អានតួអត្ថបទ
កូរ៉េ

កូរ៉េខាងត្បូង​និង​អាមេរិក​នឹងធ្វើ​សមយុទ្ធ​រួមមួយ​នៅសប្តាហ៍ក្រោយ​

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២០តុលានេះ កងទ័ពកូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា ខ្លួននឹង​ធ្វើ​សមយុទ្ធ​ដ៏ធំសម្បើមមួយ រួមគ្នានឹងកងកម្លាំងអាមេរិកាំង នៅសប្តាហ៍ក្រោយនេះ។ សមយុទ្ធ​នឹងប្រព្រឹត្តទៅនៅគ្រប់ទីកន្លែងលើដែនដីកូរ៉េខាងត្បូង រួមទាំងនៅក្នុងសមុទ្រលឿង ជិត​ព្រំដែន​ទឹករវាងកូរ៉េទាំងពីរផងដែរ។

កងទ័ពកូរ៉េខាងត្បូង​នឹង​ធ្វើ​​សមយុទ្ធ​​ដ៏ធំ​មួយរួមគ្នា​នឹង​កង​កម្លាំង​អាមេរិកាំង ​
កងទ័ពកូរ៉េខាងត្បូង​នឹង​ធ្វើ​​សមយុទ្ធ​​ដ៏ធំ​មួយរួមគ្នា​នឹង​កង​កម្លាំង​អាមេរិកាំង ​ © RFI
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​សមយុទ្ធ​រួម​គ្នា​រវាង​កងទ័ព​កូរ៉េ​ខាង​ត្បូង និង​កង​កម្លាំង​អាមេរិកាំង សមយុទ្ធ​ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២៧​តុលា ដល់​ថ្ងៃ​ទី​៤​វិច្ឆិកា។ នេះ​ជា​សេចក្តី​ជូន​ដំណឹង​របស់​សេនាធិការដ្ឋាន​របស់​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

 
ទា​ហាន​ជើង​ទឹក ជើង​គោក និង​ជើង​អាកាស​របស់​កូរ៉េ​ខាង​ត្បូង ចំនួន​១៤០ ០០០នាក់​និង​ទាហាន​អាមេរិកាំង​៥០០​នាក់ នឹង​ចូលរួម​ធ្វើ​សមយុទ្ធ​នេះ​ដែល​នឹង​ប្រើបា្រស់​គ្រាប់​កាំភ្លើង​មែនទែន នាវា​ពិឃាត នាវា​ចម្បាំង ឧទ្ធម្ភាគចក្រ និង​យន្តហោះ​ប្រដេញ​ជា​ច្រើន​គ្រឿង។ សមយុទ្ធ​នេះ​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​សឹង​គ្រប់​ទី​កន្លែង​នៃ​ដែន​ដី​កូរ៉េ​ខាង​ត្បូង។

មិន​តែ​ប៉ុណ្ណោះ ដូច​លើក​មុនៗ​ដែរ លំហាត់​យោធា​នេះ​ក៏​នឹង​ត្រូវ​ធ្វើ​ឡើង​ដែរ នៅ​ជិត​ព្រំដែន​សមុទ្រ​រវាង​កូរ៉េ​ទាំង​ពីរ គឺ​ក្នុង​សមុទ្រ​លឿង នៅ​ជិត​កោះ​មួយ​ចំនួន​របស់​កូរ៉េ​ខាង​ត្បូង កោះ​ដែល​ឋិត​នៅ​ប៉ែក​ពាយព្យ​នៃ​ប្រទេស។ គឺ​នៅ​ទី​នោះ​ហើយ ដែល​ឧប្បត្តិហេតុ យោធា​ដ៏​ធ្ងន់ធ្ងរ​មួយ​ចំនួន​រវាង​កូរ៉េ​ទាំង​ពីរ បាន​កើត​ឡើង​ឥត​ឈប់ឈរ តាំង​ពី​ឆ្នាំ​១៩៩៩​មក។ ឧទាហរណ៍​ជាក់​ស្តែង នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១០ កង​ទ័ព​កូរ៉េ​ខាង​ជើង​បាន​បាញ់​ផ្លោង ទៅ​លើ​កោះ​មួយ​របស់​កូរ៉េ​ខាង​ត្បូង ជាហេតុ​បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​បួន​នាក់។

រហូត​មក​ទល់​ពេល​នេះ ទីក្រុង​សេអ៊ូល​តែងតែ​បាន​ថ្លែង​ថា សមយុទ្ធ​ជា​បន្ត​បន្ទាប់​គ្នា ដែល​ខ្លួន​បាន​ធ្វើ​ជា​មួយ​អាមេរិក មាន​គោលដៅ​តែ​មួយ​គត់ នោះ​គឺ​ប្រឈមមុខ​នឹង​ការ​វាយ​ប្រហារ​ជាយថាហេតុ​ពី​សំណាក់​សត្រូវ​នៅ​ក្នុង​តំបន់។

រី​ឯ​របប​កុម្មុយនិស្ត​ទីក្រុង​ព្យុងយ៉ាង​វិញ​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា គោលដៅ​នៃ​សមយុទ្ធ​រួម​គ្នា​ទាំង​អស់​នេះ​រវាង​កូរ៉េ​ខាង​ត្បូង​និង​អាមេរិក គឺ​ត្រៀម​វាយ​ប្រហារ​ឈ្លានពាន​ទឹកដី​កូរ៉េ​ខាង​ជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ