អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​របស់​ប្រមុខ​គណបក្ស​កាន់អំណាច​នៅ​កូរ៉េខាងត្បូង ទៅ​កាន់​កូរ៉េខាងជើង

នៅ​ថ្ងៃ​សុក្រ ទី៣០ កញ្ញា​ម្សិលមិញ លោក Hong Joon-Pyo ប្រធាន​គណបក្ស​កាន់​អំណាច​នៅ​កូរ៉េខាងត្បូង បាន​អញ្ជើញ​ទៅ​​បំពេញ​ទស្សនកិច្ច​រយៈពេល​ខ្លី​នៅ​ក្នុង​ទឹកដី​កូរ៉េខាងជើង។ ទោះ​បី​ជា​លោក Hong Joon-Pyo មិន​បាន​ជួប​សន្ទនា​ជាមួយ​ថ្នាក់​ដឹកនំា​កូរ៉េខាងជើង​ណា​ម្នាក់​ក៏​ដោយ ក៏​ទស្សនកិច្ច​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ព្រឹត្តិការណ៍​លើក​ទីមួយ​នៅ​ក្នុង​ប្រវត្តិនយោបាយ​​នៃ​គណបក្ស​របស់​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង។

លោក Hong Joon-Pyo (រូបកណ្តាល) ប្រធាន​គណបក្ស​កាន់អំណាច​នៅ​កូរ៉េ​ខាងត្បូង
លោក Hong Joon-Pyo (រូបកណ្តាល) ប្រធាន​គណបក្ស​កាន់អំណាច​នៅ​កូរ៉េ​ខាងត្បូង ©Reuters
ផ្សាយពាណិជ្ជកម្ម

« គឺ​ជា​​ទស្សនកិច្ច​ការងារ​ផង និង​ក៏​ជា​កាតព្វកិច្ច​ផង ក្នុង​នាម​ជា​អ្នក​នយោបាយ​ម្នាក់ ដើម្បី​ចូលរួម​ស្វែង​រក​ច្រក​ចេញ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​កូរ៉េ​ទំាងពីរ » នេះ​ជា​ការ​ថ្លែង​របស់​លោក Hong Joon-Pyo មុន​នឹង​លោក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ខ្សែ​បន្ទាត់​ព្រំដែន​ខ័ណ្ឌ​ចែក​កូរ៉េ​ទំាងពីរ។ តែ​យ៉ាង​ណា​ក៏​ដោយ គេ​ពិត​ជា​មិន​អាច​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​រូប​លោក Hong បាន​ទេ។ អ្វី​ដែល​គេ​ដឹង លោក Hong បាន​ដាក់​ជើង​ជាន់​ទឹក​ដី​កូរ៉េខាងជើង ដោយ​គ្មាន​ការ​អញ្ជើញ​ពី​ខាង​ថ្នាក់​ដឹក​នំា​កូរ៉េខាងជើង​ណា​ម្នាក់​ទេ។

តាម​ពិត​ទៅ លោក Hong មិន​បាន​ធ្វើ​ដំណើរ​ចូល​ជ្រៅ​រហូត​ដល់​ទីក្រុង​ព្យុងយ៉ាង​នោះ​ឡើយ លោក​បាន​ទៅ​ត្រឹម​មណ្ឌល​ឧស្សាហកម្ម Kaesong ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​គ្នា។ មណ្ឌល​ឧស្សាហកម្ម Kaesong ក្នុង​ទឹកដី​កូរ៉េខាងជើង ជា​តំបន់​សេដ្ឋកិច្ច​មួយ​ដែល​បងប្អូនបង្កើត​គូសត្រូវ​ទំាង​ពីរ​បាន​ចាប់ដៃ​ធ្វើ​ការ​រួម​គ្នា។ គឺ​នៅ​ទីនោះ​ហើយ​ដែល​មាន​ក្រុមហ៊ុន និង​រោងចក្រសហគ្រាស​របស់​កូរ៉េខាងត្បូង ដោយ​ប្រើប្រាស់​កម្លំាង​ពលកម្ម​របស់​ប្រជាជន​កូរ៉េខាងជើង​ប្រមាណ​ជា ៤៥ ០០០នាក់។

អ្វី​ជា​ការ​កត់​សម្គាល់ ទោះ​បី​ជា​ដំណើរ​ទៅ​កាន់​ទឹកដី​កូរ៉េខាងជើង​របស់​លោក Hong មាន​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ក៏​ដោយ ក៏​ទង្វើ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ព្រឹត្តិការណ៍​លើក​ទីមួយ​នៅ​ក្នុង​ប្រវត្តិនយោបាយ​នៃ​គណបក្ស​កាន់​អំណាច​នៅ​កូរ៉េខាងត្បូង។ ម្យ៉ាង​ទៀត ទង្វើ​នេះ​ក៏​បាន​បង្កប់​នូវ​សារ​នយោបាយ​ថ្មី​មួយ​ទៀត​នៃ​ឆន្ទៈ​ចង់​បង្កើន​ទំនាក់ទំនង​រវាង​បងប្អូនបង្កើត​គូសត្រូវ​ទំាង​ពីរ​ឡើង​វិញ។ ទំនាក់ទំនង​ដែល​បាន​ធ្លាក់​ដល់​បាតដាល​តំាង​ពី​និទាឃរដូវ​ឆ្នំា ២០១០ មក​ម្ល៉េះ។

ការ​កត់សម្គាល់​មួយ​ទៀត ដំណើរ​ទៅ​កាន់​ទឹក​ដី​កូរ៉េខាងជើង​របស់​ប្រមុខ​គណបក្សកាន់អំណាច​នៅ​កូរ៉េខាងត្បូង​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​រដ្ឋមន្រ្តី​ថ្មី​កូរ៉េខាងត្បូង ទទួល​បន្ទុក​ខាង​ការ​បង្រួបបង្រួម​កូរ៉េ​ទំាងពីរ​បាន​លើក​ឡើង​ពី​ភាពទន់ភ្លន់​ដែល​កំពុង​បន្ត​មាន​ទៅវិញ ទៅ​មក​រវាង​គ្នា។

សូម​ជម្រាប​ជូន​ថា ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ទីក្រុង​សេអ៊ូល និង​ទីក្រុង​ព្យុងយ៉ាង​បាន​សម្តែង​ឲ្យ​ឃើញ​នូវ​ឆន្ទៈ​ដ៏​ល្អ​របស់​គេ​រៀងៗ​ខ្លួន​ក្នុង​គោលដៅ​កាត់​បន្ថយ​ភាព​តានតឹង​រវាង​គ្នា។ ភាព​តានតឹង​ដែល​កើត​ចេញ​ពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ផង និង​ពី​ឧប្បត្តិហេតុ​នៅ​តាម​ព្រំដែន​រវាង​កងទ័ព​ទំាង​សង​ខាង​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ