អានតួអត្ថបទ
វិបត្តិហិរញ្ញវត្ថុ

ជំនួប​កំពូល​អឺរ៉ុប​រិះរក​ដំណោះ​ស្រាយ​ជួយ​ស្រោចស្រង់​តំបន់​អឺរ៉ូ​

ប្រមុខដឹកនាំ​នៃ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំង២៧​ប្រទេស​បានជួប​ប្រជុំគ្នា​រហូត​ដល់​ព្រឹក​​ថ្ងៃព្រហស្បតិ៍​ទី២៧​តុលា​នេះ​ដើម្បី​រិះរក​ដំណោះ​ស្រាយ​ឲ្យ​វិបត្តិ​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់អឺរ៉ូ។​ គេបាន​រកឃើញ​ចំណុច​ព្រមព្រៀង​គ្នា​សំខាន់ៗ​ជាច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​វិបត្តិ​ប្រាក់បំណុល​ក្រិក​ ​ បញ្ហា​កង្វះ​មូលធន​ធនាគារ​ ​ ហើយនិង​បញ្ហា​មូលនិធិ​អឺរ៉ុប​សម្រាប់​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ។

លោកប្រធានាធិបតី​បារាំង​​​សាកូហ្ស៊ី​​នៅជំនួប​កំពូល​​នៅទីក្រុង​​ Bruxelles​​នៅថ្ងៃទី​២៧​តុលា​​ឆ្នាំ២០១១​
លោកប្រធានាធិបតី​បារាំង​​​សាកូហ្ស៊ី​​នៅជំនួប​កំពូល​​នៅទីក្រុង​​ Bruxelles​​នៅថ្ងៃទី​២៧​តុលា​​ឆ្នាំ២០១១​ AFP PHOTO/ ERIC FEFERBERG
ផ្សាយពាណិជ្ជកម្ម

ក្រោយពី​មាន​កិច្ចចរចា​គ្នា​យ៉ាងតឹងតែង​រវាង​អ្នកដឹកនាំ​២៧ប្រទេស​សមាជិក​នៃ​សហភាព​អឺរ៉ុប​រួចមក​ ​ គេបាន​សម្រេច​ថា​ ធនាគារ​អឺរ៉ុប​ដែល​មាន​បញ្ហា​ហិរញ្ញវត្ថុ​ត្រូវតែ​រិះរក​ធ្វើការ​ចាក់បញ្ចូល​មូលធន​ថ្មីទៀត​ទៅក្នុង​ធនាគារ​របស់ខ្លួន។​ ធនាគារ​អឺរ៉ុប​ទាំងនោះ​ត្រូវ​រក​ឲ្យ​បាន​សាច់ប្រាក់​ថ្មីៗទៀត​ប្រមាណ​មួយរយប្លាយ​ពាន់លាន​អឺរ៉ូ​ ​ សម្រាប់​ធ្វើជា​មូលធន​បន្ថែម​ចាក់​បញ្ចូល​ទៅក្នុង​ធនាគារ​។​ បើប្រសិនជា​ធនាគារ​អឺរ៉ុប​ទាំងនោះ​រក​មូលធនថ្មី​ពុំបានទេ​ ​ នោះ​រដ្ឋ​ជា​អ្នក​មាន​ភារកិច្ច​ជួយផ្តល់​ជំនួយ។

 
សម្រាប់​ធនាគារ​បារាំង​ដែល​ជា​ម្ចាស់​បំណុល​ដ៏​សំខាន់​របស់​ប្រទេស​ក្រិក​និង​ប្រទេស​អ៊ីតាលី​ ​ គេ​ត្រូវការ​មូលធនថ្មី​បន្ថែម​ប្រមាណ​ជាងដប់​ពាន់លាន​អឺរ៉ូ។​ ចំនួន​ទឹកប្រាក់​នេះ​ ​ ធនាគារ​បារាំង​អាច​នឹង​រក​បានដោយ​ខ្លួនឯង​ ​ ដោយ​ពុំចាំបាច់​មាន​អន្តរាគមន៍​របស់​រដ្ឋបារាំង​ឡើយ។​ ក៏​ប៉ុន្តែ​ ​ សម្រាប់​ធនាគារ​អេស្ប៉ាញ​ឬ​ធនាគារ​អ៊ីតាលី​ ​ ពួកគេ​ពិតជា​ជួបនឹង​​បញ្ហា​ ​ ហើយ​ត្រូវការ​ជំនួយ​អន្តរាគមន៍​របស់​រដ្ឋាភិបាល។

ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់បំណុល​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ប្រទេស​ក្រិក​វិញ​ ​ អ្នកដឹកនាំ​អឺរ៉ុប​ក្រោយពីបាន​ពិភាក្សាគ្នា​រហូត​ដល់​ម៉ោង​៦ព្រឹក​​បាន​សម្រេច​ថា​ ​ ធនាគារ​អឺរ៉ុប​ដែល​ជា​អ្នកម្ចាស់​បំណុល​របស់​ប្រទេស​ក្រិក​ ​ ត្រូវតែ​យល់ព្រម​លុបចេញ​ប្រាក់​បំណុល​ក្រិក​ឲ្យ​បាន​៥០%​ពោលគឺ​ត្រូវជា​មួយរយ​ប្លាយ​ពាន់លាន​អឺរ៉ូ​ ​ ដើម្បី​អនុញ្ញាត​ឲ្យ​ម៉ាស៊ីន​សេដ្ឋកិច្ច​នៃ​ប្រទេស​ក្រិក​អាច​មាន​កម្លាំង​ធ្វើដំណើរ​​ទៅមុខ​ ​ ហើយនិង​ចាប់​កសាង​ជីវិត​សេដ្ឋកិច្ច​មួយថ្មី។

ស្តីពី​បញ្ហា​មូលនិធិ​អឺរ៉ុប​សម្រាប់​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ឬ​Fonds Européen de Stabilité Financière (FESF) វិញ​ ​ លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ Angela Merkel​ ជាអ្នក​ទទួល​បាន​ជ័យជំនះ​ក្នុងការ​សម្រេច​ដាក់​ មូលនិធិ​អឺរ៉ុប​សម្រាប់​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ឬ​ (FESF)​ ​ ឲ្យឋិត​នៅក្នុង​លក្ខណៈជា​ “មូលនិធិ​ធានា​រ៉ាប់រង”​ ​ ពុំមែន​ជា​ “ធនាគារ”​ដូច​ការ​ទាមទារ​ចង់បាន​ដោយ​ប្រទេស​បារាំង​ឡើយ។​ ដូច្នេះ​បាន​សេចក្តីថា​ ​ បើ​វិនិយោគិន​ណាមួយ​ដែលបាន​ផ្តល់​ប្រាក់កម្ចី​ឲ្យទៅ​ប្រទេស​ក្រិក​ឬ​ប្រទេស​អ៊ីតាលី​ ​ ហើយនៅ​ពេល​ដែល​ប្រទេស​ទាំងនោះ​ជួបនឹង​ធនក្ស័យ​ ​ នោះ​មូលនិធិ​អឺរ៉ុប​សម្រាប់​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ឬ​ (FESF)​ ដែល​មាន​លក្ខណៈជា​“មូលនិធិ​ធានា​រ៉ាប់រង”​នឹង​ធានា​សង​ប្រាក់កម្ចី​មួយផ្នែក​ឲ្យ​ទៅ​ធនាគារ​ម្ចាស់​បំណុល​វិញ។​ ហើយ​បន្ថែម​ពីលើនេះ​ មូលនិធិ​អឺរ៉ុប​សម្រាប់​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ឬ​ (FESF) ​ក៏​មាន​មូលនិធិ​អាចនឹង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ឲ្យ​ដល់​ប្រទេស​អឺរ៉ុប​ដែល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ផងដែរ។​ មូលនិធិ​អឺរ៉ុប​សម្រាប់​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ឬ​Fonds Européen de Stabilité Financière (FESF)​គ្រោង​នឹង​ធ្វើការ​ដំឡើង​បរិមាណ​មូលនិធិ​របស់​ខ្លួន​ឲ្យ​កើនឡើង​ដល់​១ ០០០ពាន់លាន​អឺរ៉ូ​ ​ ដែល​មកទល់​ពេលនេះ​មាន​ត្រឹមតែ​៤៤០ពាន់លាន​អឺរ៉ូ​ប៉ុណ្ណោះ។

ដើម្បី​ចេញឲ្យ​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​និ​វិបត្តិ​ហិរញ្ញវត្ថុ​ ​ តំបន់​អឺរ៉ូ​មិន​រំពឹងតែ​ទៅលើ​មធ្យោបាយ​របស់​ខ្លួន​ប៉ុណ្ណោះទេ​ ​ អ្នកដឹកនាំ​នៃ​តំបន់​អឺរ៉ូ​ក៏​បាន​ឈោងដៃ​ទៅរក​ប្រទេស​ដទៃទៀត​ឲ្យ​មក​ជួយ​ដោះស្រាយ​វិបត្តិ​របស់​ខ្លួនផងដែរ។​ ក្នុង​ចំណោម​ប្រទេស​ទាំងនោះ​ ​ មាន​ប្រទេស​លោក​ខាងលិច​ដ៏​កម្រ​ ​ មាន​ដូច​ជា​ប្រទេស​ន័រវែស​ដែល​ជា​ប្រទេស​សម្បូណ៌​ទៅដោយ​ប្រេងឥន្ធៈ​ហើយនិង​មាន​សល់​ប្រាក់​បម្រុងទុក​យ៉ាង​ច្រើន​មហិមា។​ ក៏​ប៉ុន្តែ​តំបន់​អឺរ៉ូ​ក៏​រំពឹង​ខ្លាំង​ទៅលើ​ ប្រទេស​កំពុង​អភិវឌ្ឍន៍​រីក​ចម្រើន​ខ្លាំង​មាន​ដូចជា​ប្រទេស​ចិន​ជាដើម​ដែល​មាន​សល់ប្រាក់​បម្រុងទុក​ដល់ទៅ​រាប់​សែនលាន​ដុល្លារ។​ ហេតុ​ដូច្នេះហើយ​ ​ បានជា​ទីក្រុង​ប៉ារីស​បាន​ថ្លែង​ឲ្យដឹងថា​ ​ លោកប្រធានាធិបតី​បារាំង​នីកូឡា​សាកូហ្ស៊ី​នឹង​ទូរស័ព្ទ​នៅ​ថ្ងៃនេះ​ទៅ​ពិភាក្សា​ពី​បញ្ហានេះ​ជាមួយ​លោក​ប្រធានាធិបតី​ចិន​ ហ៊ូ​ ជិនតាវ​។

សាធារណរដ្ឋ​ប្រជាមានិត​ចិន​​យល់ព្រម​ងាកមក​ជួយ​សង្គ្រោះ​ប្រទេស​ក្នុង​តំបន់​អឺរ៉ូ​ ​ មកពី​ប្រទេសចិន​ជា​វិនិយោគិន​ដ៏​សំខាន់​នៅ​ក្នុង​សហភាព​អឺរ៉ុប​។​ មូលហេតុ​នេះហើយ​ដែល​ធ្វើឲ្យ​ប្រទេស​ចិន​បន្ត​គាំទ្រ​សហភាព​អឺរ៉ុប​និង​រូបិយប័ណ្ណ​អឺរ៉ូ។​ នេះ​ជាសេចក្តី​ថ្លែងប្រកាស​របស់​លោក​ Jia Qinglin ​ឥស្សរជន​ចិន​ម្នាក់​ដ៏​សំខាន់​នៅក្នុង​របប​គ្រប់គ្រង​ចិន​បច្ចុប្បន្ន។

ហើយ​ម្យ៉ាងទៀត​ ប្រទេស​ចិន​ក៏​មាន​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ​ ក្នុង​ការ​រក្សា​សហភាព​អឺរ៉ុប​ឲ្យ​មាន​ស្ថិរភាព​ផងដែរ​ ​ ដោយហេតុថា​ ​ បច្ចុប្បន្ន​នេះ​ សហភាព​អឺរ៉ុប​ជា​ “ដៃគូ​ពាណិជ្ជកម្ម”​ ទីមួយ​របស់​ប្រទេសចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ