អានតួអត្ថបទ
អាហ្វហ្គានីស្ថាន

ភេរវកម្ម​​​ប្រឆាំង​យោធា​បារាំង​​នាំឲ្យគេ​ចោទសួរ​​ពីបញ្ហា​ក្លែង​បន្លំ​ខ្លួន​នៃ​ពួក​ភេរវជន​​

មួយថ្ងៃ​មុន​ថ្ងៃបុណ្យជាតិ​បារាំង​១៤​កក្កដា​ ​ យោធា​បារាំង​កាន់​មរណទុក្ខ​ក្រោយពី​មាន​ភេរវកម្ម​អត្តឃាត​បាន​ប្រព្រឹត្ត​ ប្រឆាំង​នឹង​ទាហាន​បារាំង​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃទី១៣​កក្កដា​ ឆ្នាំ២០១១។​ ភេរវកម្ម​អត្តឃាត​បាន​បណ្តាល​ឲ្យ​ទាហាន​បារាំង​ស្លាប់​៥នាក់​និង​របួស​ ៤នាក់។​ ភេរវជន​អត្តឃាត​បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ពេល​បិទបញ្ចប់​ជំនួប​រវាង​ អ្នកទទួល​ខុសត្រូវ​អាហ្វហ្គានីស្ថាន​និង​យោធា​បារាំង។

លោកប្រធានាធិបតី​​បារាំង​​​សាកូហ្ស៊ី​និង​​លោក​ Guillaud​​ នាយសេនាធិការ​​នៃ​កងកម្លាំង​​យោធា​បារាំង​នៅពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​
លោកប្រធានាធិបតី​​បារាំង​​​សាកូហ្ស៊ី​និង​​លោក​ Guillaud​​ នាយសេនាធិការ​​នៃ​កងកម្លាំង​​យោធា​បារាំង​នៅពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ © REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

នៅទីក្រុង​កាប៊ូល​ ​ យោធាបារាំង​កំពុង​ចោទសួរ​ពី​អត្តសញ្ញាណ​របស់​ភេរវជន​អត្តឃាត​ហើយនិង​អំពី​វិធី​ដែល​ភេរវជន​អាច​ធ្វើការ​ក្លែងបន្លំ​ឆ្លងកាត់​របាំង​ការពារ​សន្តិសុខ។​ គេត្រូវការ​ពេលវេលា​ជាច្រើន​ថ្ងៃ​ទើប​អាច​ដឹង​ពី​​លទ្ធផល​នៃ​ការស៊ើប​អង្កេត​នេះ។ ​ប៉ុន្តែ​បើយោងតាម​នាយសេនាធិការ​នៃ​កងកម្លាំង​យោធាបារាំង​ ​ ភេរវជន​អត្តឃាត​ប្រហែលជា​ជនបរទេស​ដែល​គេ​បានបង្ហាត់​ហ្វឹកហ្វឺន​នៅក្រៅប្រទេស។

 
ភេរវជន​អត្តឃាត​ប្រហែលជា​ស្លៀកពាក់​ឯកសណ្ឋាន​ទាហាន​ឬ​នគរបាល​អាហ្វហ្គានីស្ថាន ។​ នារយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ​ ពួកភេរវជន​ច្រើន​ប្រើ​វិធី​ក្លែងបន្លំ​បែបនេះ។​ ការទៅទិញ​ឯកសណ្ឋាន​យោធា​ឬ​នគរបាល​អាហ្វហ្គានីស្ថាន ​យកមក​ស្លៀកពាក់​ពុំ​មែន​ជា​ការ លំបាក​អ្វីឡើយ។​ គេ​អាច​រកទិញបាន​នៅ​សឹងគ្រប់​ទីផ្សារ​ដោយ​ចំណាយ​ប្រាក់តែ​១០០ប្លាយ​ដុល្លារ​ប៉ុណ្ណោះ។

ការ​ក្លែងបន្លំ​ខ្លួន​បែបនេះ​បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​អាហ្វហ្គានីស្ថាន ​និង​បរទេស​នៅ​ទីក្រុង​កាប៊ូល​កើតមាន​ក្តីបារម្ភ​យ៉ាងខ្លាំង​ ​ ដោយហេតុថា​កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​នឹងត្រូវ​ទទួល​បន្ទុក​ការពារ​សន្តិសុខ​នៅក្នុង​៧តំបន់​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ពេល​អនាគត​ខាងមុខនេះ។

ការវាយប្រហារ​របស់​ពួក​ភេរវជន​នេះ​បង្ហាញ​ឲ្យ​ឃើញថា​ ​ ទោះបីជា​មាន​ប្រតិបត្តិការ​​យោធា​បារាំង​នៅ​តំបន់​កាពីសា​ក៏​ដោយ​ ​ ក៏​ពួក​ភេរវជន​បះបោរ​នៅ​មាន​សមត្ថភាព​ក្នុង​ការ​រៀបចំ​ធ្វើការ​វាយប្រហារ​ដោយ​មាន​របៀប​គ្រប់គ្រាន់​។

លោកប្រធានាធិបតី​បារាំង​នីកូឡា​សាកូហ្ស៊ី​បាន​ប្រកាស​ឲ្យដឹងថា​ ​ នៅ​ឆ្នាំ២០១៤​នឹង​គ្មាន​ទៀតឡើយ​កងកម្លាំង​យោធា​បារាំង​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន ​ ​ ហើយ​តំបន់​កាពីសា​នឹង​ត្រូវ​សាងផ្ទេរ​ឲ្យ​ទៅ​កងកម្លាំង​យោធា​អាហ្វហ្គានីស្ថាន ។​ ដូច្នេះ​ ​ នេះពិតជា​បេសកកម្ម​មួយ​ដ៏​សែន​ធំធេង​ ​ !!!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ