អានតួអត្ថបទ
ចិន-តៃវ៉ាន់

ប្រធានាធិបតី​ចិន​៖​ ចិន​និង​តៃវ៉ាន់​​ជា​គ្រួសារ​តែ​​មួយ

ជាជំនួប​ដោយ​កម្រ ប៉ុន្តែ វា​បាន​កើត​ឡើង​រួចហើយ។ នៅថ្ងៃ​អាទិត្យ​ទី ៦ តុលា លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ជួបជាមួយ​មន្រ្តី​ជាន់ខ្ពស់​របស់​តៃវ៉ាន់ នៅមុន​កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច អាស៊ី ប៉ាស៊ីហ្វិក APEC ដែល​ត្រូវ​បើក​ធ្វើ នៅ​ថ្ងៃ​ចន្ទ ទី ៧ តុលា ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ តាមកាសែត​ស្រុក​ចិន ជំនួប​ដ៏​កម្រ​នេះ​បញ្ជាក់​ពី​ទំនាក់ទំនង​ដ៏​កក់ក្តៅ រវាង​ប្រទេស​ចិន និង​កោះតៃវ៉ាន់។

ប្រធានាធិបតី​ស៊ី ជីនពីង​ធ្វើ​ដំណើរ​ទៅលើ​ប្រទេស​ឥណ្ឌូណេស៊ី​ដើម្បី​ចូល​រួម​ប្រជុំ​កំពូល​សេដ្ឋកិច្ច​អាស៊ី ប៉ាស៊ីហ្វិក
ប្រធានាធិបតី​ស៊ី ជីនពីង​ធ្វើ​ដំណើរ​ទៅលើ​ប្រទេស​ឥណ្ឌូណេស៊ី​ដើម្បី​ចូល​រួម​ប្រជុំ​កំពូល​សេដ្ឋកិច្ច​អាស៊ី ប៉ាស៊ីហ្វិក ©REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

 

ជំនួប​ចុងក្រោយ​រវាង​ប្រមុខ​ដឹកនាំចិន ជាមួយ​តៃវ៉ាន់ កើត​មាន​នៅ​ឆ្នាំ ២០០៨ នៅ​កិច្ចប្រជុំ​​ APEC បន្ទាប់ពី​ភាពតានតឹង​​រវាង​ចិន និង​តៃវ៉ាន់​បាន​ថយចុះ​មកវិញ។ លើកនេះ​វិញ ប្រធានាធិបតី​ចិន​ថ្មី លោក​ស៊ី ជីនពីង បាន​ជួប​លោក​ស៊ូ វ៉ាំងសង់ អតីត​អនុប្រធានាធិបតី​តៃវ៉ាន់។ ប្រមុខ​ដឹកនាំ​ចិន​មិន​បាន​ជួប​លោក​ស៊ូ ក្នុង​នាម​ជា​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​តៃវ៉ាន់​ទេ ប៉ុន្តែ ក្នុង​នាម​លោក​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច ដែល​ជា​អ្នកដឹកនាំ​ក្រុមពាណិជ្ជករ​តៃវ៉ាន់ មក​កិច្ចប្រជុំ​ APEC។
 

លោក​ស៊ូ វ៉ាំងសង់
លោក​ស៊ូ វ៉ាំងសង់ ©Reuters

ដោយសារ​តែការប្រឆាំង​របស់​ប៉េកាំង​ដែល​ថា មាន​ចិន​តែ​មួយ ហើយ​តៃវ៉ាន់ ជាកោះ​របស់ខ្លួន មន្រ្តី​ប្រធានាធិបតី​តៃវ៉ាន់ ឬ​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​តៃវ៉ាន់​ត្រូវ​បាន​ហាម​មិន​ឲ្យ​ចូលរួម នៅក្នុង​ជំនួប​កំពូល​​ APECទេ។ អ្នកដែល​មក​ចូលរួម ភាគច្រើន ជា​ពាណិជ្ជករ​តៃវ៉ាន់​តែប៉ុណ្ណោះ។

ក្នុង​ជំនួប នៅថ្ងៃនេះ​ទៀត ជាមួយ​លោក​ស៊ូ វ៉ាំងសង់ អ្នកតំណាង​តៃវ៉ាន់ លោក​ប្រធានាធិបតី​ចិន បាន​លើកឡើង​ថា គេ​គួរ​ជំរុញ​ឲ្យ​មាន​គំនិត​បង្រួបង្រួម​ជា​គ្រួសារ​តែមួយ រវាង​ចិន និង​តៃវ៉ាន់។ លោកស៊ី ជីនពីង​បាន​បញ្ជាក់​ផងដែរថា ភាគី​ទាំងពីរ​គួរ​ពង្រឹង​ទំនាក់ទំនង និង​សហប្រតិបត្តិការ​ឲ្យ​កាន់​តែខ្លាំង​ដើម្បី​ចម្រើន​ប្រជាជាតិ​ចិន​តែមួយ។

លោកស៊ី ជីនពីង​គ្រាន់​តែ​អាច​និយាយ​ពីជំហរ​របស់​ចិន ប៉ុន្តែ មិន​ប្រាកដ​ថា​តៃវ៉ាន់​នឹង​ព្រម​ធ្វើ​តាមនោះទេ។ កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ លោក​ស៊ូ វ៉ាំងសង់ ដែល​ជា​បេសកជន​ពិសេស​របស់​មូលនិធិ​ពាណិជ្ជកម្ម​តៃវ៉ាន់​បាន​និយាយ រួចហើយថា លោក​នឹង​មិន​នាំសារ​អ្វី​ពី​លោក​ប្រធានាធិបតី​តៃវ៉ាន់ ម៉ា យីងចូវ ទៅលើ​ស៊ី ជីនពីងទេ ហើយ​ការពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​ចិន នឹង​មិន​ផ្តោត​ទៅលើ​អ្វី​ដែល​កើតមាន នៅ​ពេល​អនាគត​ទេ។ មានន័យថា តៃវ៉ាន់ នឹង​មិន​និយាយ​ដល់​ការបង្រួបបង្រួមទឹកដី​ជាមួយ​ចិន​ដីគោកទេ ប៉ុន្តែ តៃវ៉ាន់​ក៏​មិន​បោះបង់​ចោល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ទីក្រុង​ប៉េកាំង។

ទំនាក់ទំនង​ចិន និង​តៃវ៉ាន់​បាន​ល្អ​ប្រសើរ​ឡើង តែ​ក្នុង​ផ្នែក​សេដ្ឋកិច្ច បន្ទាប់​ពីលោក​ម៉ា យីងចូវ ស្និទ្ធ​នឹង​ទីក្រុង​ប៉េកាំង​បាន​ឈ្នះឆ្នោត​ពីរ​អាណត្តិ​ជាប់គ្នា ធ្វើ​ជា​ប្រធានាធិបតី​តៃវ៉ាន់។ លោក​ម៉ា មាន​នយោបាយ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម និង​ផ្សះផ្សារ​ជាមួយ​ចិន​ដីគោក។ កាលពី​ឆ្នាំ ២០១០ ចិន និង​តៃវ៉ាន់​បាន​ចុះ​កិច្ចព្រមព្រៀង​បង្កើត​បណ្តាញ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​គ្នា។ បច្ចុប្បន្ននេះ តៃវ៉ាន់​មាន​ចំនួន​វិនិយោគ​ច្រើន​ជាងគេ​នៅ​ប្រទេស​ចិន ក្នុង​តម្លៃ ១០០​ពាន់​លាន​ដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ