អានតួអត្ថបទ

អាមេរិក​អរគុណ​ចិន​លើរឿង​នុយក្លេអ៊ែរ​របស់​អឺរ៉ង់

កាលពី​ថ្ងៃ​អង្គារម្សិលមិញ សេតវិមាន​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​ប្រាស្រ័យ​ទាក់ទង​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី​ជិនពីង កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​ថ្លែង​អំណរគុណ​ចំពោះ​ចិន ដែល​បាន​ដើរ​តួនាទី ដើម្បី​ទទួល​បានកិច្ចព្រមព្រៀង​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អឺរ៉ង់។

លោក​ អូបាម៉ា ទូរស័ព្ទ​អរគុណ​ចិន​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់
លោក​ អូបាម៉ា ទូរស័ព្ទ​អរគុណ​ចិន​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ White House/Pete Souza
ផ្សាយពាណិជ្ជកម្ម

សេតវិមាន​បាន​ឲ្យ​ដឹង​ថា លោក អូបាម៉ា​បាន​សម្តែង​នូវ​ការដឹងគុណ​តាម​ទូរស័ព្ទ​ចំពោះ​ប្រទេស​ចិន​ដែល បាន​ដើរ​តួនាទី​ក្នុង​ការ​នាំ​ឲ្យ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​ស្តីពី​នុយក្លេអ៊ែរ សម្រាប់រយៈ​ពេល​វែង រវាង​ម្ខាង​សមាជិក​អចិន្រ្តៃយ៍​ទាំង​ប្រាំ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ (សហរដ្ឋ​អាមេរិក ចិន រុស្ស៊ី បារាំង និង​អង់គ្លេស) បូក​ជាមួយ អាល្លឺម៉ង់ និង​ម្ខាង​ទៀត​ប្រទេស​អៀរ៉ង់។

 
ប្រមុខ​រដ្ឋ​ទាំងពីរ​បានយល់​ស្រប​គ្នា​លើ​សារៈសំខាន់​ដ៏​ចំបង​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការអនុវត្តន៍​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​កាលពី​ថ្ងៃ​ទី​១៤​ខែ​កក្កដា​នៅ​ទីក្រុង​វីយែន​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​កន្លង​ទៅ​នេះ ដែល​ជា​លទ្ធផល​នៃ​កិច្ចចរចា​ដ៏​ស្មុគស្មាញ និង​ដ៏​យូរ​អស់​រយៈពេល​ជាង​១២​ឆ្នាំ។

តាមរយៈកិច្ចព្រមព្រៀង​នេះ ទីក្រុង​តេអេរ៉ង់ បាន​យល់​ព្រម​កាត់បន្ថយ​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ខ្លួន ជា​ថ្នូរ​នឹង​ការលើកលែង​បន្តិច​ម្តងៗ​នូវ​ការដាក់​ទណ្ឌកម្ម​អន្តរជាតិ​ដែល​បាន​ច្របាច់​ក​សេដ្ឋកិច្ច​របស់​អឺរ៉ង់ ក្នុង​រយៈកាល​កន្លង​មក​នេះ។

ក្នុងការប្រាស្រ័យទាក់ទង​តាមទូរស័ព្ទ​ដដែល​នោះ សេតវិមាន​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី អូបាម៉ា ទន្ទឹង​ទាំង​«អន្ទះសារ» ចាំ​ទទួល​ជួប​លោក​ប្រធានាធិបតី​ចិន ស៊ីជិនពីងដែល​នឹង​មក​ទស្សនកិច្ច​សេតវិមាន នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ នេះ​បើ​តាម​សារពត៌មាន AFP។

គួររំលឹកថា​ក្រៅពី​ប្រធានបទ​មួយ​ចំនួន​ដែល​អាមេរិក​និង​ចិន​យល់​ស្រប​គ្នា​មាន បញ្ហា​នុយក្លេអ៊ែរ អឺរ៉ង់ កូរ៉េ​ខាងជើង បញ្ហា​បម្រែបម្រួល​អាកាសធាតុ សង្គ្រាម​នៅ​មជ្ឈឹម​បូព៌ា និង​ជំនួយ​មនុស្សធម៌ ក៏​មាន​រឿង​មួយ​ចំនួន​ផ្សេង​ទៀត ដែល​ប្រទេស​មហា​អំណាច​ទាំងពីរ​មិន​ត្រូវ​រ៉ូវ​គ្នា​ផង​ដែរ ពិសេស​ពេលថ្មីៗ​នេះ​គឺ បញ្ហា ស្តីពី​មហិច្ឆតា​របស់​ប្រទេស​ចិន​លើ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង ដែល​អាមេរិក​យល់​ថា​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ និង​បញ្ហា​ចោរកម្ម​ពត៌មានវិទ្យា​នៅ​អាមេរិក ដែល​អាមេរិក​សង្ស័យ​និង​ចោទ​ប្រកាន់​ថា ជា​ទង្វើ​របស់​រដ្ឋាភិបាល​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ