អានតួអត្ថបទ
ប៉ាគីស្ថាន

មេដឹកនាំ​តាលីបង់​ម្នាក់បាន​ត្រូវបាញ់​ស្លាប់​ដោយយន្តហោះ​គ្មានមនុស្ស​បើក​នៅប៉ាគីស្ថាន​

ការវាយ​ប្រហារ​មួយ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិកាំង​នៅខេត្ត ​Waziristan​ ឋិតនៅ​ប៉ែក​ខាងជើង​នៃ​ប្រទេស​ប៉ាគីស្ថាន​ បាន​​សម្លាប់​​មនុស្ស​​ប្រាំនាក់​​នៅថ្ងៃ​​ព្រហស្បតិ៍​​ម្សិលមិញ​​ ដែល​ក្នុង​នោះ​​មាន​មេដឹកនាំ​​តាលីបង់​​ជាន់ខ្ពស់​​ម្នាក់​​ដែលជា​​អ្នកស្និទ្ធ​​នឹង​ពួក​​អាល់កៃដា។​​ នេះបើ​យោង​តាម​​ប្រភព​​នៃ​អ្នក​​ទទួល​​ខុសត្រូវ​​ខាង​​សន្តិសុខ​​តាលីបង់។​

drone យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិកាំង​ដែល​​បាញ់​សម្លាប់​មេដឹកនាំ​​តាលីបង់​​ជាន់ខ្ពស់​​​​ដែលស្និទ្ធ​​នឹង​ពួក​​អាល់កៃដា​
drone យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិកាំង​ដែល​​បាញ់​សម្លាប់​មេដឹកនាំ​​តាលីបង់​​ជាន់ខ្ពស់​​​​ដែលស្និទ្ធ​​នឹង​ពួក​​អាល់កៃដា​ DR / RFI
ផ្សាយពាណិជ្ជកម្ម

ការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិកាំង​នេះ​គឺ​បាញ់​សំដៅ​ទៅលើ​គេហដ្ឋាន​មួយ​ដែល​ជា​ទីកន្លែង​ពួនលាក់​ខ្លួន​របស់​ពួក​អ៊ីស្លាមនិយម​តាលីបង់​ គេហដ្ឋាន​នេះ​ឋិត​នៅ​ជិត​ទីផ្សារ​នៃ​ទីក្រុង​ Miranshah ​ដែលជា​ទីក្រុង​ធំមួយ​​នៃខេត្ត​ Waziristan ​។

 
មេតាលីបង់​ជាន់ខ្ពស់​ដែលស្លាប់នោះ​ឈ្មោះ​ Badar Mansoor ​ជាអ្នកដឹកនាំ​តាលីបង់​ម្នាក់​ដ៏​សំខាន់​នៅ​ប្រទេស​ប៉ាគីស្ថាន​ ​ ហើយក៏ជា​អ្នកស្និទ្ធ​នឹង​ពួក​អាល់កៃដា។​ ​ មេតាលីបង់​ Badar Mansoor ​រស់នៅក្នុង​ផ្ទះនេះ​ជាមួយ​ប្រពន្ធ​និង​កូន​ជាច្រើននាក់​នៅ​ទីក្រុង​ Miranshah ​។​ “​ Badar Mansoor ​ ​ ប្រពន្ធ​របស់​ Badar Mansoor ​និង​សមាជិក​គ្រួសារ​ពីរនាក់ទៀត​បាន​ត្រូវ​បាញ់ស្លាប់​ភ្លាម​នៅនឹង​កន្លែង”​។​ នេះ​ជាការថ្លែង​ប្រាប់​ភ្នាក់ងារ​ Reuters ​ដោយ​មេដឹកនាំ​តាលីបង់​ប៉ាគីស្ថាន​ម្នាក់ទៀត​ដែលពុំ​បញ្ចេញ​អត្តសញ្ញាណ​។

នេះជាការវាយ​ប្រហារ​លើកទីពីរ​ហើយ​ក្នុង​រយៈពេល​ពីរថ្ងៃ​ចុងក្រោយនេះ។​ លើកទីមួយ​បាន​កើតមាន​នៅ​ថ្ងៃពុធ​ម្សិលមួយថ្ងៃ​ ​ ដែលបាន​សម្លាប់​អ្នកអ៊ីស្លាមនិយម​ប្រមាណ​ដប់នាក់​នៅ​ភូមិ​ឈ្មោះ​ “ថាពី”​​ ឋិតនៅ​ចម្ងាយ​ប្រមាណ​១៥គ.ម.ពី​ ទីក្រុង​ Miranshah ​។

គួរបញ្ជាក់ថា​ ​ ការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិកាំង​នេះ​ ឋិតនៅ​ក្រោម​ការដឹកនាំ​របស់​ក្រសួង​យកការណ៍​សម្ងាត់​ CIA ​ ​ ដែល​បាន​ផ្អាក​បញ្ឈប់​សកម្មភាព​មួយរយៈ​ក្រោយពី​មានការ​វាយប្រហារ​របស់​បក្សសម្ព័ន្ធ​អូតង់​ទៅលើ​តំបន់​ព្រំដែន​អាហ្វហ្កានីស្ថាន​និង​ប៉ាគីស្ថាន​នៅខែវិច្ឆិកា​កន្លងទៅ​ដែលបាន​បណ្តាល​ឲ្យ​មាន​ទាហាន​ប៉ាគីស្ថាន​ស្លាប់​២៤នាក់។

ហើយការ​វាយប្រហារ​បាន​ចាប់មាន​ឡើងវិញ​នៅថ្ងៃ​ទី១០​មករា​ទៅលើ​តំបន់​ pachtounes ​ដែលឋិត​នៅ​ប៉ែក​ពាយ័ព្យ​នៃ​ប្រទេស​ប៉ាគីស្ថាន​ ​ ដែលជា​មូលដ្ឋាន​របស់​ពួក​តាលីបង់​ជាច្រើន​ក្រុម​ដែល​មាន​សកម្មភាព​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ