អានតួអត្ថបទ
ឥណ្ឌា

លោក Anna Hazare បន្ត​កូដកម្ម​អត់​អាហារ ចំណែក​លោក​នាយករដ្ឋមន្រ្តី​ព្យាយាម​សម្រុះសម្រួល

នៅ​ថ្ងៃសៅរ៍ ទី២០ សីហា​ម្សិលមិញ លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា Manmohan Singh បាន​បញ្ចេញ​ប្រតិកម្ម​ជា​លើកទីមួយ​ទាក់ទង​នឹង​ការ​ធ្វើ​កូដកម្ម​អត់​អាហារ​របស់​លោក Anna Hazare។ លោក Hazare ជា​សកម្មជន​ប្រឆាំង​អំពើ​ពុករលួយ និង​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​អត់​អាហារ​រយៈពេល ១៥ថ្ងៃ​កាល​ពី​ថ្ងៃ​សុក្រ ទី១៩ សីហា នៅ​ប៉ែក​កណ្តាល​ទីក្រុង New Delhi ដោយ​មាន​មនុស្ស​ចូល​រួម​គំាទ្រ​ប្រមាណ​ជា ២០ ០០០នាក់។ លោក Manmohan Singh បាន​ប្រកាស​ថា រដ្ឋាភិបាល​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បើក​កិច្ចចរចា​ទាក់ទង​នឹង​បញ្ហា​នេះ។ តែ​យ៉ាង​ណា​ក៏​ដោយ​នៅ​ថ្ងៃ​នេះ លោក Anna Hazare មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​អំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី​ទេ។

ចលនា​បាតុកម្ម​គំាទ្រលោក Anna Hazare សកម្មជន​ប្រឆាំង​អំពើ​ពុករលួយ​ដែល​កំពុង​ធ្វើ​កូដកម្ម​អត់​អាហារ
ចលនា​បាតុកម្ម​គំាទ្រលោក Anna Hazare សកម្មជន​ប្រឆាំង​អំពើ​ពុករលួយ​ដែល​កំពុង​ធ្វើ​កូដកម្ម​អត់​អាហារ ©REUTERS/Rupak De Chowdhuri
ផ្សាយពាណិជ្ជកម្ម

“ ទោះ​បី​ជា​លោក​នាយករដ្ឋមន្ត្រី​មក​កាន់​ទីនេះ​ផ្ទាល់ ក៏​ខ្ញុំ​មិន​ចាក​ចេញ​ដែរ ដរាប​ណា​គម្រោង​ច្បាប់​ប្រឆំាង​អំពើ​ពុក​រលួយ​របស់​យើង​នៅ​មិន​ទាន់​បាន​អនុម័ត​ទេ​នោះ ” នេះ​ជា​ការ​ថ្លែង​របស់​លោក Anna Hazare ពី​ទីកន្លែង​ដែល​លោក​កំពុង​បន្ត​ធ្វើ​កូដកម្ម​អត់អាហារ​នៅ​លើ​ទីលាន​មួយ​ស្ថិត​ប៉ែក​កណ្តាល​ទីក្រុង New Delhi។ មាន​អាយុ ៧៤ឆ្នំា សកម្មជន​ប្រឆំាង​អំពើ​ពុក​រលួយ​រូប​នេះ​ចង់​បន្ត​ដាក់​គំនាប​លើ​រដ្ឋាភិបាល​របស់​លោក Manmohan Singh ឲ្យ​អនុម័ត​ឆាប់រហ័ស​នូវ​ច្បាប់​ប្រឆំាង​អំពើ​ពុករលួយ​មួយ​ដ៏​មាន​ប្រសិទ្ធិភាព។ អ្វី​ដែល​លោក Anna Hazare និង​ក្រុម​អ្នក​គំាទ្រ​របស់​លោក​ចង់​បាន​នោះ គឺ​ច្បាប់​ប្រឆំាង​អំពើ​ពុករលួយ​មួយ​ដែល​ផ្តន្ទាទោស​មន្រ្តី​ពុករលួយ​គ្រប់​ជាន់ថ្នាក់ តំាង​ពី​ថ្នាក់ក្រោម រហូត​ដល់​ថ្នាក់លើ ដោយ​រាប់​បញ្ចូល​ទំាង​រូប​លោក​នាយករដ្ឋមន្រ្តី​ផង​ដែរ។

នៅ​ទីបំផុត និង​ដោយ​ប្រឈម​មុខ​នឹង​ចលនា​ប្រឆាំង​អំពើ​ពុករលួយ​ដែល​កាន់​តែ​ពុះកញ្ជ្រោល​ទៅ​នោះ លោក​នាយករដ្ឋមន្រ្តី​ Manmohan Singh ក៏​យល់​ព្រម​ចេញ​មុខ​ធ្វើ​អន្តរាគមន៍​ជាលើក​ទី១ នៅ​ថ្ងៃសៅរ៍ ទី២០ សីហា​ម្សិលមិញ។ « យើង​ត្រូវការ​ច្បាប់​ប្រឆំាង​អំពើពុករលួយ​មួយ​ប្រកប​ដោយ​ប្រសិទ្ធិភាព ហើយ​យើង​ត្រូវ​បំបាត់​គ្រប់​ឧបសគ្គ​ទំាង​ឡាយ​ណា​ដែល​កំពុង​រារំាង​ដំណើរការ​នេះ » នេះ​ជា​ពាក្យពេចន៍​ដែល​លោក Manmohan Singh បាន​ថ្លែង​ទៅ​កាន់​លោក Anna Hazare និង​ក្រុមអ្នក​គំាទ្រ​របស់​លោក Hazare។ ទំាង​នេះ​សុទ្ធសឹង​ជា​សញ្ញា​ដែល​លោក Manmohan Singh ចង់​ប្រាប់​ទៅ​លោក Anna Hazare ថា រដ្ឋាភិបាល​បាន​ត្រៀម​ខ្លួន​រួច​ស្រេច​ហើយ​ដើម្បី​បើក​កិច្ចចរចា​ទាក់ទង​នឹង​បញ្ហា​នេះ។

តែ​យ៉ាង​ណា​ក៏​ដោយ ការ​អំពាវនាវ​របស់​លោក Manmohan Singh មិន​ត្រូវ​បាន​លោក Anna Hazare និង​ក្រុមអ្នក​គំាទ្រ​របស់​លោក​យក​ត្រចៀក​ស្តាប់​ទេ។ ផ្ទុយ​ទៅ​វិញ កូដកម្ម​អត់​អាហារ​រយៈពេល ១៥ថ្ងៃ​ដែល​លោក Anna Hazare បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃសុក្រ ទី១៩ សីហា​បាន​និង​កំពុង​បន្ត​រហូត​ដល់​ថ្ងៃ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ