែ​ ពន្លត់​បី​-បួន​ខែ ប៉ុន្តែ​សិនដៃ​១ ដែល​បាន​ពន្លត់​ម៉ាស៊ីន​ តាមកាល​កំណត់​ នៅ​ខែ​ឧសភា​ឆ្នាំ​២០១១ មិន​អាច​ដាក់​ដំណើរ​ការ​វិញ​​ដូច​ទម្លាប់​ទេ ដោយ​មាន​បម្រាប​ពី​អាជ្ញាធរ។

សូម​បញ្ជាក់​ថា ក្រោយ​គ្រោះ​មហន្តរាយ​នៅ​ហ្វូគូស្ហ៊ីម៉ា ខែ​មីនា​២០១១ បទដ្ឋាន​សុវត្ថិភាព​នុយក្លេអ៊ែរ​ត្រូវ​បាន​រិត​បន្តឹង និងចាប់​ពី​​ឆ្នាំ​២០១៣មក​ ​ជប៉ុន​បាន​ផ្អាក​ដំណើរ​ការ​ថាមពល​​នុយក្លេអ៊ែរ​ទាំង​ស្រុង សូម្បី​តែ​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ជំនាន់​ចុងក្រោយ​គេ អូហ៊ី១ និង​២ ក៏​បាន​បិទ​នៅ​ខែកញ្ញា ដើម្បី​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​​សុវត្ថិភាព​និង​សន្តិសុខ​នុយក្លេអ៊ែរ។

ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​នេះ ជប៉ុន​រស់​ដោយ​គ្មាន​ថាមពល​នុយក្លេអ៊ែរសោះ។ ដើម្បី​បំពេញកង្វះ​ខាត​ ផ្នែក​​​អគ្គីសនី​បាន​មក​ថាមពល​នុយក្លេអ៊ែរ​ដែល​តំណាង​ឱ្យ​១ភាគ​បួន​នៃ​តម្រូវ​ការ ជប៉ុន​បាន​ងាក​ទៅ​ទៅ​បើ​មជ្ឈមណ្ឌល​អគ្គិសនី​ដើរ​ដោយកម្តៅ​។ ថ្វី​ត្បិត​តែ​គ្រប់​គ្រាន់ គ្មាន​ការ​ដាច់​ភ្លើង​មែន ប៉ុន្តែ​រដ្ឋាភិបាល​អភិរក្សនិយម​​របស់​លោក ស៊ីនហ្សូ អាបេ មាន​ឆន្ទៈ​ជានិច្ច​ចង់​ប្រើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ដើម្បី​ទាញ​យក​ថាមពល​ ព្រោះ​​តម្លៃ​​ប្រេង​ចាក់​ម៉ាស៊ីន​​អគ្គីសនី​ដើរ​ដោយ​កម្តៅខ្ពស់ ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច។ ម្យ៉ាង​ទៀត ម៉ាស៊ីន​អគ្គិសនី​ដើរ​ដោយ​កម្តៅ ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន រំខាន​ជប៉ុន​មិនឱ្យ​សម្រេច​កម្មវត្ថុ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន ទើ​បសម្រេច​វិល​ទៅ​ប្រើ​ថាមពល​នុយក្លេអ៊ែរ​វិញ។

ប៉ុន្តែមាន​​ពលរដ្ឋ​ជប៉ុន​ជាង​៥៧%​ ប្រឆាំង​នឹង​ដាក់​មជ្ឈមណ្ឌល​សិនដៃ​១​ឱ្យ​ដំណើរ​ឡើង​វិញ។ ឯ​ក្រុម​អ្នក​ការពារ​បរិស្ថាន បាន​សម្តែង​ការ​ស្តោក​សា្តយ​ ជប៉ុន​ដែល​មាន​សមត្ថភាព​ទាញ​យក​ថាមពល​មិន​ចេញ​រីង​ស្ងួត​បាន​ដល់​៥៦%​ នៅឆ្នាំ​២០៣០ នៅ​តែ​ជំពាក់​​ចិត្ត​​ខ្លាំង​លើ​ថាមពល​នុយក្លេអ៊ែរ​និង​ហ្វូស៊ីល​ ដើម្បី​សេដ្ឋកិច្ច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ