អានតួអត្ថបទ
ថៃ

ប្រទេសថៃ​នឹងធ្វើឲ្យ​ទីផ្សារ​អង្ករ​ពិភពលោក​ស្គាល់អស្ថិរភាព​

រដ្ឋាភិបាល​ថៃ​នឹង​ស្នើ​ទិញអង្ករ​ពី​ប្រជាកសិករ​ក្នុង​តម្លៃ​ពីរដង​លើសពី​តម្លៃ​ទីផ្សារ។​ វិធានការ​របស់​រដ្ឋាភិបាល​ថៃ​នេះ​នឹង​ធ្វើឲ្យ​ទីផ្សារ​អង្ករ​ពិភពលោក​ជួបនឹង​​អស្ថិរភាព​ច្របូក​ច្របល់​ ហើយអាច​បណ្តាល​ឲ្យ​ហិបប្រាក់​រដ្ឋថៃ​ចំណាយ​​ អស់ប្រាក់​ប្រមាណ​២៥០​ពាន់លាន​បាត​ត្រូវជា​៦ពាន់លាន​អឺរ៉ូ។​ នេះ​បើយោងតាម​លោក​អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុថៃ។

លោក​ស្រី​​​នាយករដ្ឋមន្ត្រី​ថៃ​ ​ យីងឡាក់​ស៊ីណាវ៉ាត្រា
លោក​ស្រី​​​នាយករដ្ឋមន្ត្រី​ថៃ​ ​ យីងឡាក់​ស៊ីណាវ៉ាត្រា © REUTERS/Sukree Sukplang
ផ្សាយពាណិជ្ជកម្ម

នាឱកាស​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សភា​នៅពេល​ថ្មីៗ​កន្លង​ទៅនេះ​ ​ លោក​ស្រី​យីងឡាក់​ស៊ីណាវ៉ាត្រាបាន​សន្យា​ជាមួយ​ប្រជាកសិករ​ថៃ​ថា​ ​ “​បើលោកស្រី​ឈ្នះឆ្នោត​សភា​ហើយ​ក្លាយ​ខ្លួន​ជា​នាយករដ្ឋមន្ត្រី​ថៃ​ ​ លោក​ស្រី​នឹង​ចាត់​វិធានការ​ជួយ​ទិញ​ផលិតផល​អង្ករ​ទាំងអស់​ពី​កសិករ​ក្នុង​តម្លៃ​ពីរដង​លើស​ពី​តម្លៃ​ទីផ្សារ​ ​ ពោលគឺ​១៥ ០០០បាត​ឬ​ត្រូវ​ជា​៥០០ដុល្លារ​ក្នុង១តោន​ ​ ដើម្បី​ជួយ​លើក​តម្កើង​ជីវភាព​រស់នៅ​របស់​កសិករថៃ​ដែល​នៅមាន​សភាព​ខ្វះខាត​ក្រីក្រ។

 
កម្មវិធី​នៃ​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​ជួយ​ប្រមូល​ទិញ​ផលិតផល​អង្ករ​ “​ទាំងអស់​”​ របស់​ប្រជាកសិករ​ក្នុង​តម្លៃ​ខ្ពស់​ពោលគឺ​ពីរដង​លើសពី​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​នឹង​ចូល​ជាធរមាន​ចាប់ពី​ថ្ងៃទី​៧តុលា​ឆ្នាំ២០១១​ខាងមុខ​នេះ​ ​ ទាំងនេះ​ក្នុង​គោល​បំណង​ធ្វើឲ្យ​មាន​បរិមាណ​អង្ករ​នៅលើ​ទីផ្សារ​ពិភពលោក​មាន​សភាព​ខ្វះខាត​ ​ ដើម្បី​ជួយ​ជំរុញ​ឲ្យ​តម្លៃ​អង្ករ​ឡើងថ្លៃ​។ ​ហើយ​ប្រាក់​កម្រៃ​បាន​មកពី​តម្លៃ​អង្ករ​ខ្ពស់​បែបនេះ​នឹង​ក្លាយ​ជា​បច្ច័យ​សម្រាប់​ជួយ​លើងតម្កើង​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​ថៃ។

គួរ​កត់​សម្គាល់ថា​ ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​ចេញដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តាម​ប្រទេស​ជិតខាង​មួយ​ចំនួន​ក្នុង​តំបន់​ ​ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​សំណាក់​ប្រទេស​ផលិតករ​អង្ករ​ដូចគ្នា​ក្នុង​គោល​បំណង​សម្រេច​ឲ្យ​បាន​ជោគជ័យ​នៃ​វិធានការ​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​រុញ​ច្រាន​តម្លៃ​អង្ករ​នៅ​លើ​ទីផ្សារ​ពិភពលោក​ឲ្យ​ឡើង​ខ្ពស់​ដូច​ក្តី​ប្រាថ្នា​របស់​ខ្លួន។

បើ​វិធានការ​នៃ​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​ជួយ​ប្រមូល​ទិញ​ផលិតផល​អង្ករ​ “​ទាំងអស់​”​ របស់​ប្រជាកសិករ​ក្នុង​តម្លៃ​ពីរដង​លើសពី​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​ពិតជា​ចូល​ជាធរមាន​ចាប់ពី​ថ្ងៃទី​៧តុលា​ឆ្នាំ២០១១​ខាងមុខ​នេះ​មែន​ ​​ នោះ​អង្ករ​ថៃ​ច្បាស់ជា​បាត់បង់​លក្ខណៈ​ប្រកួត​ប្រជែង​របស់​ខ្លួន។​ ចំណែកឯ​ប្រទេស​ផលិត​អង្ករ​អាស៊ី​សំខាន់ៗ​ដូចជា​ប្រទេស​ឥណ្ឌា​ឬ​ប្រទេស​វៀតណាម​ដែល​ទើបនឹង​ទទួល​បាន​ការ​អនុញ្ញាត​សាជាថ្មី​ឲ្យ​នាំ​ផលិតផល​អង្ករ​ចេញ​ទៅលក់​ក្រៅ​ប្រទេស​ ​ ច្បាស់​ជា​ឆ្លៀត​ឱកាស​នេះ​ដណ្តើម​យក​ទីផ្សារ​អង្ករ​ពី​ប្រទេស​ថៃ​ជាពុំខាន។

គួរ​បញ្ជាក់ថា​ ​ រដ្ឋាភិបាល​មួយចំនួន​នៃ​ប្រទេស​ផលិត​អង្ករ​សំខាន់ៗ​ទាំងនោះ​បាន​ទាំង​ផ្តល់​ឧបត្ថម្ភធន​ឲ្យ​ប្រជាកសិករ​របស់​គេ​ផងទៀត​សម្រាប់​ជួយ​ជំរុញ​ការនាំ​ផលិតផល​អង្ករ​ចេញ​ទៅលក់​ក្រៅប្រទេស​ ​ ដែល​ធ្វើឲ្យ​ប្រទេស​ទាំងនោះ​រឹងរឹតតែ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​កាន់តែ​ប្រសើរឡើង។​ ទាំងនេះ​ខុសផ្ទុយ​ពី​វិធានការ​របស់​រដ្ឋាភិបាល​របស់​ប្រទេសថៃ​បច្ចុប្បន្ន។​ ដូច្នេះ​ ​ ការនាំចេញ​នៃ​ផលិតផល​អង្ករ​របស់​កសិករថៃ​ធ្វើម្តេច​អាចនឹង​ទៅប្រកួត​ប្រជែង​ជាមួយ​ផលិតផល​អង្ករ​នៃ​ប្រទេស​ទាំងប៉ុន្មាន​ខាងលើ​នេះកើត?​ បើ​ផលិតផល​អង្ករ​របស់​ខ្លួន​មាន​តម្លៃ​ខ្ពស់​ជាងគេ​ខ្លាំងម៉្លេះ។

នៅ​ប្រទេសថៃ​ ​​ វិស័យ​ផលិត​អង្ករ​គឺជា​វិស័យ​មួយ​ដ៏​សំខាន់​នៅ​ក្នុង​សេដ្ឋកិច្ច​ថៃ​បច្ចុប្បន្ន​ ​ ដែល​បាន​ផ្តល់​ការងារ​ឲ្យ​ដល់​ប្រជាកសិករ​ថៃ​ប្រមាណ​៣លាន​៧សែន​គ្រួសារ​ ​ ហើយ​ប្រើ​ទំហំ​ផ្ទៃដី​ដល់ទៅ​១០លាន​ហិកតារ​ស្មើនឹង​ពាក់កណ្តាល​នៃ​ទំហំ​ផ្ទៃដី​សរុប​សម្រាប់​សកម្មភាព​កសិកម្ម។​ ហើយ​ក្នុង១ឆ្នាំៗ​ ​ កសិករថៃ​ផលិត​បាន​អង្ករ​ប្រមាណ​២៥លានតោន​ ​ ដែល​ក្នុងនោះ​មាន​១០លានតោន​បានត្រូវ​គេ​នាំចេញ​ទៅលក់ក្រៅ​ប្រទេស។​ ការនាំ​អង្ករ​១០លានតោន​ចេញ​ទៅលក់​ក្រៅ​ប្រទេស​របស់​ថៃ​មាន​ទំហំ​ស្មើនឹង​១/៣​នៃ​បរិមាណ​សរុប​ក្នុង​ការ​ដោះដូរ។

វិធានការ​តម្លៃ​អង្ករ​ខ្ពស់​របស់​រដ្ឋាភិបាល​លោក​ស្រី​យីងឡាក់​អាច​ជា​ជំនួយ​ដ៏​ប្រសើរ​ជួយដល់​ការនាំចេញ​ផលិតផល​អង្ករ​របស់​ប្រទេស​វៀតណាម​ដែល​ជា​គូប្រជែង​ដ៏​សំខាន់​របស់​ប្រទេស​ថៃ។​ វិធានការ​របស់​រដ្ឋាភិបាល​ថៃ​នេះ​អាច​បណ្តាល​ឲ្យ​ហិបប្រាក់​រដ្ឋថៃ​ចំណាយ​​អស់ប្រាក់​ប្រមាណ​២៥០​ពាន់លាន​បាត​ត្រូវជា​៦ពាន់លាន​អឺរ៉ូ។​ នេះ​បើយោងតាម​លោក​អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ