អានតួអត្ថបទ

ឧបទ្វីប​កូរ៉េ ៖ តំបន់​គ្មាន​កងទ័ពក្រោម​សម្ពាធ​ជា​អចិន្ត្រៃយ៍

ភាព​តាន​តឹង​ក្នុង​ឧបទ្វីប​កូរ៉េ​បាន​ឡើង​មួយ​កំរិត​ទៀត នៅ​ថ្ងៃ​ចន្ទ​នេះ ក្នុង​ខណៈ​ដែល​កូរ៉េទាំង​ពីរ​កំពុង​ត្រៀម​ខ្លួន​ប្រារព្ធ​ខួប​៧០​ឆ្នាំ នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ -ខួប​នៃ​ការ​រំដោះ​ប្រទេស​ចេញ​ពី​នឹម​ជប៉ុន​ នៅ​ឆ្នាំ​១៩៤៥។ ​កូរ៉េខាង​ត្បូង​បាន​ចោទ​ប្រកាន់​របប​ក្រុង​ព្យុងយ៉ាង​ថា​បាន​ដាក់​មីន​ក្នុង​តំបន់​គ្មាន​កងទ័ព​ បណ្តាល​ឱ្យ​ទាហាន​កូរ៉េខាង​ត្បូង​ ដែល​កំពុង​បំពេញ​ការងារ​ត្បាត​តាម​បណ្តោយ​ព្រំដែន​ ​ ពីរ​នាក់របួស​ដាច់​ជើង។ ប្រឈម​មុខ​នឹង​ទង្វើ​រំលោភ​បទ​ឈប់​បាញ់​នេះ កូរ៉េខាង​ត្បូង​បាន​គំរាម​ថា​នឹង​ធ្វើ​ការ​សង​សឹក ដោយ​បើក​​យុទ្ធនាការ​ឃោសនា​ដាក់​មីក្រូ​ប្រឆាំង​កូរ៉េខាង​ជើង នៅ​តាម​ព្រំ​ដែនឡើង​វិញ។

មើល​ពី​ផ្ទះ​សេរីភាព​ លើ​កណ្តាល​​បន្ទាត់​ព្រំដែន ខណ្ឌ​ចែក​កូរ៉េជាពីរ ផ្ទះខៀវសម្រាប់​ទទួល​ភាគី​បក្សដិបក្ស​ចរចា​គ្នា និង​ខាង​ជើងបន្ទាត់​ជា​បន្ទាយ​កូរ៉េខាង​ជើង
មើល​ពី​ផ្ទះ​សេរីភាព​ លើ​កណ្តាល​​បន្ទាត់​ព្រំដែន ខណ្ឌ​ចែក​កូរ៉េជាពីរ ផ្ទះខៀវសម្រាប់​ទទួល​ភាគី​បក្សដិបក្ស​ចរចា​គ្នា និង​ខាង​ជើងបន្ទាត់​ជា​បន្ទាយ​កូរ៉េខាង​ជើង Kèoprasith Souvannavong / RFI
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ក្រសួង​ការពារជាតិ​កូរ៉េខាង​ត្បូង មាន​​មីន​បី​គ្រាប់​បាន​ផ្ទុះ ហើយ​ជា​គ្រាប់​មីន​ដែល​របប​ព្យុងយ៉ាង​បាន​លួច​ចូល​មក​ដាក់​បង្កប់​ដោយ​ចេតនា ក្នុង​បំណងតែ​មួយ​គឺ​​ដើម្បី​សម្លាប់​ទាហាន​​របស់​សត្រូវ។

គ្រាប់​មីន​ដាក់​បង្កៃថ្មីៗ

 
មេបញ្ជាការ​យោធា​របស់​អង្គការ​សហប្រជាជាតិ ដែល​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​​ការ​អនុវត្ត​បទ​ឈប់​បាញ់ ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការ​ប្រកាស​លទ្ធផល​នៃ​ការ​អង្កេត​របស់​ខ្លួន​ដែរ ដែល​បញ្ជាក់​ថា មិន​មែន​ជា​គ្រាប់​មីន​ចាស់ សល់​ពី​សម័យ​សង្គ្រាម​ ឬ​កប់​សល់​តាំងពី​មុន​មក​ទេ​។ ជា​គ្រាប់​មីន​ទើប​ដាក់​បង្កប់ថ្មីៗ។ ​​ ​កូរ៉េខាង​ជើង ទំនង​ជា​បាន​​លួច​ឆ្លង​ចូលមក​ដោយ​សម្ងាត់  ក្នុង​តំបន់​សន្តិសុខ​រួម នៃ​តំបន់​គ្មាន​កងទ័ព​ ប្រចាំ​ឧបទ្វីប​កូរ៉េ បង្កប់​មីន​ដាក់​លើ​ចំ​ផ្លូវ​​ ​ដែល​​​ទាហាន​​កូរ៉េខាង​ត្បូង តែង​ដើរ​ត្បាត និង​ដែល​ឮ​​​ពួក​គេ​ដឹង​និង​ស្គាល់​ច្បាស់។

បើ​តាម​ការ​ប៉ាន់​ស្មាន មាន​គ្រាប់​មីន​ជាង​មួយ​លាន​គ្រាប់ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​តាមតំបន់​ព្រំដែន​​ខណ្ឌ​ចែក​កូរ៉េ​ទាំង​ពីរ។​ មីន​មួយ​ភាគ​ធំ​​ជា​គ្រាប់​មិន​ទាន់​ផ្ទុះ ដែលទាហាន​ជើង​អាកាស​បាន​ទម្លាក់​ពី​យន្តហោះ នៅ​អំឡុង​សង្គ្រាម​ត្រជាក់ នា​ទសវត្សរ៍​ឆ្នាំ​១៩៦០ ពោល​គឺ​ជា​​ពេល​​​​ដែល​មាន​ការ​ប្រឈម​មុខ​គ្នា​ខ្លាំង​ជាមួយ​កូរ៉េ​ខាង​ជើង។

ព្រំដែន​ដែល​មាន​​កម្លាំង​យោធា​ច្រើន​ជាង​គេ​បំផុត​នៅ​លើពិភពលោក

បើ​និយាយ​តាម​ភាសា​បច្ចេកទេស កូរ៉េខាង​ជើង​និង​ខាង​ត្បូង ជា​ប្រទេស​មាន​សង្គ្រាមនឹងគ្នា​នៅ​ឡើយ​ទេ។ ជម្លោះ​រវាង​បង​ប្អូន​បង្កើត​គូ​សត្រូវ​នឹង​គ្នា ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ការព្រមព្រៀង​ឈប់​បាញ់​ មិន​មែន​ដោយ​សន្ធិសញ្ញា​សន្តិភាព​ទេ។ នៅ​​ឆ្នាំ​១៩៥៣ សេអ៊ូល​និង​ព្យុងយ៉ាង​បាន​ចុះ​ហត្ថលេខា​លើ​បទ​ឈប់​បាញ់ និង​បង្កើត​ជា​តំបន់​គ្មាន​កងទ័ព​ឡើង។

តំបន់​​គ្មាន​កងទ័ព ដែល​មាន​​ប្រវែង​២៥០​គីឡូម៉ែត្រ ទទឹង​៤​គីឡូម៉ែត្រ គូស​​ខណ្ឌ​ចែក​កូរ៉េទាំងពីរ ត្រង់​បន្ទាប់​ខ្សែ​ស្រប​ទី​៣៨ តាំង​ពី​ជាង​៦០​ឆ្នាំ គឺ​ជា​តំបន់​ទ្រនាប់ ជា​ចំការ​មីន រនាំង​រថពាសដែក មាន​ប៉ុស្តិ​ទាហាន​យាម ឬ​ជា​ចំរឹង​ដែក ព័ទ្ធ​លួស ...  នៅ​កណ្តាល​តំបន់​គ្មានកងទ័ព មាន​​​បន្ទាត់​ខណ្ឌ​ចែក​ប្រទេស​ទាំងពីរ ដែល​ជា​ព្រំដែន​ពិត​កាត់​ចែក​ប្រទេស​ទាំង​ពីរ ​​មាន​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ អាគារ​ខៀវៗ​ ដែល​ជា​គណៈកម្មការ​យោធា​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​ការ​អនុវត្ត​បទ​ឈប់​បាញ់ និង​សម្រាប់​ទទួល​ឱ្យទាហាន​ទាំង​ពីរ​ភាគី​ចរចា​គ្នា។ ខាង​ត្បូង​បន្ទាត់​ព្រំ​ដែន​ខាង​កូរ៉េខាង​ត្បូង​មាន​​ផ្ទះ​សេរីភាព។ នៅ​ខាងជើង​ ​ គឺ​មាន​សំណង់​បែប​រចនា​បទ​សូវៀត​​​Panmungak ជា​បន្ទាយ​ទាហាន​។

ថ្វី​បើ​គេ​ដឹង​ថា​កូរ៉េខាង​ជើង​មាន​ប្រមូល​ផ្តុំ​កម្លាំង​ទ័ព​ប្រមាណ​១,២​លាន​នាក់​ ឯ​កូរ៉េខាង​ត្បូងមាន​កម្លាំង​ទ័ព​៦៥៥០០០​នាក់ បូក​បន្ថែម​នឹងកម្លាំង​ទ័ព​ជំនួយ​អាមេរិក​ ២៨០០០​នាក់​មែន ប៉ុន្តែ​គេ​មិន​បាន​ដឹង​អំពី​ចំនួនទាហាន​​ពិត​ប្រាកដ​ឈរ​ជើង​នៅ​តំបន់​គ្មាន​កងទ័ព​នេះ​ទេ ព្រោះ​ជា​ការ​សម្ងាត់​យោធា។ សេអ៊ូល​បញ្ចេញ​តែ​តួលេខ​ទេសចរ​ធ្វើ​ដំណើរ​ទៅ​ទស្សនា​តំបន់​នោះ​ថាមាន​ដល់​ទៅ ១​សែន​នាក់​ក្នុង​មួយឆ្នាំៗ។ អ្នក​ជំនាញ​ប៉ាន់​ស្មាន​ថា ភាគី​ម្ខាង​ផ្តុំ​កម្លាំង​ឈរ​ជើងប្រមាណ​ពី ៦០​ទៅ​៧០% តាម​បណ្តោយ​ព្រំដែន​។

រូង​ដីឈ្លានពាន

មិន​តែ​ប៉ុណ្ណោះ ព្យុងយ៉ាង​បាន​លួច​ជីក​រូង​ក្រោម​ដី ក្រោម​​​តំបន់​គ្មាន​កងទ័ព ដើម្បី​សម្រុក​ចូល​ទៅ​កូរ៉េខាង​ត្បូង​បាន​។ រូង​ដី​ដែល​គេ​ស្គាល់​ច្បាស់​ជាង​គេ គឺ​រូង​ជម្រៅ​៧៣​ម៉ែត្រ​ ក្រោម​ដី នៅ​ខាង​ត្បូង​អាគារ​ការិយាល័យ​អង្គការ​សហប្រជាជាតិតែ​ម្តង។ ​រក​ឃើញ​នៅ​ឆ្នាំ​១៩៧៨ រូង​ ​ដែល​មាន​ប្រវែង​១,៧​គីឡូម៉ែត្រ កម្ពស់​និង​ទទឹង​ពីរ​ម៉ែត្រ អាច​បញ្ជូន​ទាហាន​បាន​៣​ម៉ឺននាក់​ឆ្លងកាត់​ក្នុង​ម៉ោងៗ ទំនង​ជា​ធ្វើ​ឡើង​សម្រាប់​វាយ​ឆ្មក់​លើ​ក្រុង​សេអ៊ូល ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​តែ​៥០​គីឡូម៉ែត្រ​ពី​តំបន់​គ្មាន​កងទ័ព។ដូច្នេះ ក្នុង​ស្ថានភាព​ជាក់ស្តែង​ តំបន់​គ្មាន​កងទ័ពនេះ ​​​មិន​ដូច​ជា​ពាក្យ​ហៅទេ ព្រោះ​​ជា​តំបន់​ដែល​មាន​កម្លាំង​យោធា​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។ ជា​ព្រំប្រទល់​ដែល​មាន​កម្លាំង​យោធា​ខ្លាំង​ជាង​គេ​បំផុត​នៅ​លើ​លោក និង​ជា​តំបន់​ដែល​ប្រកប​ដោយ​ភាព​តានតឹង​ជា​អចិន្ត្រៃយ៍ អាច​ផ្ទុះ​អាវុធ​ បង្ក​សោកនាដកម្មភ្លាម​ បាន​គ្រប់​ពេលវេលា។

ការ​ប្រឈម​មរណៈ

ជាក់​ស្តែង ការ​ប្រយុទ្ធ​ដ៏​ខ្លាំង​ដល់​ស្លាប់​ផង ធ្លាប់​បាន​កើត​ឡើង​ម្តង កាលពី​ថ្ងៃទី ១៨ សីហា ១៩៧៦ ក្នុងពេល​កងទ័ព​កូរ៉េខាង​ត្បូង​និង​អាមេរិក​ កាប់​ដើមឈើ តែ​ត្រូវ​ទាហាន​កូរ៉េខាងជើងជំទាស់​ ព្រោះ​ជា​ដើម​ដែល​អគ្គ​មគ្គុទេសក៍​គីម​ អ៊ីលស៊ុង​ជា​អ្នក​ដាំ​ដោយ​ផ្ទាល់​ដៃ។ ដោយ​កម្លាំង​ទាហាន​ច្រើន​ជាង លទ្ធផល​ទាហាន​អាមេរិក​ស្លាប់​ពីរ​នាក់ ម្នាក់​ជា​មេបញ្ជាការ​ផង។

ក្រោយ​មកថ្វី​បើ​គ្មាន​ប្រយុទ្ធ​គ្នា​ផ្ទាល់​ជា​ទ្រង់ទ្រាយ​ធំ​ដូច​ឆ្នាំ​១៩៧៦​មែន ប៉ុន្តែ​ការ​បាញ់​រះ តូច​តាច​តែ​កើត​មាន​ជា​រឿយៗ​ រដ្ឋាភិបាល​ក្រុង​សេអ៊ូល មិន​ទទួល​ខុស​ត្រូវ​ទេ​បើ​ទេសចរ​និង​ពលរដ្ឋ​​​ធ្វើ​ដំណើរ​ទៅ​តំបន់គ្មាន​កងទ័ព​នេះ និង​មិន​គោរព​តាម​វិន័យ​ដ៏​តឹង​រ៉ឹង​របស់​ទាហាន​អ្នក​ឈរ​ជើង​ប្រចាំ​ការ​នៅ​ទីនោះ។

ការ​វាយប្រហារ​គ្នា​ដោយ​ផ្ទាល់​ចុង​ក្រោយ ប្រឆាំង​នឹង​កូរ៉េខាង​ត្បូង គឺ​នៅ​ខែ​ធ្នូ ២០១០ ក្រោយ​ពី​ព្យុងយ៉ាង​បាន​ទម្លាក់គ្រាប់​លើ​កោះ​យ៉ុងព្យុន​ដើម្បី​ប្រឆាំង​នឹង​សមយុទ្ធ​របស់​សេអ៊ូល​នៅ​តាម​ព្រំដែន។ ការ​ទម្លាក់​គ្រាប់​ដែល​បាន​សម្លាប់​ជីវិត​ទាហាន​កូរ៉េខាង​ត្បូង​ពី​រ​នាក់​​​​ និង​ស៊ីវិល​២​នាក់។ ការ​ ​សេអ៊ូលបាន​ផ្លោង​គ្រាប់​ទៅ​លើ​ទីតាំង​កូរ៉េខាង​ជើង​​​វិញ​ ដែល​គ្រប់​គ្នា​ព្រួយ​ខ្លាច​រាលដាល​ជា​ជម្លោះ​ធំ។

នៅថ្ងៃ​នេះ កូរ៉េខាង​ត្បូង​បាន​ប្រកាស​ថា​នឹង​ធ្វើ​ការ​សង​សឹក​ ឱ្យ​សក្តិសម​ តប​ទៅ​នឹង​ទង្វើ​របស់​កូរ៉េខាង​ជើង ដែល​រំលោភ​បទ​ឈប់​បាញ់​​  ដោយ​ចេញបញ្ជា​ឱ្យទាហាន​តាម​ព្រំដែន​​ធ្វើ​សង្គ្រាម​មនោគមវិជ្ជា បើក​មីក្រូ​ឃោសនា​ប្រឆាំង​នឹង​​ឥរិយាបថ​​របស់​​កូរ៉េខាង​ជើង។ សង្គ្រាម​ឃោសនា​តាម​ឧឃោសនាស័ព្ទ ដែល​សេអ៊ូល​បញ្ឈប់​សកម្មភាព​អស់​១១​ឆ្នាំ​ហើយ ទំនង​ជា​នឹង​ធ្វើ​ឱ្យ​ព្យុងយ៉ាង​​ខឹង​សម្បារ​កាន់​តែ​ខ្លាំង សម្ពាធ​ក្នុង​ឧបទ្វីប​កាន់​តែ​តាន​តឹង​ខ្លាំង​ជា​ប្រាកដ។ បើ​តាម​អ្នក​វិភាគ​ វា​ពិបាក​នឹងបញ្ចេញ​សកម្មភាព​សង​សឹក​ឱ្យ​សម​ទោស​ណាស់ ក្នុង​ស្ថាន​ភាព​ជាក់​ស្តែង។ ព្យុងយ៉ាង​រំលោភ​បទ​ឈប់​បាញ់​មែន ប៉ុន្តែ​គេ​ក៏​មិនត្រូវនាំ​ស្ថានការណ៍​ឱ្យធ្លាក់​ក្នុង​អន្ទាក់​អ្នក​ញុះញង់ និង​គ្រប់គ្រង​លែង​បាន​នោះ ឡើយ៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ