អានតួអត្ថបទ
រុស្ស៊ី-អៀរ៉ង់

អៀរ៉ង់​យល់ព្រម​តាមសំណើ​របស់​ក្រុងម៉ូស្គូ​ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ​

គឺក្នុង​បរិបទ​នៃ​ការយល់ព្រម​នេះ ដែល​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ Serguei Lavrov ​ទទួល​ជួប​ចរចា​នៅម៉ូស្គូ​ថ្ងៃនេះ ជាមួយ​សមភាគី​អៀរ៉ង់​លោក Ali Akbar Saleh​ បន្ទាប់​ពី​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី​ លោក​ Nicolai ​Patrushev​ បាននាំ​ទៅកាន់​ទីក្រុង​Teheran​ នូវ​គំនិត​ផ្តួចផ្តើម​របស់​រុស្ស៊ី​ខាង​ស្វែង​រក​ដំណោះ​ស្រាយ​ឲ្យបញ្ហា​ នុយក្លេអ៊ែរ​អៀរ៉ង់​ទៅ​ជូនលោក​ប្រធានាធិបតី​អៀរ៉ង់​ Ahmadinejad ​ដែលពី​ចំណែកខ្លួន​បានឲ្យ​តម្លៃ​ជាវិជ្ជមាន​ដល់សំណើ​រុស្ស៊ី​នោះ។

លោករដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី ​Sergey Lavrov ​
លោករដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី ​Sergey Lavrov ​ © Reuters
ផ្សាយពាណិជ្ជកម្ម

 

នាពេល​ចុងក្រោយ​ទីក្រុង​ម៉ូស្គូ​ស្រាប់តែ​សកម្ម​យ៉ាងខ្លាំង​ការខំ​ស្វះស្វែង​របស់ខ្លួន​ឆ្ពោះ​ទៅរក​ដំណោះស្រាយ​ឲ្យបញ្ហា​នុយក្លេអ៊ែរ​អៀរ៉ង់​ដោយបំផុស​មក​នូវ​សំណើ​ដែលត្រូវ​គេ​ដាក់​ឈ្មោះ​ទៅហើយ​ថា ​ជា “ ផែនការ Lavrov “។​ ផែនការនេះ ​ឈរលើ​គោលការណ៍​ដែលថា ​៖​“ ជាថ្នូរ​នឹង​ជំហាន​ជាក់លាក់​នីមួយៗ ​ឈាន​ដោយទីក្រុង​ Teheran ​នៅលើ​ផ្លូវ​បំពេញ​តាម​ការទាមទារ​របស់​”ទីភ្នាក់ងារ​អន្តរជាតិ​ខាង​ត្រួត​ពិនិត្យ​លើ​ថាមពល​បរមាណូ​” ហៅកាត់ថា​ AIEA ​ អៀរ៉ង់​ទទួល​ជា​រង្វាន់​គឺ ​ការបន្ធូរ​មួយ​កម្រិត​ទៅដែរ​ ទណ្ឌកម្ម​ដែល​អ.ស.ប.​ដាក់​ទៅ​លើ​ប្រទេសនេះ។

អាជ្ញាធរ​អៀរ៉ង់​ថ្លែងថា​ គេពេញចិត្ត​នឹងផែនការ​នេះ។ បស្ចិមលោក​ដោយសំដី​ខាងក្រៅ​ក៏គាំទ្រ​ដែរ ​ដល់គំនិត​ផ្តួចផ្តើម​របស់​រុស្ស៊ី ​ប៉ុន្តែ ​ទាំងមន្ទិល​ក្នុងចិត្ត​ថា​ វាអាចនាំ​មកនូវ​ជោគជ័យ។

តាមដែល​កាសែត​ក្រុងម៉ូស្គូ ​ឈ្មោះ Kommersant​លេខថ្ងៃ​នេះ​ចុះផ្សាយ​ដោយយោង​ទៅលើ​ប្រភព​ក្នុង​ក្រសួង​ការបរទេស​រុស្ស៊ី​ “ ផែនការ​ Lavrov “​ បាន​ទទួល​នូវ​ការសម្រប​យោបល់​ជាមុន​ទៅហើយ​ជាមួយ​នឹង​អន្តរការី​៥ទៀត​ ក្នុងក្រុម​៦ប្រទេស​ ដែល​ទទួល​បន្ទុក​ខាង​ធ្វើកិច្ចចរចា​ ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ​អៀរ៉ង់​ពោលគឺ​ ស.រ.អា. ​អង់គ្លេស​បារាំង​ អាល្លឺម៉ង់​និង​ចិន។​ យ៉ាងណាមិញ​ ទីក្រុង​វ៉ាស៊ីនតោន​បាន​ចាត់ទុក​គំនិត​ផ្តួចផ្តើម​របស់​រុស្ស៊ីថា​ “មានប្រយោជន៍”។

ប៉ុន្តែ​ ព្រមជា​មួយនេះ​មាន​អ្នកការ​ទូត​អាមេរិកាំង​ខ្លះ​នាំគ្នា​ខ្សឹបខ្សៀវ ​ថា ​“ ផែនការ Lavrov “​មាន​ភ័ព្វសំណាង​តិច​ណាស់​ សម្រាប់​លេច​ចេញជា​ផ្លែផ្កា។ ​តាមមតិគេ​ លុះណា​តែមួល​ខ្ចៅ​បន្តឹង​ ទណ្ឌកម្ម​ទល់នឹង​អៀរ៉ង់​ថែមទៀត​ ទើបមាន​ប្រសិទ្ធភាព​ជាង​ពីព្រោះ​ស្ថានការណ៍​សេដ្ឋកិច្ច​នៅ​អៀរ៉ង់​ឥឡូវ​កាន់តែ​យ៉ាប់យ៉ឺន​ទៅក្រោម​ទណ្ឌកម្ម​អន្តរជាតិ​ហើយ​ថ្នាក់ដឹក​នាំប្រទេស​នេះ​សោត​ កំពុង​ប្រេះឆា​ ដោយការ​ប្រទូសរ៉ាយ​គ្នាផ្ទៃក្នុង។

កិច្ចចរចា​នៅម៉ូស្គូ​ថ្ងៃនេះ​ រវាង​ប្រមុខ​ការទូត​រុស្ស៊ី​និង​អៀរ៉ង់​ ក៏តាំង​គោលដៅ​ស្តារ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យមាន​ប្រក្រតី​ភាព​ឡើងវិញ​ក្រោយពី​តាមបទ​បញ្ជា​លោកប្រធានាធិបតី​ មេដេវេដេវ ​ក្នុង​ខែមិថុនា​ឆ្នាំទៅមិញ​រុស្ស៊ី​បាន​បោះឆ្នោត​គាំទ្រ​ដល់ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៅលើអៀរ៉ង់ ​ហើយជា​ចម្លើយតប​វិញ​ ប្រធានាធិបតី​អៀរ៉ង់​ Ahmadinejad ​បាន​ហៅលោក​ មេដេវេដេវ ​ថាជា​“អ្នកបម្រើ​ផលប្រយោជន៍​ពួក​ខ្មាំង​សត្រូវ​របស់​អៀរ៉ង់”​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ