អានតួអត្ថបទ
ប៉ាគីស្ថាន

លោក​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ប្រឈមមុខ​ទល់នឹង​តុលាការ​កំពូល​

លោក​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ Yusuf Reza Gilani ​បាន​សង្កត់​បញ្ជាក់​ប្រាប់​តុលាការ​កំពូល​ពី​អភ័យឯកសិទ្ធិ​របស់​លោក​ប្រធានាធិបតី​ Asif Ali Zardari ​នាឱកាស​សវនាការ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។​ តុលាការ​កំពូល​ដែលបាន​គំរាម​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​ ​ បើប្រសិនជា​លោក​ពុំ​ព្រម​បើកផ្លូវ​ឲ្យ​តុលាការ​អនុវត្ត​ច្បាប់​ប្តឹងចាប់​ខ្លួន​លោក​ប្រមុខរដ្ឋ​ប៉ាគីស្ថាន​ពីបទ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ។

លោក​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ Yusuf Reza Gilani
លោក​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ Yusuf Reza Gilani REUTERS/Omar Sobhani
ផ្សាយពាណិជ្ជកម្ម

លោក​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ Yusuf Reza Gilani ​បាន​ទៅ​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​កំពូល​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី១៩​មករា​ឆ្នាំ២០១២នេះ​ ​ ដើម្បី​ធ្វើការ​ឆ្លើយ​បំភ្លឺ​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ពី​បទ​បាន​បន្ទច់​បង្អាក់​ការ​អនុវត្តន៍​ច្បាប់​ដោយ​​តុលាការ​ ​ ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ដែល​បាន​ប្រព្រឹត្ត​ដោយ​អ្នកទទួល​ខុសត្រូវ​មួយចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល​ហើយនិង​ដោយ​បច្ចុប្បន្ន​ប្រធានាធិបតី​ប៉ាគីស្ថាន​លោក​ Asif Ali Zardari ​។​ ទាំងនេះ​ ក្នុង​ខណៈពេល​ដែល​ទំនាក់​ទំនង​រវាង​ប្រទេស​ប៉ាគីស្ថាន​និង​សហរដ្ឋ​អាមេរិក​កំពុង​ជួប​នឹង​ភាពតានតឹង។

 
ប៉ាគីស្ថាន​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ប្រមាណ​១៨០លាន​នាក់​រស់នៅ។​ ប្រទេស​នេះ​កំពុង​ជួបនឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​សែន​ធ្ងន់ធ្ងរ​ ​ ហើយនិង​អស្ថិរភាព​ដែល​បង្ក​ឡើង​ដោយ​អំពើ​ភេរវកម្ម​របស់​ពួក​តាលីបង់។​ ប៉ាគីស្ថាន​ជា​ប្រទេស​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​ ​ កំពុង​ឋិត​នៅ​ក្រោម​ការ​គំរាម​នៃ​វិបត្តិ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​ ដោយ​ហេតុ​តែ​មាន​ការ​ប្រឈម​មុខ​រវាង​តុលាការ​កំពូល​និង​រដ្ឋាភិបាល​ស៊ីវិល។

ហើយបញ្ហា​អនុស្សរណៈ​ដែល​អតីត​ឯកអគ្គរដ្ឋទូត​ប៉ាគីស្ថាន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្រគល់​ឲ្យ​អាមេរិកាំង​នៅខែ​ឧសភា​កន្លងទៅ​ ​ ក្រោយពី​មាន​ការបាញ់​សម្លាប់​មេភេរវជន​ បិនឡាដិន​ ដោយ​កងកុម៉្មង់ដូ​អាមេរិកាំង​ ​ ក៏បាន​ក្លាយ​ទៅជា​រឿង​អាស្រូវ​មួយ​ដ៏​ចម្រូង​ចម្រាស។

នៅក្នុង​អនុស្សរណៈនោះ​ ​ ប៉ាគីស្ថាន​បាន​សុំឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ធ្វើ​អន្តរាគមន៍​ដើម្បី​ជួយ​ការពារ​រដ្ឋាភិបាល​ប៉ាគីស្ថាន​ដែល​ឋិត​នៅ​ក្រោម​ការ​គំរាម​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​ជា​យថាហេតុ​ដោយ​ក្រុម​យោធា​ប៉ាគីស្ថាន។​ ប្តូរ​នឹង​អន្តរាគមន៍​អាមេរិកាំង​នេះ​ ​ ទីក្រុង​អ៊ីស្លាម៉ាបាដ​សន្យា​នឹង​ជួយ​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​ពួក​តាលីបង់​ ​ ហើយនិង​ធ្វើការ​កាត់​បន្ថយ​ឥទ្ធិពល​របស់​យោធា​ប៉ាគីស្ថាន។​ ហើយ​សហរដ្ឋ​អាមេរិក​ក៏​អាច​នឹង​ចូលរួម​ធ្វើការ​ត្រួត​ពិនិត្យ​ទៅលើ​សព្វាវុធ​នុយក្លេអ៊ែរ​របស់​ប៉ាគីស្ថាន​ផងទៀត។

ចំណែកឯ​ លោក​ប្រធានាធិបតី​ Asif Ali Zardari​ បានត្រូវ​គេ​សង្ស័យ​ថា​ជាអ្នក​បង្ក​ឲ្យមាន​អនុស្សរណៈ​នេះ។​ ដូច្នេះហើយ​បានជា​តុលាការ​កំពូល​ដែល​ជំរុញ​ដោយ​ក្រុមយោធា​ប៉ាគីស្ថាន​បាន​ធ្វើការ​អង្កេត​ទៅលើ​បញ្ហានេះ។

លោក​ប្រធានាធិបតី​ប៉ាគីស្ថាន​កំពុង​ឋិតនៅ​ក្នុង​ស្ថានភាព​មួយ​ដ៏​លំបាក​ ​ ដោយហេតុតែ​មាន​អប្រជាប្រិយភាព​ផង​ ​ ជាប់ចោទ​ពីបទ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ផង​ ​ លោក​ប្រធានាធិបតី​ Asif Ali Zardari​ ត្រូវ​ធ្វើការ​ប្រឈមមុខ​ទល់នឹង​យោធា​ប៉ាគីស្ថាន​ផងទៀត។

រីឯ​ពាក្យ​ចចាម​អារ៉ាម​ពាក់ព័ន្ធ​នឹង​ការធ្វើ​រដ្ឋប្រហារ​ក៏​បាន​លេចឮ​ ​ នារយៈ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ។​ គួរ​បញ្ជាក់ថា​ ​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ តុលាការ​កំពូល​ប៉ាគីស្ថាន​បាន​លើក​សវនាការ​យកទៅ​ដាក់​នៅថ្ងៃទី​១កុម្ភៈ​ខាងមុខ​ ​ ក្រោយ​ពីបាន​ស្តាប់​ការថ្លែង​ពន្យល់​របស់​ លោក​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ Yusuf Reza Gilani ​ដែលបាន​ថ្លែង​ការពារ​លោក​ប្រធានាធិបតី​ Asif Ali Zardari​ ដោយ​សំអាង​ទៅលើ​អភ័យឯកសិទ្ធិ​ប្រធានាធិបតី​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ប៉ាគីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ