អានតួអត្ថបទ
អ៊ីរ៉ង់-សហភាពអឺរ៉ុប

ទណ្ឌកម្ម​​អឺរ៉ុប​​ពុំទិញប្រេង​​ពីអ៊ីរ៉ង់​​នឹងពុំ​ធ្វើឲ្យ​​តេហេរ៉ង់​​ទន់ជង្គង់​​ឡើយ​​

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អឺរ៉ុប​បាន​សម្រេច​បន្ថែម​សម្ពាធ​ដាក់​ទៅលើ​ទីក្រុង​តេហេរ៉ង់​ ​​ ​ ដោយ​បាន​ធ្វើ​ការ​ហាមឃាត់​ពុំឲ្យ​ទិញ​ប្រេង​​ផលិត​ដោយ​អ៊ីរ៉ង់​និង​ដាក់​ទណ្ឌកម្ម​ទៅលើ​ធនាគារ​កណ្តាល​​អ៉ីរ៉ង់​ ​ ដោយ​ឃាត់​ផ្អាប់ទុក​ប្រាក់​ហើយនិង​ផ្តាច់​ទំនាក់​ទំនង​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។​ ទាំងនេះ​ក្នុងគោល​បំណង​ដើម្បី​កុំឲ្យ​ទីក្រុង​តេហេរ៉ង់​មាន​កម្លាំង​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​ ​ សម្រាប់​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​យោធា​របស់ខ្លួន។

រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ទីក្រុង​  Assalouyeh ឋិតនៅ​ប៉ែកខាងត្បូង​នៃ​ប្រទេស​អ៊ីរ៉ង់
រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ទីក្រុង​ Assalouyeh ឋិតនៅ​ប៉ែកខាងត្បូង​នៃ​ប្រទេស​អ៊ីរ៉ង់ REUTERS/Caren Firouz
ផ្សាយពាណិជ្ជកម្ម

ពិតមែនតែ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ដែល​មាន​ជាអាទិ៍​​ការ​ហាមឃាត់​ពុំឲ្យ​ទិញ​ប្រេងកាត​ផលិត​ដោយ​អ៊ីរ៉ង់​និង​ការដាក់​ទណ្ឌកម្ម​ទៅលើ​ធនាគារ​កណ្តាល​អ៉ីរ៉ង់​ ​ ធ្វើឲ្យ​ប៉ះពាល់​ដល់​បេះដូង​នៃ​សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ីរ៉ង់​ក៏​ដោយ​ ​ ក៏​ទណ្ឌកម្ម​ទាំងនេះ​នឹង​ពុំ​ធ្វើឲ្យ​ទីក្រុង​តេហេរ៉ង់​ទន់ជង្គង់​ឡើយ។

 
មូលហេតុ​ដែលពុំ​ធ្វើឲ្យ​ទីក្រុង​តេហេរ៉ង់​ទន់ជង្គង់​មាន​ច្រើន៖

ទី១​ -ពិតមែនតែ​ការនាំ​ប្រេងកាត​អ៊ីរ៉ង់​ចូល​សហភាព​អឺរ៉ុប​មាន​ដល់ទៅ​៧៥%​ដែល​លក់ទៅឲ្យ​ប្រទេស​អ៊ីតាលី​ ​ អេស្ប៉ាញ​ ​ និង​ប្រទេស​ក្រិក​ ​ ក៏​ប៉ុន្តែ​ប្រេង​ដែល​លក់ទៅឲ្យ​ប្រទេស​អ៊ីតាលី​តំណាង​តែ៧%​ប៉ុណ្ណោះ​នៃ​ការនាំចេញ​សរុប​របស់​ប្រទេស​អ៊ីរ៉ង់​ ​ អេស្ប៉ាញ​តំណាង​៦%​ ​ ហើយប្រទេស​ក្រិក​តំណាង​៤%។

ទី២​ -ការនាំ​ប្រេង​ឆៅ​​អ៊ីរ៉ង់​សរុប​ចេញ​ទៅលក់​ឲ្យ​ប្រទេស​អាស៊ី​វិញមាន​ដល់ទៅ​៦៥%​ ​ ដែលក្នុង​នោះ​មាន​ប្រទេសចិន​(២២%)​ ​ ប្រទេស​ជប៉ុន(១៧%)​ ​ ប្រទេស​ឥណ្ឌា(១៦%)​ ​ និង​ប្រទេស​កូរ៉េ​ខាងត្បូង(៩%)។

ដូច្នេះ​ ​ បើ​សហភាព​អឺរ៉ុប​ពុំទិញ​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់​ក៏​ពុំមែន​ជា​បញ្ហា​អ្វី​ស្លាប់រស់​សម្រាប់​ទីក្រុង​តេហេរ៉ង់ដែរ។​ ដ្បិត​ការនាំ​ប្រេង​អ៊ីរ៉ង់​ចេញ​លក់​ឲ្យ​សហភាព​អឺរ៉ុប​តំណាង​តែ​ប្រមាណ​២០%​ប៉ុណ្ណោះ​នៃ​ការនាំចេញ​សរុប​របស់​ប្រទេស​អ៊ីរ៉ង់។​ ចំណែកឯ​ទ្វីប​អាស៊ី​ឯណោះ​តំណាង​ដល់ទៅ​ប្រមាណ​៦៥%។​ មូលហេតុ​នេះហើយ​ដែល​នាំឲ្យ​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ខិតខំ​ធ្វើការ​បញ្ចុះ​បញ្ចូល​ប្រទេស​អាស៊ី​ដែលជា​សម្ព័ន្ធមិត្ត​របស់ខ្លួន​ឲ្យ​ឈប់​ទិញ​ប្រេងកាត​ពី​ប្រទេស​អ៊ីរ៉ង់​ ​ មាន​ជាអាទិ៍​ប្រទេស​ជប៉ុន​និង​ប្រទេស​កូរ៉េ​ខាងត្បូង។

ក្រោយពី​ការ​ប្រកាស​ដាក់​ទណ្ឌកម្ម​ទៅលើ​ទីក្រុង​តេហេរ៉ង់​ដោយ​សហភាព​អឺរ៉ុប​ ​ ប្រភពអ៊ីរ៉ង់​ខ្លះ​បាន​ស្នើឲ្យ​ប្រទេស​អ៊ីរ៉ង់​បញ្ឈប់​ការនាំ​ប្រេង​លក់ឲ្យ​សហភាព​អឺរ៉ុប​ដោយ​ខ្លួនឯង​ ​ ដោយពុំ​ចាំបាច់​រង់ចាំ​ដល់ថ្ងៃ​ទី១​កក្កដា។​ ទាំងនេះ​ ​ ក្នុងគោល​បំណង​ធ្វើឲ្យ​ “តម្លៃ​ប្រេង​ឡើងថ្លៃ”​ ​ហើយនិង​ធ្វើឲ្យ​រំខាន់​ដល់ “​ផែនការ​របស់​អឺរ៉ុប”​។​ ផ្ទុយទៅវិញ​ទីក្រុង​តេហេរ៉ង់​ពុំបាន​បន្ត​ធ្វើការ​គំរាម​បិទ​ច្រកសមុទ្រ​ Ormuz ​ដែល​ជា​ច្រក​សមុទ្រ​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់​ ​ ដោយហេតុថា​ ​ ការនាំប្រេង​ឆៅ​ពិភពលោក​សរុប​ប្រមាណ​១/៣​ត្រូវ​ដឹកចេញ​តាម​ច្រកសមុទ្រ​ Ormuz​ នេះ។

រីឯ​ប្រតិកម្ម​នៃ​ប្រទេស​ឯទៀតៗ​គេអាច​ងាយយល់​ទេ​ ​ ប្រទេស​រុស្ស៊ី​ដែលជា​មិត្ត​របស់​អ៊ីរ៉ង់​បាន​បរិហារ​ពី​ “ទណ្ឌកម្ម​ឯកតោភាគី”​ របស់​សហភាព​អឺរ៉ុប​ ​ ហើយបាន​អំពាវនាវ​ឲ្យ​មាន​ការ​ចរចាគ្នា​ឡើងវិញ​ជាមួយ​ទីក្រុង​តេហេរ៉ង់​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ។​ កិច្ចចរចា​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​ដែលបាន​ព្យួរផ្អាក​អស់​រយៈពេល​១ឆ្នាំ​មកហើយ។

ចំណែកឯ​ប្រទេស​អ៊ីស្រាអែល​ ​ ដែល​បារម្ភ​ខ្លាចមាន​ការវាយ​ប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​ជាយថាហេតុ​ពី​សំណាក់​ប្រទេស​អ៊ីរ៉ង់​ ​ បាន​សម្ដែង​ការ​ស្វាគមន៍​អបអរ​នឹង​សេចក្តី​សម្រេចចិត្ត​របស់​សហភាព​អ៊ឺរ៉ុប។

នៅចំពោះមុខ​ ការសម្រេច​ដាក់​ទណ្ឌកម្ម​ដោយ​សហភាព​អឺរ៉ុប​ទៅលើ​ទីក្រុង​តេហេរ៉ង់​បែបនេះ​ ​ របប​គ្រប់គ្រង​អ៊ីរ៉ង់​បច្ចុប្បន្ន​ច្បាស់ជា​ខិតខំ​ធ្វើការ​បំផុស​បំផុល​ស្មារតី​ស្នេហាជាតិ​របស់​សាធារណមតិ​ ​ ឲ្យ​ងើប​ប្រឆាំង​នឹង​ប្រទេស​បស្ចិមលោក​។​ ក៏ប៉ុន្តែ​ ទង្វើនេះ​ពុំអាច​បំភ័ន្ត​ប្រជាជន​អ៊ីរ៉ង់​ទូទាំង​ប្រទេស​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ