អានតួអត្ថបទ

អាមេរិក​ កូរ៉េខាង​ត្បូង និង​ជប៉ុន ព្រួត​គ្នាដាក់​សម្ពាធ​បន្ថែម​លើ​កូរ៉េខាង​ជើង

តំណាង​សហរដ្ឋ​អាមេរិក ជប៉ុន និង​កូរ៉េខាង​ត្បូង បាន​ព្រមព្រៀង​គ្នា​នៅ​ថ្ងៃពុធ​ទី ២៧​ឧសភា​នេះ បង្កើន​សម្ពាធ​ដាក់​បន្ថែម​លើ​កូរ៉េខាង​ជើង​ ឱ្យ​បោះបង់​ចោលកម្មវិធី​នុយក្លេអ៊ែរ​យោធា។ សម្ពាធ​ដែល​អាច​ជា​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ក៏​ថា​បាន។ ប៉ុន្តែ​ប្រទេស​ទាំង​បី មិន​បាន​បិទ​ខ្ទប់​ទាំងស្រុង​ដំណោះស្រាយ​តាម​ផ្លូវ​ការ​ទូត​ទេ។

លោក គីម​ ជុងអ៊ុន អញ្ចើញ​​អ្នក​វិទ្យាសាស្ត្រ វិស្វករ ដែល​បាន​រួម​ចំណែកបាញ់​មីស៊ីល​ពី​នាវា​មុជទឹក មក​ថត​រូប
លោក គីម​ ជុងអ៊ុន អញ្ចើញ​​អ្នក​វិទ្យាសាស្ត្រ វិស្វករ ដែល​បាន​រួម​ចំណែកបាញ់​មីស៊ីល​ពី​នាវា​មុជទឹក មក​ថត​រូប © Reuters
ផ្សាយពាណិជ្ជកម្ម

ក្នុង​ជំនួប​ត្រីភាគី នៅ​ទីក្រុង​សេអ៊ូល រយៈ​ពេល​បី​ម៉ោង តំណាង​សហរដ្ឋ​អាមេរិក ជប៉ុន​និង​កូរ៉េខាង​ត្បូង បាន​ពិភាក្សា​អំពី​លទ្ធភាព​​ផ្តល់​សន្ទុះ​ឡើង​វិញ​ដល់​ការ​ចរចា​​៦​ភាគី​ ដើម្បី​ជំរុញ​ឱ្យ​ព្យុងយ៉ាង​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​យោធា ជា​ថ្នូរ​នឹង​ជំនួយ​សេដ្ឋកិច្ច​និង​ការទូត។ ការ​ចរចា​ដែល​បាន​ជាប់​គាំង​តាំង​ពី ឆ្នាំ ២០០៨​មក។

 
ទន្ទឹម​នឹង​ការ​ទុក​ផ្លូវ​​ ដល់​ផ្នែក​ការទូត ទាំង​បី​ប្រទេស​បាន​ ព្រមព្រៀង​គ្នា​ថា​ត្រូវ​តែ​ដាក់​សម្ពាធ និង​ទណ្ឌកម្ម​បន្ថែម​លើ​របប​កុម្មុយនិស្ត​ព្យុងយ៉ាង ព្រោះ​សម្រាប់​កូរ៉េខាង​ត្បូង សមត្ថភាព​​លឿនស្លេវ​ ​របស់​កូរ៉េខាង​ជើង ផ្នែក​អភិវឌ្ឍន៍​នុយក្លែអ៊ែរ ជា​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ និង​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង បើ​ទោះ​ជា​បី​គេ​ពុំ​អាច​ផ្ទៀង​ផ្ទាត់​សមត្ថភាព​ពិត​របស់​ព្យុងយ៉ាង​ក៏​ដោយ។

សូម​បញ្ជាក់​ថា កូរ៉េខាង​ជើង​ទើប​បាន​ប្រកាស​ថ្មី​នេះ ថា​បាន​បាញ់​សាកល្បង​​មីស៊ីល​បាលីស្ទិក​ ចេញពីនាវា​មុជ​ទឹក​ ​និង​សម្រេច​បាន​​ការ​ផលិតក្បាល​នុយក្លេអ៊ែរ​តូច​បំផុត​អាច​បំពាក់​លើ​មីស៊ីល ប៉ុន្តែ​អ្នក​ឯកទេស​​ជា​ច្រើន​យល់​ថា​ជា​ព័ត៌មាន​បំផ្លើស​អួត​អាង ព្យុងយ៉ាង​ពុំ​ទាន់​អាច​មាន​សមត្ថភាព​ខ្លាំង​ដល់​ថ្នាក់​នោះ​ទេ។

ប៉ុន្តែគឺ​ឆន្ទៈ​​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ របស់​កូរ៉េខាង​ជើង ដែល​បង្ក​​​ក្តី​ព្រួយ​បារម្ភ​ខ្លាំង​ដល់​សហគមន៍​អន្តរជាតិ។​ បន្ទាប់​ពី​ជំនួប​ប្រជុំ​ត្រី​ភាគីនេះ អន្តរការីអាមេរិក និង​កូរ៉េខាង​ត្បូង នឹងធ្វើ​​​​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​​តែ​មួយ​គត់​របស់​ព្យុងយ៉ាង ដើម្បី​ស្វែង​រក​ដំណោះស្រាយ។ មាន​មតិ​ខ្លះ​បាន​ទាមទារ​ឱ្យ​ប្តូរ​យុទ្ធសាស្ត្រ​​ដាក់​កូរ៉េខាង​ជើង​ ព្រោះ​ការ​ដាក់​ទណ្ឌកម្ម​ ការដាក់​ឱ្យ​នៅ​ឯកាលើ​ឆាក​អន្តរជាតិ មិន​បាន​ធ្វើ​ឱ្យ​របប​ផ្តាច់ការ​នេះ​ប្តូរ​មហិច្ឆតា​នុយក្លែអ៊ែរ​សោះ។ ​ កូរ៉េខាង​ជើង​បាន​ធ្វើ​ការ​សាក​ល្បង​នុយក្លេអ៊ែរ​បី​លើក ២០០៦- ២០០៩ និង​២០១៣ ហើយ​បន្ត​​អភិវឌ្ឍន៍​កម្មវិធី​នុយក្លែអ៊ែរ​យ៉ាង​សកម្ម។ សម្រាប់​កូរ៉េខាង​ត្បូង និង​សហរដ្ឋ​អាមេរិក ដរាប​ណា​កូរ៉េខាង​ជើង​មិន​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ​​បោះបង់​នុយក្លេអ៊ែរ​ទេ ការ​ចរចា​មិន​អាច​ចាប់​ផ្តើម​វិញ​បាន​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ