អានតួអត្ថបទ
ភូមា

ភូមា​ផ្អាកបញ្ឈប់​គម្រោង​សាងសង់​ទំនប់ទឹក​ក្រោយពី​ប្រជាពលរដ្ឋ​ស្រែក​ប្រឆាំង​

នៅ​ថ្ងៃសុក្រទី៣០កញ្ញាឆ្នាំ២០១១នេះ​ ​រដ្ឋាភិបាល​ភូមា​បាន​សម្រេច​ផ្អាកបញ្ឈប់​គម្រោង​សាងសង់​ទំនប់ទឹក​ដ៏​ធំអស្ចារ្យ​មួយ​នៅ​ប៉ែកខាង​ជើង​នៃ​ប្រទេស​ ​ ដែល​ទទួល​ហិរញ្ញប្បទាន​ពី​ប្រទេសចិន​។​ ទាំងនេះ​ក្រោយពី​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ប្រជាពលរដ្ឋ។

លោក​ប្រធានាធិបតីភូមា​ Thein Sein​
លោក​ប្រធានាធិបតីភូមា​ Thein Sein​ © RFI
ផ្សាយពាណិជ្ជកម្ម

នាឱកាស​ជំនួប​ប្រជុំ​សមាជិក​សភា​ភូមា​នៅ​ទីក្រុង​ Naypyidaw ​​ លោក​ប្រធានាធិបតី​ Thein Sein ​បាន​ថ្លែង​ឲ្យដឹងថា​ ​ គម្រោង​សាងសង់​ទំនប់ទឹក​នៅ​ Myitsone នៅ​លើ​ទន្លេ​ Irrawaddy ឋិត​នៅ​ក្នុង​រដ្ឋ​ Kachin ​ប្រហែលជា​នឹងត្រូវ​ផ្អាកបញ្ឈប់​សិន​រហូត​ដល់ចប់​អាណត្តិ​រដ្ឋាភិបាល​ភូមា​បច្ចុប្បន្ន។

 
អ្នកទទួល​ខុសត្រូវ​ម្នាក់​នៃ​រដ្ឋាភិបាល​ភូមា​បាន​ថ្លែង​ថា​ ​ “​លោក​ប្រធានាធិបតី​ Thein Sein​ បាន​សម្រេច​ផ្អាកបញ្ឈប់​គម្រោង​សាងសង់​ទំនប់ទឹក​ ​ ដោយហេតុថា​រដ្ឋាភិបាល​ភូមា​បច្ចុប្បន្ន​ជា​រដ្ឋាភិបាល​តែងតាំង​ដោយ​ប្រជាពលរដ្ឋ​ ​ ដូច្នេះ​រដ្ឋាភិបាល​ត្រូវតែ​គោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ”។

ទន្ទឹម​គ្នានេះ​ ​ សកម្មជន​ភូមា​ក៏​ចង់​សាកល្បង​ដើម្បី​ដឹង​ពី​កម្រិត​សេរីភាព​នៃ​របបគ្រប់គ្រង​ស៊ីវិល​ថ្មី​ដែល​ឋិតនៅ​ក្រោម​ការត្រួតត្រា​របស់​យោធា​ភូមា។​ គួរបញ្ជាក់ថា​ ​ សំឡេង​ប្រឆាំង​នឹង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​បាន​កើតមាន​កាន់តែ​ច្រើនឡើងៗ​។​ ​ ថាមពល​អគ្គិសនី​ដែល​កើតចេញ​ពី​ទំនប់ទឹក​នេះ​គ្រោង​នឹង​បញ្ជូន​ទៅ​ឲ្យ​ប្រទេសចិន។

រីឯ​អ្នកការពារ​បរិស្ថាន​ឯណោះវិញ​បាន​នាំគ្នា​ស្រែក​បរិហារ​ពី​ផលវិបាក​អវិជ្ជមាន​ដែល​កើត​ចេញ​​ពី​ការ​សាងសង់​ទំនប់ទឹកនេះ​ ​ ដែល​អាច​បណ្តាល​ឲ្យ​ស្រុកភូមិ​ជាច្រើន​ស្គាល់​ការ​លិចលង់​ ​ ហើយនិង​តម្រូវ​ឲ្យ​ជម្លៀស​ប្រជាពលរដ្ឋ​យ៉ាងតិច​ប្រមាណ​១០ ០០០នាក់។​ បន្ថែម​ពី​លើនេះ​ ​ នៅមាន​ផលវិបាក​ “អវិជ្ជមាន”​ ជះទៅលើ​តំបន់​ដែល​ពោរពេញ​ទៅដោយ​ជីវសម្បូណ៌បែប​ផងទៀត។

សូមបញ្ជាក់ថា​ ​ នៅខែ​មិថុនា​កន្លងទៅ​ការវាយ​ប្រយុទ្ធ​គ្នា​មួយ​ដ៏​ហិង្សា​បាន​កើតមាន​រវាង​ពួក​អ្នកបះបោរ​ Kachin ​និង​ទាហាន​ភូមា​ជុំវិញ​បញ្ហា​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ។​ ទំនប់​វារីអគ្គិសនី​នេះ​ក៏​បាន​ក្លាយ​ទៅជា​និមិត្តរូប​នៃ​ការ​ប្រយុទ្ធ​តស៊ូ​ប្រឆាំង​នឹង​រដ្ឋ​អំណាច​ភូមា​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ