អានតួអត្ថបទ

អឺរ៉ុប-វៀតណាម បោះជំហាន​ទៅ​រក​សន្ធិសញ្ញា​​​ផ្តោះប្តូរ​ពាណិជ្ជកម្ម

សហភាពអឺរ៉ុប និង​វៀតណាម បានរក​ឃើញ​​ព្រមព្រៀងនយោបាយ​​នៅ​ថ្ងៃអង្គារទី ៤ សីហា​នេះ ដើម្បី​បង្កើត​សន្ធិសញ្ញា​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​គ្នា។ សហភាព​អឺរ៉ុប មាន​មោទនភាព​យ៉ាង​ខ្លាំង ព្រោះ​វៀតណាម ជា​ប្រទេស​ដ៏​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំងក្លា​មួយ​ប្រចាំ​តំបន់។ ជាមួយ​នឹង​សន្ធិសញ្ញា​នេះ អឺរ៉ុប​នឹង​លុបចោល​បន្តិចម្តងៗ ការ​យក​ពន្ធគយ​​លើ​ទំនិញ​នាំ​ចូល​មក​ពី​វៀតណាម។ ចំណែក​ទីផ្សារ​វៀតណាម​ក៏​នឹង​ត្រូវ​បើក​ចំហ​ទទួល​​ក្រុមហ៊ុន​អឺរ៉ុប។ 

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​វៀតណាម និង​ឯកអគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​ក្រុង​ណាហូយ ធ្វើ​សន្និសីទ​កាសែត​អបអរ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អឺរ៉ុប​វៀតណាម
រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​វៀតណាម និង​ឯកអគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​ក្រុង​ណាហូយ ធ្វើ​សន្និសីទ​កាសែត​អបអរ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អឺរ៉ុប​វៀតណាម © Reuters
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ចរចា​យ៉ាង​ស្វិតស្វាញ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លះ នៅ​ទីបំផុត​អឺរ៉ុប​និង​វៀតណាម បាន​រក​ឃើញ​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​ដ៏​ល្អ​ប្រសើរ​មួយ ! នេះ​ប្រសាសន៍​របស់​លោកស្រី​ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​ពាណិជ្ជកម្ម​ ដែល​បាន​គូសបញ្ជាក់​ថា ឧបសគ្គ​ចុងក្រោយ​ទើប​ត្រូវ​បាន​ដោះស្រាយ​នៅ​ថ្ងៃ​នេះ ក្រោយ​ពី​មានជជែកគ្នា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​​ពាណិជ្ជកម្មរួច។ ទន្ទឹម​ពេល​គ្នា​នេះ ​ទីក្រុង​ហាណូយ ​​ក៏​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​ស្វាគមន៍​កិច្ចព្រមព្រៀង​​ដែល​បាន​នាំ​វៀតណាម​ឱ្យ​ចូល​ក្នុង​ឆាក​សេដ្ឋកិច្ចពិភពលោក។

 
ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​អឺរ៉ុប​-វៀតណាម មាន​ទំហំ​២៨ពាន់​លាន​អឺរ៉ូ កាលពី​ឆ្នាំ​ទៅ ពោល​គឺកើន​ឡើង​បី​ដងក្នុង​រយៈ​ពេល​តែ​១០​ឆ្នាំ។ បើ​តាមកិច្ចព្រមព្រៀង ការ​យក​ពន្ធគយ​លើ​ផលិតផល​នាំ​ចូល​​មក​ពី​ប្រទេស​ទាំងពីរ (វៀតណាម-អឺរ៉ុប) នឹង​ត្រូវ​លុប​ចោល​ស្ទើរ​តែ​ទាំង​ស្រុង (៩៩%) តែ​ខ្លះ​ត្រូវ​លុប​ចោល​ភ្លាម ខ្លះ​ត្រូវ​រង់ចាំ​ដល់​៧​ឆ្នាំ (ឧទាហរណ៍​ការ​នាំ​ចូល​ស្រាអឺរ៉ុប​ទៅ​វៀតណាម ឬ​ផលិតផល​កាត់ដេរ​វៀតណាម​មក​អឺរ៉ុប)។

បម្រាម​ដ៏​សំខាន់​ដែល​វៀតណាម​ត្រូវ​​គោរព​និង​បញ្ជាក់​ដាច់​ខាត​គឺ​ទីតាំង​ផលិត​នៅ​ក្នុង​ស្រុក​ ! ធ្វើ​ដូច្នេះ​គឺ​ដើម្បីកុំ​ឱ្យ​ប្រទេស​ជិត​ខាង​ជាពិសេស​ចិន​យក​វៀតណាម​ធ្វើ​ទីស្នាក់​សម្រាប់​បញ្ចេញ​ផលិតផល​របស់គេ។ ផលិត​ផល​កសិឧស្សាហកម្ម​វៀតណាម​ខ្លះ ដូច​ជា​អង្ករ​ ត្រី ត្រូវ​នាំ​ចេញ​ដោយឈរ​លើ​គោលការណ៍​កូតា។

កិច្ចព្រមព្រៀង​នេះ​ នឹង​ត្រូវ​ចូល​ជា​ធរមាន​យ៉ាង​ឆាប់​នៅ​ចុង​ឆ្នាំ​២០១៧ ឬ​នៅ​ដើម​ឆ្នាំ​២០១៨ ព្រោះភាគី​ទាំងពីរ​ត្រូវ​បន្ត​ពិភាក្សា​លើ​បញ្ហា​បច្ចេកទេស និង​តាក់តែង​ឱ្យ​ចេញ​ជា​ច្បាប់។​ ប៉ុន្តែអឺរ៉ុប​មាន​មោទនភាព​ខ្លាំង​ព្រោះ ជា​កិច្ចព្រមព្រៀង​ដែល​គ្រប​ដណ្តប់​ស្ទើរ​គ្រប់​វិស័យ​ សេវាកម្មហិរញ្ញវត្ថុ​ ទូរគមនាគមន៍ ដឹកជញ្ជូន​ វិនិយោគ ​​ទីផ្សារ​សាធារណៈ និង​វិធានការ​ដាក់​កំហិត​លុប​ចោល​ផង ប្រសិន​បើ​មានការ​រំលោភ​សិទ្ធិមនុស្ស។ 

ក្រៅ​អំពី​ជាមួយ​វៀតណាម សហភាពអឺរ៉ុប ក៏​កំពុង​ខិតខំ​ស្វែង​រក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាស៊ាន កំពុង​ផ្តើម​ចរចា​ជាមួយ​ថៃ​ និង​ម៉ាឡេស៊ី។ ក្នុង​កំរិត​អាស៊ី សហភាពអឺរ៉ុប​ដែល​មាន​សន្ធិសញ្ញា​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាង​ត្បូងរួច​ហើយ បាន​ចរចា​ជាមួយ​ជប៉ុន​តាំង​ពី​ឆ្នាំ​២០១៣ ជាមួយចិន ត្រឹម​កំរិត​វិនិយោគ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ