អានតួអត្ថបទ
វៀតណាម

អង្គការ​ការ​ពារ​​បរិស្ថាន​​EIA​ ​ចោទ​​កងទ័ព​​វៀតណាម​​ពី​​បទ​​កាប់​​បំផ្លាញ​​ព្រៃ​ឈើ​​នៅ​​ឡាវ​​

អង្គការ​ក្រៅ​​រដ្ឋាភិបាល​​មួយ​​ដែល​​ទទូល​​បន្ទុក​​ការពារ​​បរិស្ថាន ​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​២៨​​កក្កដា​​ម្សិល​មិ​ញ​​ បាន​​ចោទ​​ប្រកាន់​​កងទ័ព​​វៀតណាម​ ថា​​ដើរ​​តួនាទី​​ដ៏​​ចំបង​ ក្នុង​​ការ​​រត់ពន្ធ​​ឈើ​​មក​ពី​​ប្រទេស​​Laos​ ដែល​​ជា​​សកម្មភាព​​កាក់​កប​​ខ្លាំង​​បំផុត​​និង​​ក៏​​គំរាម​​បរិស្ថាន​​ព្រៃឈើ​​យ៉ាង​​ធ្ងន់ធ្ងរ​ -ព្រៃឈើ​​ដែល​​ជា​ទី​ពំនាក់​​​របស់​​ពលរដ្ឋ​​ឡាវ​​​ជា​ច្រើន​​លាន​​នាក់​។​ ជា​បន្ទាន់​ភ្លាម​​នោះ ​អ្នក​នាំ​ពាក្យ​​នៃ​​ក្រសួង​​ការបរទេស​​វៀតណាម​ លោកស្រី​ Nguyen Phuong Nga​ បាន​ច្រាន​​ចោល​ការ​​ចោទ​​ប្រកាន់​​នេះ​​និង​​ធានា​​​ថា​ ប្រទេស​​វៀតណាម​​ មាន​​ការ​​យកចិត្ត​​ទុក​ដាក់​​ជា​ទី​បំផុត​​ទៅ​​លើ​​កិច្ចការ​ពារ​​ព្រៃ​ឈើ។​

ការកាប់បំផ្លាញ​ព្រៃឈើ​​ ​បណ្តាល​​ឲ្យ​​ធាតុ​អាកាស​ពិភពលោក​ប្រែប្រួល​ក្តៅ​ខ្លាំង​។
ការកាប់បំផ្លាញ​ព្រៃឈើ​​ ​បណ្តាល​​ឲ្យ​​ធាតុ​អាកាស​ពិភពលោក​ប្រែប្រួល​ក្តៅ​ខ្លាំង​។ (Photo : Solenn Honorine)
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ​តាម​ដាន​​បរិស្ថាន (EIA)ដែលទើប​បាន​ចេញ​ផ្សាយរបាយការណ៍​មួយ​របស់ខ្លួន ​នៅ​ថ្ងៃ​ព្រហស្បតិ៍​២៨​កក្កដា​ម្សិលមិញ បាន​ចោទ​ប្រកាន់​​ថា កងទ័ព​វៀតណាមជាពិសេសក្រុមហ៊ុន​​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ផ្ទាល់​របស់​ខ្លួន (COECCO) ដើរ តួនាទី​ដ៏​សំខាន់​ក្នុង​​ការ​រត់ពន្ធ​ឈើ​មក​ពី​ប្រទេស​ឡាវ។

លោក Faith Doherty អ្នក​ទទួល​ខុសត្រូវ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្នែក​ការពារ​ព្រៃឈើ ដែល​​ស្ថិត​នៅ​ទីក្រុង Londres បាន​ទាមទារ​ឲ្យ​កងទ័ព​វៀតណាម​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​​នៅ​ប្រទេស​ឡាវ។ ពីព្រោះ​យោងតាម​ទីភ្នាក់ងារ​តាមដាន​បរិស្ថាន (EIA) ប្រជាជន​ឡាវ​ដែល​​ភាគ​ច្រើន​រស់​នៅ​តំបន់​ដាច់​ស្រយាល នៅ​តែ​បន្ត​ការ​ពឹងផ្អែក​ជានិច្ច​ទៅ​លើ​ព្រៃឈើ​របស់​ខ្លួន​សំរាប់​​ជា​ស្បៀង​អាហារ​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ។

ម្យ៉ាងទៀត ព្រៃ​ឈើ​ឡាវ​​នៅ​​ទសវត្ស​ឆ្នាំ​១៩៤០ ​លាត​សន្ធឹង​រហូតដល់​៧០​% នៃ​ទឹកដី​ប្រទេស​ ក៏ប៉ុន្តែ​កម្រិត​នេះ បាន​ធ្លាក់​ចុះ​មក​៤១​%​វិញ​នៅ​ឆ្នាំ ២០០២។ ទីភ្នាក់ងារ​តាមដាន​បរិស្ថាន (EIA) នេះ ក៏​មាន​ការ​ព្រួយបារម្ភ​ដែរ ខ្លាច​ព្រៃឈើ​នៅ​ប្រទេស​ឡាវ​អាច​នឹង​ធ្លាក់​ចុះ​ដល់​ទៅ ៣០​%​ចាប់ពី​ពេល​នេះ​ទៅ​ដល់​ឆ្នាំ ២០២០។

ដោយសារ​តែ​អំពើ​ពុករលួយ​ខ្លាំង​ពេក​នៅ​ក្នុង​រដ្ឋបាល​ព្រៃឈើឡាវ បាន​​ជា​គ្មាន​នរណា​​មួយ​​ធ្វើ​​ដឹង​​ឮ​​ឡើយ​​​បម្រាម​​របស់​​ទីក្រុង​​វៀងចន្ទន៍​​ក្នុង​​ការ​​​នាំ​​ឈើ​ទៅ​បរទេស​ដោយ​ខុស​ច្បាប់។ នេះ​ជា​ការ​គូសបញ្ជាក់​របស់ EIA។  ម្យ៉ាងទៀត ឈើ​ឡាវ​យ៉ាងតិច​ចំនួន ៥​ម៉ឺន​ម៉ែត្រ​គូប​ដែល​មាន​តម្លៃ​ជាង​១៥០​លាន​ដុល្លារ ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ឆ្លង​កាត់​ព្រំដែន​រវាង​ឡាវ​​និង​វៀតណាម​​ជា​រៀង​រាល់​​ឆ្នាំ។ បន្ទាប់មក ផលិតផល​តុទូតាំង​ដែល​ធ្វើ​អំពី​ឈើ​ ត្រូវ​បាន​គេ​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​​​និង​​សហភាពអឺរ៉ុប​ ដោយ​មិន​គោរព​ច្បាប់​ហាម​​មិន​ឲ្យ​នាំ​ឈើ​ចេញទៅបរទេស។ នេះ​បើយោងតាម ទីភ្នាក់ងារតាមដានបរិស្ថាន EIA។

យោងតាម​ទិនានុប្បវត្តិ​​ផ្លូវការ​ឡាវ Vientiane Times  នាយករដ្ឋមន្ត្រី​ឡាវ លោក Thongsing Thammavong នៅ​ខែ​មិថុនា​មុន​នេះ បាន​ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ ពង្រឹង​វិធានការ​ដើម្បី​ប្រឆាំង​ទល់​នឹង​ការ​រត់ពន្ធ​ឈើ ដែល​ជា​ការ​រួម​ចំណែក​​ដ៏​ធំ​ក្នុង​ការ​ធ្វើ​ឲ្យ​ជំនួញ​ឈើ​ខុស​ច្បាប់​នេះ​កាន់​តែ​រីក​ធំ​ឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ