អានតួអត្ថបទ
ជប៉ុន-អាមេរិក

នាយករដ្ឋមន្ត្រី​ជប៉ុន​​ថ្លែងសុន្ទរកថា​​នៅចំពោះ​មុខ​​សភា​អាមេរិក​ជា​លើក​ទី​មួយ​

បង្ហាញ​សមានទុក្ខ បង្ហាញពី​វិប្បដិសារី តែ​គ្មាន​ទេ ពាក្យ​ “សុំ​ទោស” ! នេះ​ហើយ​ជាអ្វី​ដែល​គេ​អាច​ចង​ចាំ​បាន​ពី​​​សុន្ទរកថា​របស់​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ នៅ​ចំពោះ​មុខ​សភា​អាមេរិក យប់​មិញ ដែល​ពុំ​ធ្លាប់​​​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ណា​ម្នាក់ធ្វើ​ពី​មុន​មក​ទេ។ អន្តរាគមន៍​ដែល​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​ខ្លាំង ទាំង​ពី​សំណាក់សមាជិក​សភា​អាមេរិក និង​ពី​សារព័ត៌មាន​ជប៉ុន​ក្នុង​ស្រុក។

លោក នាយករដ្ឋមន្ត្រី​ជប៉ុន  Shinzo Abe នៅ​សភា​អាមេរិក​ថ្ងៃទី ២៩ មេសា ២០១៥
លោក នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នៅ​សភា​អាមេរិក​ថ្ងៃទី ២៩ មេសា ២០១៥ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

ស្នូរ​ទះដៃ​អបអរ បាន​លាន់​កង​រំពង និង​យ៉ាង​យូរ ទាំង​ក្នុង​ពេល​កំពុង​ថ្លែង និង​ក្រោយ​​ពេល​បញ្ចប់​សុន្ទរកថា។ សភា​អ្នក​តំណាង​អាមេរិក ហាក់​ដូច​ជា​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​នឹង​ភាព​ស្មោះត្រង់​របស់​លោក​ ស៊ីនហ្សូ អាបេ​ ក្នុង​ពេល​ថ្លែង​សុន្ទរកថា រយៈ​ពេល​៤៦​នាទី​ ជា​ភាសា​អង់គ្លេស​សុទ្ធ។

 
មុន​នឹង​ចូល​ធ្វើ​អន្តរាគមន៍​នៅ​សភា​ លោក ស៊ីនហ្សូ អាបេ បាន​ឆៀង​ចូល​គោរព​វិញ្ញាណក្ខន្ធ​ នៅ​ស្តូប​សង្គ្រាម​លោកលើក​ទី​ នាទី​ក្រុង​វ៉ាស៊ីនតោន ដែល​ជា​ទីតាំង​ដ៏​ស្ងប់​ស្ងាត់ គួរ​ឱ្យស្ងើច​សរសើរ និង​ជា​តំណាង​ពិត​នៃ​សេរីភាព។

លោក ស៊ីនហ្សូ អាបេ អ្នក​ជាតិ​និយម​ជប៉ុន បាន​ថ្លា​ថ្លែង​រៀប​រាប់​ឈ្មោះ​សមរភូមិ​ប្រយុទ្ធ​​ ក្នុង​សម័យ​សង្គ្រាមលោក ដែល​ទាហាន​ជប៉ុន​ប្រឈម​នឹង​ទាហាន​អាមេរិក និង​បាន​អះអាង​អំពី​ជំហរ​ជប៉ុន​ ដែល​កែប្រែ​ចិត្ត​គំនិត​ ៖ “ក្នុង​នាម​ប្រទេស​ជប៉ុន​ និង​ពលរដ្ឋ​ជប៉ុន ខ្ញុំ​សូម​ចែក​រំលែក​​នូវ​សមាន​ទុក្ខ​​ដល់​ព្រលឹង​ទាហាន​អាមេរិក​ដែល​បាន​ស្លាប់​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​សម្តែង​វិប្បដិសារី ​ចំពោះ​អំពើ​ឧក្រិដ្ឋ​របស់​ទាហាន​ជប៉ុន​សម័យ​ចក្រភព​ ប៉ុន្តែ​នៅ​គ្មាន​សោះ​ពាក្យ “សុំ​ទោស” ដែល​បណ្តា​ប្រទេស​ជិត​ខាង​នៅ​អាស៊ី និង​ធ្លាប់​ស្ថិត​ក្រោម​អាណានិគមរង់ចាំ​ចង់​ឮ​ ហើយ​ក៏​គ្មាន​ដែរ​​ការ​ព្រលយ​ពាក្យ​​ឱ្យ​ប៉ះពាល់​ដល់​ករណី​ស្ត្រី​ “កំដរ​ផ្លូវ​ភេទ” សម័យ​សង្គ្រាម។ សូម​បញ្ជាក់​ថា​ នៅ​ក្នុង​ចំណោម​សភា​អ្នក​តំណាង​​អាមេរិក ក៏​មាន​វត្តមាន​ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់ ជា​អតីត​ស្ត្រី​កំដរ​ផ្លូវភេទ​ពួក​ទាហាន​ជប៉ុន​។

យ៉ាង​ណា​ដ៏​ដោយ​ក៏​សម្រាប់​កាសែត​​ជប៉ុន មាន​តែ​ការ​លើ​សរសើរ​ប៉ុណ្ណោះ ព្រោះ​​ប្រមុខ​ដឹកនាំ​ជាតិ​និយម​បាន​សម្តែង​វិប្បដិសារី និង​ពិសេស​បាន​​ប្រកាស​​អំពី​ការ​កែប្រែ​របស់​ជប៉ុន លែង​ធ្វើ​ជា​អ្នក​ឈ្លានពាន​គេ។ ហើយ​ម្យ៉ាង​ទៀត អ្វី​​ដែល​ជា​ជំនក់​ចិត្ត​ខ្លាំង​សម្រាប់​ពលរដ្ឋ​ជប៉ុន ចំពោះ​សុន្ទរកថា​ជា​ប្រវត្តិសាស្ត្រ​​របស់​លោក​ស៊ីនហ្សូ​អាបេ គឺ​ស្ទីល​ស្ទាក់ស្ទើរ​ក្នុង​ការ​ថ្លែង​ជា​ភាសា​អង់គ្លេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ