ភរិយានាយករដ្ឋមន្ត្រីជប៉ុនប្រឆាំងនយោបាយនុយក្លេអ៊ែររបស់ស្វាមី
លោកស្រី អាគី អាបេ ភរិយារបស់លោកនាយករដ្ឋមន្ត្រីជប៉ុន បានបញ្ចេញមតិប្រឆាំងនឹងលោក ស៊ីនហ្សូ អាបេ ជាស្វាមី ដែលកំពុងធ្វើនយោបាយលក់បច្ចេកវិទ្យានុយក្លេអ៊ែរ “Made in Japan” ទៅបរទេស យ៉ាងសស្រាក់សស្រាំ។ សម្រាប់លោកស្រី ជប៉ុនគួរតែងាកទៅប្រើប្រាស់ថាមពលស្អាត (មិនបំពុលនិងប៉ះពាល់ដល់បរិស្ថាន) ព្រោះជប៉ុនពិតជាមានសមត្ថភាព និង អាចអភិវឌ្ឍន៍ថាមពលថ្មីបាន។
ចុះផ្សាយនៅថ្ងៃ៖
“ខ្ញុំប្រឆាំងនឹងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ! ខ្ញុំមិនពេញចិត្តនឹងសកម្មភាពជប៉ុនដើរលក់ នុយក្លេអ៊ែរនៅបរទេសទេ” ! នេះជាប្រសាសន៍របស់លោកស្រីភរិយានាយករដ្ឋមន្ត្រីជប៉ុន នៅក្នុងអង្គប្រជុំ កាលពីថ្ងៃព្រហស្បតិ៍មុន ដោយបិទទ្វារ តែទើបត្រូវបានអង្គការក្រៅរដ្ឋាភិបាលគាំទ្រកសិកម្មបង្ហោះតាមបណ្តាញអ៊ីនធ័រនែត។
ថ្វីដ្បិតតែបានទទួលស្គាល់អំពីសមត្ថភាពដល់កំពូលក្នុងបច្ចេកវិទ្យានុយក្លេអ៊ែររបស់ជប៉ុន ប៉ុន្តែ លោកស្រី អាគី អាបេ ចង់ឱ្យជប៉ុនចែករំលែកថវិកាដែលចាយវាយលើនុយក្លេអ៊ែរមកអភិវឌ្ឍន៍ថាមពលថ្មី ស្អាត មិនចេះរីងស្ងួត និងមិនបំផ្លាញបរិស្ថាន ហើយយកថាមពលនេះទៅលក់នៅបរទេសវិញប្រសើរជាង។
សូមបញ្ជាក់ថា តាំងពីបានទទួលតំណែងជាថ្មី ជានាយករដ្ឋមន្ត្រីជប៉ុន កាលពីខែធ្នូ ឆ្នាំ២០១២មក លោកស៊ីនហ្សូ អាបេ ជាស្វាមី មិនដែលលាក់បាំងឡើយ អំពីមហិច្ឆតា ដាក់ឱ្យដំណើរការឡើងវិញ មជ្ឈមណ្ឌលនុយក្លេអ៊ែរ ដែលផ្អាកសកម្មភាពក្រោយគ្រោះមហន្តរាយហ្វូគូស្ហ៊ីម៉ា ឆ្នាំ២០១១។ លោកនាយករដ្ឋមន្ត្រី ធ្វើដំណើរទៅបរទេស កាន់តែច្រើនឡើងៗ ដើម្បីស្វែងរកថាមពល (ឧស្ម័ន ឬប្រេង) មកបំពេញតម្រូវការជាតិ ប៉ុន្តែលោកក៏មិនភ្លេចឃោសនាបច្ចេកវិទ្យានុយក្លេអ៊ែរជប៉ុនឡើយ។
នៅដើមខែឧសភា ជប៉ុនបានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ជប៉ុនបារាំង តួកគី សាងសង់រោងចក្រអគ្គិសនីនុយក្លេអ៊ែរទីពីរនៅតួកគី និងបានព្រមព្រៀងធ្វើសហប្រត្តិបត្តិការនុយក្លេអ៊ែរជាមួយអេមីរ៉ាត អារ៉ាប់រួម។ ជប៉ុនបានស្នើ នាំបច្ចេកវិទ្យានុយក្លេអ៊ែរទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីខែកុម្ភៈ និងកំពុងចរចាបើកសហប្រតិបត្តិការជាមួយឥណ្ឌាទៀត។ ហើយនាឱកាសទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង នៅតូក្យូ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាសហការធ្វើឱ្យកាន់ប្រសើរឡើងបច្ចេកវិទ្យានុយក្លេអ៊ែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ