អានតួអត្ថបទ
ភូមា

ជំនួប​លើកទី១​រវាង​លោកស្រី អ៊ុង សានស៊ូជី និង​មន្រ្តី​រដ្ឋាភិបាល​ភូមា

នៅ​ថ្ងៃ​ច័ន្ទ ទី២៥ កក្កដា​នេះ ប្រមុខ​បក្សប្រឆំាង​ភូមា លោកស្រី អ៊ុង សានស៊ូជី និង​មន្រ្តីជាន់ខ្ពស់​ម្នាក់​នៃ​រដ្ឋាភិបាល​ថ្មី​របស់​ភូមា​បាន​សន្ទនា​គ្នា​ជា​លើក​ទី១​នៅ​ទីក្រុង​រ៉ង់ហ្គូន។ គេ​នៅ​មិន​ទាន់​បាន​ដឹង​ថា តើ​មាន​ប្រធានរឿង​អ្វី​ខ្លះ​ដែល​គូភាគី​ទំាង​ពីរ​បាន​លើក​យក​ទៅ​និយាយ​នោះ ក៏​ប៉ុន្តែ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ក្រុមអ្នក​តាមដាន​សភាពការណ៍​ភូមា​សម្តែង​ការ​សាទរ​យ៉ាង​ខ្លំាង។

ជំនួប​លើកទី១​រវាង​លោកស្រី អ៊ុង សានស៊ូជី និង​មន្រ្តី​រដ្ឋាភិបាល​ភូមា
ជំនួប​លើកទី១​រវាង​លោកស្រី អ៊ុង សានស៊ូជី និង​មន្រ្តី​រដ្ឋាភិបាល​ភូមា Reuters
ផ្សាយពាណិជ្ជកម្ម

តំាង​ពី​លោកស្រី​អ៊ុង សានស៊ូជី​ត្រូវ​បាន​របបសឹក​ភូមា​ដោះលែង​ឲ្យ​មាន​សេរីភាព​ក្នុង​ខែ​វិច្ឆិកា ឆ្នំា ២០១០​មក នេះ​ជា​លើក​ទី១​ហើយ​ដែល​លោកស្រី​ត្រូវ​បាន​មន្រ្តី​រដ្ឋាភិបាល​ថ្មី​ភូមា​អនុញ្ញាត​ឲ្យ​ចូល​ជួប។ គឺ​ជា​ជំនួប​ជាមួយ​លោក អ៊ុង ជី រដ្ឋមន្រ្តី​ក្រសួង​ការងារ​ដែល​លោកស្រី​ធ្លាប់​បាន​ជួប​ម្តង​ហើយ​នា​ដើម​ឆ្នំា ២០១០​កន្លង​ទៅ កាល​ណោះ លោកស្រី​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​គេហដ្ឋាន។

គេ​នៅ​មិន​ទាន់​អាច​ដឹង​បាន​ទេ ថា​តើ​គូភាគី​ទំាង​ពីរ​បាន​លើក​យក​ប្រធានរឿង​អ្វី​ខ្លះ ទៅ​ជជែក​គ្នា​នោះ។ ប៉ុន្តែ អ្វី​ដែល​គេ​ដឹង ជំនួប​នេះ​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​សេចក្តីថ្លែងការណ៍​របស់​លោកស្រី​ប្រមុខការទូត​អាមេរិក ហ៊ីលឡារី គ្លីនតុន​នៅ​កោះ​បាលី​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថ្មី​ភូមា​ជ្រើសរើស​ផ្លូវ​ដែល​ខ្លួន​ត្រូវ​ដើរ។ លោកស្រី គ្លីនតុន​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ភូមា​ត្រូវ​តែ​ជ្រើសរើស​ផ្លូវដើរ​​ឲ្យ​បាន​ច្បាស់លាស់ តើ​ត្រូវ​បន្ត​អនុវត្ត​របប​នយោបាយ​យោធា​ផ្តាច់ការ​ដូច​មុន ឬ​មួយ​ក៏​ទទួល​យក​នូវ​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​មួយ​ដែល​គោរព​លទ្ធិ​ប្រជាធិបតេយ្យ និង​គិត​ផលប្រយោជន៍​របស់​ប្រជាជន។ ទន្ទឹម​គ្នា​នេះ លោកស្រី​ប្រមុខ​ការទូត​អាមេរិក​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចសន្ទនា​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា​រវាង​រដ្ឋអំណាច និង​ក្រុម​អ្នកប្រឆំាង ពិសេស​គឺ​ជា​មួយ​លោកស្រី អ៊ុង សានស៊ូជី។

ជា​ទូទៅ ក្រុម​អ្នកតាមដាន​សភាពការណ៍​ភូមា​នាំ​គ្នា​សាទរ​ចំពោះ​ជំនួប​រវាង​មន្រ្តី​រដ្ឋាភិបាល និង​លោកស្រី អ៊ុង សានស៊ូជី។ ប៉ុន្តែ​ពួក​គេ​ហាក់​ដូច​ជា​គ្មាន​ជំនឿ​សោះ​ឡើយ ថា​រដ្ឋអំណាច​ភូមា​នឹង​ធ្វើ​ការ​ផ្លាស់ប្តូរ​នយោបាយ​ភ្លាមៗ​ដូច​ដែល​សហគមន៍​អន្តរជាតិ​ចង់​បាន​ពិត​ប្រាកដ​នោះ ព្រោះថា តំាង​ពី​គណបក្ស​របស់​លោកស្រី​មិន​បាន​ចូល​រួម​បោះឆ្នោត​កាល​ពី​ខែ​វិច្ឆិកា​មក លោកស្រី អ៊ុង សានស៊ូជី​នៅ​តែ​ត្រូវ​បាន​រដ្ឋអំណាច​រារំាង​មិន​ឲ្យ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ជា​ថ្មី​ទេ។ កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋអំណាច​ភូមា​ក៏​ធ្លាប់​បាន​ព្រមាន​លោកស្រី​ម្តង​ហើយ ខណៈ​ពេល​ដែល​លោកស្រី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់ Bangan កាល​ពី​ដើម​ខែ​កក្កដា និង​ដែល​ត្រូវ​បាន​ប្រជាជន​ទទួល​យ៉ាង​អ៊ឹកធឹក​បំផុត។

សំណួរ​ដែល​ចោទ ហេតុអ្វី​បាន​ជា​មន្រ្តី​រដ្ឋាភិបាល​យល់​ព្រម​ទទួល​ជួប​លោកស្រី​នៅ​ពេល​នេះ ?

ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា ជំនួប​នេះ​គ្រាន់​តែ​ជា​និមិត្តរូប​មួយ​ដែល​រដ្ឋអំណាច​ភូមា​ចង់​បង្ហាញ​សហគមន៍​អន្តរជាតិ​ពី​ឆន្ទៈ​ដ៏​ល្អ​របស់​ខ្លួន​ប៉ុណ្ណោះ។ តាម​ពិត​ទៅ និង​អ្វី​ដែល​រដ្ឋអំណាច​ភូមា​ចង់​បាន​ពី​សហគមន៍​អន្តរជាតិ​នោះ​គឺ ការ​លើក​ចេញ​វិញ​នូវ​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​អាមេរិក និង​សហភាព​អឺរ៉ុប​ទើប​បាន​ពន្យារ​ពេល​បន្ត​ទៀត​នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។ ម្យ៉ាង​ទៀត និង​ក្នុង​នាម​ជា​សមាជិក​របស់​អាស៊ាន ភូមា​ក៏​បាន​និង​កំពុង​ព្យាយាម​ជំនះ​សមាជិក​ដទៃ​ទៀត​ឲ្យ​យល់​ព្រម​ទទួល​យក​សំណូមពរ​របស់​ខ្លួន ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នំា ២០១៤ ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ