អានតួអត្ថបទ
នុយក្លេអ៊ែរ-អ៊ីរ៉ង់

កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ធ្វើឲ្យ​គេបារម្ភ​យ៉ាងខ្លាំង​

ទីភ្នាក់ងារ​អន្តរជាតិ​ខាងថាមពល​បរមាណូ​ AIEA ​បាន​សម្តែង​ឲ្យ​ដឹងពី​ការបារម្ភ​របស់​គេ​នៅ​ចំពោះមុខ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​ ​ ដោយផ្អែក​លើ​ព័ត៌មាន​ដែល​គេ​ទទួល​បាន​ថា​ ​ “​ទីក្រុង​តេហេរ៉ង់​កំពុង​ខិតខំ​រៀបចំ​ឲ្យ​មាន​អាវុធ​បរមាណូ”​។​ នេះ​បើយោងតាម​របាយការណ៍​សម្ងាត់​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP ​បាន​អាន​នៅ​ថ្ងៃអង្គារ​ម្សិលមិញ​នៅទីក្រុង​វីយែន។

អគ្គនាយក​នៃ​ទីភ្នាក់ងារ​អន្តរជាតិ​ខាងថាមពល​បរមាណូ​ AIEA ​លោក ​Yukiya  Amano
អគ្គនាយក​នៃ​ទីភ្នាក់ងារ​អន្តរជាតិ​ខាងថាមពល​បរមាណូ​ AIEA ​លោក ​Yukiya Amano Reuters/Herwig Prammer
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​បរិបទ​មួយ​ដែល​ពោរពេញ​ទៅដោយ​ភាពតានតឹង​ ​ របាយការណ៍​របស់​ ទីភ្នាក់ងារ​អន្តរជាតិ​ខាងថាមពល​បរមាណូ​ AIEA ​ដែល​ត្រូវ​ផ្ញើរ​ទៅជូន​អ្នកការទូត​នៅ​ទីក្រុង​វីយែន​បាន​ធ្វើ​ឲ្យ​គេ​ទន្ទឹង​រង់ចាំ​ក្រៃលែង។​ នៅក្នុង​របាយការណ៍​ចុងក្រោយ​ ​ ទីភ្នាក់ងារ​អន្តរជាតិ​ខាងថាមពល​បរមាណូ​ AIEA ​បាន​គូស​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​ ដំណើរការ​នៃ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ឈាន​អភិវឌ្ឍ​ទៅមុខ​គួរឲ្យ​កត់​សម្គាល់។​ របាយការណ៍​នោះ​មាន​លក្ខណៈ​តឹងតែង​ជាមួយ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ​ ប៉ុន្តែ​ពុំ​បាន​ឈាន​ទៅដល់​ថ្នាក់​ចោទ​ប្រកាន់ថា​ ​ កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជា​កម្មវិធី​មាន​លក្ខណៈ​យោធា​ឡើយ។

 
របាយការណ៍​របស់​ ទីភ្នាក់ងារ​អន្តរជាតិ​ខាងថាមពល​បរមាណូ​ AIEA ​ពុំបាន​សេសេរថា​ ​ ទីក្រុង​តេហេរ៉ង់​ចង់ផលិត​គ្រាប់បែក​បរមាណូ​ឡើយ​ ​ ក៏​ប៉ុន្តែ​គេ​មាន​ក្តីបារម្ភ​ខ្លាច​ក្រែង​ កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឈានទៅ​រក​លក្ខណៈ​យោធា។

ដើម្បី​ពង្រឹង​របាយការណ៍​របស់​គេ​ ​ ទីភ្នាក់ងារ​អន្តរជាតិ​ខាងថាមពល​បរមាណូ​ AIEA ​បាន​បញ្ជាក់ថា​ ​ “ព័ត៌មាន​របស់គេ​ទទួល​បាន​មកពី​ដប់ប្រទេស​ជា​សមាជិក​ដែល​គេ​អាច​សន្និដ្ឋាន​បាន​ថា​ជាប្រទេស​លោកខាងលិច​ ​ ហើយនិង​ព័ត៌មាន​ដែលជា​ផ្លែផ្កា​បាន​មកពី​ការ​ស៊ើបអង្កេត។

នៅ​ចំពោះមុខ​របាយការណ៍​នេះ​ ​ ប្រទេស​អ៊ីរ៉ង់​បាន​ប្រកាស​ឲ្យដឹងថា​ ​ គេនឹង​ពុំ​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​គេ​ឡើយ​ ​  ​ ពីព្រោះ​វាជា​សិទ្ធិ​ពេញ​លក្ខណៈ​ច្បាប់​របស់​ប្រទេស​អ៊ីរ៉ង់​ក្នុង​វិស័យ​នុយក្លេអ៊ែរ​ ​ ហើយ​ទីក្រុង​តេហេរ៉ង់​នៅតែ​បន្ត​ធ្វើ​សហការ​ជាមួយ​ ទីភ្នាក់ងារ​អន្តរជាតិ​ខាងថាមពល​បរមាណូ​ AIEA ​ ​ ទោះបីជា​មាន​របាយការណ៍​ចុងក្រោយ​បាន​ធ្វើការ​ទិតៀន​យ៉ាងខ្លាំងក្លា​ទៅលើ​ប្រទេស​អ៊ីរ៉ង់​ក្តី។​ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​អ្នកតំណាង​អ៊ីរ៉ង់​ប្រចាំ​ទីភ្នាក់ងារ​អន្តរជាតិ​ខាងថាមពល​បរមាណូ​ AIEA ។

ទីក្រុង​តេហេរ៉ង់​បាន​ចោទ​អគ្គនាយក​នៃ​ទីភ្នាក់ងារ​អន្តរជាតិ​ខាងថាមពល​បរមាណូ​ AIEA ​លោក​Yukiya Amano ថា​ ​ មាន​ទង្វើ​លំអៀង​ទៅរក​និន្នាការ​នយោបាយ​។

ខាង​ប្រទេស​អ៊ីស្រាអែល​ឯណោះ​ ​ នៅថ្ងៃពុធនេះ​ការិយាល័យ​នៃ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ពុំបាន​ធ្វើ​អត្ថាធិប្បាយ​អ្វីឡើយ​ទៅលើ​របាយការណ៍​របស់​ទីភ្នាក់ងារ​អន្តរជាតិ​ខាងថាមពល​បរមាណូ​ AIEA ​ដែល​បាន​ថ្លែងឲ្យ​ដឹង​ពី​លក្ខណៈ​យោធា​ជាយថាហេតុ​នៃ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។​ អ៊ីស្រាអែល​គ្រាន់តែ​ថ្លែងថា​ ​ “គេនឹង​ពិនិត្យមើល​ទៅលើ​របាយការណ៍​”។

សំណួរមួយ​លេចឡើង​ចោទសួរថា​ ​ តើ​ហេតុអ្វី​បានជា​អ៊ីស្រាអែល​មាន​ឥរិយាបថ​បែបនេះ?
មូលហេតុ​គឺ​មកពី​ទីក្រុង​តែលអាវីវ​បារម្ភ​ខ្លាចក្រែង​សេចក្តីប្រកាស​ឬ​គំនិត​ផ្តួចផ្តើម​របស់​អ៊ីស្រាអែល​អាច​បង្ក​ឲ្យ​កើតមាន​ការប្រឆាំង​នៅលើឆាក​អន្តរជាតិ​ដែល​នាំឲ្យ​ចំណេញ​ដល់​ប្រទេស​អ៊ីរ៉ង់។

រីឯ​ប្រធាន​គណៈកម្មការ​ខាង​ការពារជាតិ​និង​ការបរទេស​នៅ​សភា​អ៊ីស្រាអែល​វិញ​ ​ បាន​ទាមទារ​ឲ្យ​មាន​ទណ្ឌកម្ម​យ៉ាងធ្ងន់​ដាក់​ទៅលើ​ប្រទេស​អ៊ីរ៉ង់​ ​ ហើយ​ការវាយ​ប្រហារ​តាមផ្លូវ​យោធា​គឺជា​មធ្យោបាយ​ចុងក្រោយ​បំផុត។

ទីក្រុង​វ៉ាស៊ីនតោន​និង​ប្រទេស​សម្ព័ន្ធមិត្ត​លោកខាងលិច​វិញ​ ​ គេ​គ្រោង​យក​មកប្រើ​ ​ របាយការណ៍​ចុងក្រោយ​របស់​ទីភ្នាក់ងារ​អន្តរជាតិ​ខាងថាមពល​បរមាណូ​ AIEA ​ដើម្បី​ពង្រីក​ពង្រឹង​ទណ្ឌកម្ម​ដាក់​ទៅលើ​ប្រទេស​អ៊ីរ៉ង់​ ​ ហើយប្រទេស​លោកខាងលិច​ក៏​គ្រោង​ផងទៀត​បញ្ចុះ​បញ្ចូល​ទីក្រុង​ម៉ូស្គូ​និង​ទីក្រុង​ប៉េកាំង​ឲ្យ​ធ្វើការ​ពង្រឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​របស់​អង្គការ​សហប្រជាជាតិ​ដែល​ធ្លាប់បាន​ដាក់ទៅលើ​ទីក្រុង​តេហេរ៉ង់​តាំងពី​ឆ្នាំ២០០៧។

ចំណែកខាង​ប្រទេសចិន​វិញ​ ​ បានទាមទារ​នៅថ្ងៃ​អង្គារ​ម្សិលមិញ​ឲ្យ​ទីក្រុង​តេហេរ៉ង់​ធ្វើការ​ចរចា​ហើយនិង​ធ្វើសហការ​ជាមួយ​ទីភ្នាក់ងារ​អន្តរជាតិ​ខាងថាមពល​បរមាណូ​ AIEA ​។

រីឯប្រទេស​រុស្ស៊ី​ឯណោះ​ ​ គេបាន​សម្តែង​ឲ្យ​ឃើញ​នូវ​ការ​សោកស្តាយ​របស់​គេ​នៅ​ចំពោះមុខ​ការ​កើនឡើង​នៃ​ភាព​តានតឹង​ ​ នៅ​ខណៈពេល​ដែល​កិច្ចចរចា​នៃ​ក្រុម​៥+១​(​ ពោលគឺ ​សមាជិក​ទាំង៥​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.​អាមេរិក​ រុស្ស៊ី​ បារាំង​ អង់គ្លេស​ ចិន​+បន្ថែម​ប្រទេស​អាល្លឺម៉ង់)​កំពុង​ជួបនឹង​ការគាំងស្ទះ។​ ហើយ​ទីក្រុង​ម៉ូស្គូ​សោកស្តាយ​របាយការណ៍​ចុងក្រោយ​របស់​ ទីភ្នាក់ងារ​អន្តរជាតិ​ខាងថាមពល​បរមាណូ​ AIEA ​ដែល​បាន​ធ្វើឲ្យ​ភាពតានតឹង​បាន​កើនឡើង​មួយកម្រិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ