អានតួអត្ថបទ
វិបត្តិសេដ្ឋកិច្ច​

ការ​ភ័យ​ស្លន់ស្លោ​​ជា​ថ្មី​ម្តង​ទៀត​​នៅ​លើ​​ទីផ្សារ​​មូលបត្រ​​អន្តរជាតិ​​

ទីផ្សារ​មូលបត្រ​នៅទូទាំង​ពិភពលោក​បាន​ស្គាល់​ទិវា​ដ៏​ខ្មៅងងឹត​មួយ​នៅថ្ងៃ​ ព្រហស្បតិ៍​ម្សិលមិញ​ ​ហើយនិង​នៅ​ថ្ងៃសុក្រ​ទី១៩​សីហានេះ​ ​ ដោយហេតុតែ​អ្នក​វិនិយោគ​ភ័យបារម្ភ​ខ្លាច​សេដ្ឋកិច្ច​ពិភពលោក​មាន​អត្រា​ កំណើន​សេដ្ឋកិច្ច​ទន់ខ្សោយ​ ​ ហើយនិង​បារម្ភ​ខ្លាច​ធនាគារ​ជួបនឹង​សភាព​ធនក្ស័យ។

ការភ័យ​បារម្ភ​នៅ​ទីផ្សារ​មូលបត្រ​អន្តរជាតិ​
ការភ័យ​បារម្ភ​នៅ​ទីផ្សារ​មូលបត្រ​អន្តរជាតិ​ © Reuters/Kai Pfaffenbach
ផ្សាយពាណិជ្ជកម្ម

ភាពស្ងប់ស្ងាត់​ក្រោយពី​ព្យុះសង្ឃរា​នៃ​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​កាលពី​សប្តាហ៍មុន​ ​ បាន​កើតមាន​តែ​មួយ​យៈកាល​ដ៏​ខ្លី​ប៉ុណ្ណោះ។​ ទស្សនវិស័យ​នៃ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​បាន​ត្រូវ​គេ​ប្រមើល​ឃើញថា​ ​ អាច​ធ្លាក់​ស្រុតចុះ​ ​ ហើយ​ធនាគារ​មួយ​ចំនួន​អាច​ជួបនឹង​សភាព​ធនក្ស័យ។​ បន្ថែម​ពីលើនេះ​ ​ តួលេខ​បាន​មកពី​សេដ្ឋកិច្ច​អាមេរិកាំង​សុទ្ធតែ​ជា​ដំណឹង​ពុំល្អ។

 
មូលហេតុ​ទាំងនេះហើយ​ ​ ដែលបាន​ធ្វើឲ្យ​ទីផ្សារ​មូលបត្រ​នៅទីក្រុង​ប៉ារីស​បាត់បង់​អស់​៥,៤៨%​ ​ ទីផ្សារ​មូលបត្រ​នៅទីក្រុង​ឡុងដ្រឹ៍​ធ្លាក់ស្រុតចុះ​អស់​៤,៤៩%​ ​ នៅទីក្រុង​ហ្វ្រង់ហ្វ័រ​បាត់បង់អស់​៥,៨២%​ ​ នៅ​ទីក្រុង​មីឡង់​ធ្លាក់ចុះ​អស់​៦,១៥%​កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ។

ភាពភ័យ​ស្លន់ស្លោ​នេះ​បាន​ឆ្លង​រីករាលដាល​ដល់​ទីផ្សារ​មូលបត្រ​អាមេរិកាំង​ ​ ដោយបាន​ធ្វើឲ្យ​ទីផ្សារ​មូលបត្រ​នៅទីក្រុង​ញីវយ៉ក​បាត់បង់​អស់​៣,៦៨%​ ​ ហើយនិង​ទីផ្សារ​ភាគហ៊ុន​នៅទីក្រុង​ Sao Paolo ធ្លាក់​ស្រុតចុះ​អស់​៣,៥២%។

នៅ​ព្រឹក​ថ្ងៃសុក្រ​ទី១៩​សីហា​ឆ្នាំ២០១១​នេះទៀត​ ​ ទីផ្សារ​មូលបត្រ​នៅទីក្រុង​ប៉ារីស​បាន​ធ្លាក់​បាត់បង់​អស់​៣,៤៣%​បន្ថែមទៀត។​ សម្រាប់​ទីក្រុង​ឡុងដ្រឹ៍​ក៏​ដូចគ្នា​អ៊ីចឹងដែរ​ ​ បាន​ស្រុត​ចុះ​អស់​ប្រមាណ​៣%។ចំណែកឯ​ទីផ្សារ​មូលបត្រ​អាស៊ី​សំខាន់ៗ​ក៏​ពុំខុស​គ្នាដែរ​​ ​ នៅថ្ងៃសុក្រ​នេះ​ ​ ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​តូក្យូ​បាន​បាត់បង់​អស់​២,១៥%​ ​ នៅទីក្រុង​សេអ៊ូល​ធ្លាក់ចុះអស់​៤,៤៩%​ ​ និង​នៅទីក្រុង​ហុងកុង​ស្រុតចុះអស់​២,៤៨%។

មូលហេតុ​គឺ​អ្នកវិនិយោគ​នៅអាស៊ី​បារម្ភ​ភ័យខ្លាច​មាន​ដំណើរ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​នៅ​សហរដ្ឋ​អាមេរិក។​ សហរដ្ឋ​អាមេរិក​ដែលជា​មហាអំណាច​សេដ្ឋកិច្ច​ទីមួយ​ពិភពលោក​ ​ ពុំបាន​ផ្តល់​តួលេខ​ល្អ​សោះឡើយ​ដើម្បី​ធ្វើឲ្យ​គេ​មាន​ទំនុកចិត្ត​កក់ក្តៅ។​ ជាក់ស្តែង​ ​ វិស័យ​អចលនទ្រព្យ​អាមេរិកាំង​ជួបនឹង​បញ្ហា​គាំងស្ទះ​ ​ ចំនួន​អ្នក​ឥតការងារ​ធ្វើ​ចេះតែ​កើនឡើង​ជាលំដាប់​ ​ សកម្មភាព​នៃ​ឧស្សាហកម្ម​កម្មន្តសាល​ដែល​ជា​ក្បាល​ម៉ាស៊ីន​ដ៏​សំខាន់​សម្រាប់​ជួយ​អូសទាញ​កំណើន​សេដ្ឋកិច្ច​អាមេរិកាំង​បាន​ធ្លាក់​ស្រុតចុះ​នៅ​ខែ​សីហា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ