អានតួអត្ថបទ
ថៃ

គ.ជ.ប.ថៃ​ពន្យារ​ការ​ទទួល​ស្គាល់​​សុពលភាព​នៃ​បេក្ខជន​១៤២​នាក់

លោកស្រី​អនាគត​នាយករដ្ឋមន្ត្រី​ថៃ​យីងឡាក់​ស៊ីណាវ៉ាត់​បាន​ថ្លែង​នៅ​ ថ្ងៃពុធ​នេះ​ឲ្យដឹងថា​ ​ ការចោទ​ប្រកាន់​ពី​បទ​មាន​ភាព​មិន​ប្រក្រតី​កើតមាន​នៅក្នុង​ឱកាស​ឃោសនា​ បោះឆ្នោត​នៅ​ថ្ងៃទី​៣កក្កដា​ឆ្នាំ២០១១​កន្លងទៅ​ ​ ដែល​បាន​បណ្តាល​ឲ្យ​ គ.ជ.ប.​​ថៃ​ពន្យារ​ការទទួល​ស្គាល់​សុពលភាព​នៃ​បេក្ខជន​១៤២នាក់​ដែល​ក្នុងនោះ ​មាន​លោកស្រី​យីងឡាក់​ស៊ីណាវ៉ាត់​ផង​ថា​ ពុំមែន​ជាការ​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ។ 

លោកស្រី​​អនាគត​​នាយករដ្ឋមន្ត្រី​​ថៃ​​យីងឡាក់​​ស៊ីណាវ៉ាត់​​
លោកស្រី​​អនាគត​​នាយករដ្ឋមន្ត្រី​​ថៃ​​យីងឡាក់​​ស៊ីណាវ៉ាត់​​ © RFI
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការជាតិ​រៀបចំ​ការបោះឆ្នោត​ថៃ​នៅល្ងាច​ថ្ងៃអង្គារ​ទី១២​កក្កដា​ម្សិលមិញ​ ​ បាន​ពន្យារ​សេចក្តី​សម្រេចចិត្ត​ទទួល​ស្គាល់​​​ “​សុពលភាព”​​នៃ​បេក្ខជន​១៤២នាក់​​ ​ ដែលក្នុងនោះ​មាន​លោកស្រី​យីងឡាក់​ស៊ីណាវ៉ាត់​ផង​ ​ ដោយបាន​ចោទ​ប្រកាន់ថា​ ​ មាន​ភាព​មិន​ប្រក្រតី​កើតមាន​នៅក្នុង​ឱកាស​ឃោសនា​បោះឆ្នោត​នៅថ្ងៃទី​៣កក្កដា​ឆ្នាំ២០១១​កន្លងទៅ​។

 
ចំណែកឯ​ លោកស្រី​យីងឡាក់​ស៊ីណាវ៉ាត់​វិញ​បាន​ថ្លែង​ថា​ ​ លោក​ស្រី​សង្ឃឹម​និង​មាន​ជំនឿថា​ គ.ជ.ប.​​នឹង​​រក​យុត្តិធម៌​ឲ្យ​បក្ស​ភឿថៃ​និង​ឲ្យ​លោកស្រី។

បើ​ប្រសិន​ជា​ គ.ជ.ប.​ថៃ​ពុំ​ព្រម​ទទួល​ស្គាល់​ជ័យជំនះ​របស់​លោកស្រី​យីងឡាក់​ស៊ីណាវ៉ាត់​មែន​ ​ នោះ​ពួក​អាវក្រហម​ដែល​មាន​ភាគច្រើន​លើសលុប​ជាអ្នក​គាំទ្រ​លោក​ថាក់ស៊ីន​ស៊ីណាវ៉ាត់​ច្បាស់ជា​ខឹង​ក្រេវក្រោធ​នាំគ្នា​ធ្វើ​បាតុកម្ម​ដូច​កាលនៅ​និទាឃរដូវ​ឆ្នាំ២០១០​នៅ​ទីក្រុង​បាងកក​ជាពុំខាន។​ គួររម្លឹកថា​ ​ បាតុកម្ម​របស់​ពួក​អាវក្រហម​កាលណោះ​បាន​ត្រូវ​វាយ​បង្ក្រាប​ដោយ​យាធា​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​៩០នាក់​និង​របួស​ជិត​២ ០០០នាក់។

សូម​បញ្ជាក់ថា​ ​ គណបក្ស​ភឿថៃ​ ដែល​បាន​ចូល​រួបរួម​ជាមួយ​គណបក្ស​នយោបាយ​តូចៗ​៥ទៀត​ ​ អាច​ប្រមូល​បាន​អ្នក​តំណាងរាស្ត្រ​ប្រមាណ​៣០០នាក់។

បើយោង​តាម​ច្បាប់​ ​ រដ្ឋសភាថ្មី​ត្រូវ​មាន​ជំនួប​ប្រជុំ​ក្នុង​រយៈពេល​៣០ថ្ងៃ​ក្រោយ​ការបោះឆ្នោត​ ​ ហើយ​ក្នុង​រយៈពេល​៣០ថ្ងៃ​បន្ទាប់​មកទៀត​ ​ សភា​ត្រូវ​ជ្រើស​តែងតាំង​ប្រមុខ​រដ្ឋាភិបាល​ថ្មី។

ក៏ប៉ុន្តែ​ ​ បច្ចុប្បន្ននេះ​គ.ជ.ប.​ត្រូវ​ធ្វើការ​អង្កេត​ ​ ក្រោយពី​មាន​ពាក្យ​បណ្តឹង​របស់​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​អាប់ភិស៊ីត​ប្រឆាំងនឹង​លោក​ស្រី​យីងឡាក់​ស៊ីណាវ៉ាត់​។​ ​ គណបក្ស​ប្រជាធិបតេយ្យ​បាន​ទាមទារ​ឲ្យ​រំលាយ​គណបក្ស​ភឿថៃ​ ​ ដោយ​ហេតុថា​ ​ មាន​ឥស្សរជន​នយោបាយ​ថៃ​ជាច្រើននាក់​មាន​ដូចជា​រូប​លោក​ថាក់ស៊ីន​ស៊ីណាវ៉ាត់​ជាដើម​ដែល​ឋិត​នៅ​ក្រោម​​​ការ​ហាមប្រាម​ពុំ​ឲ្យ​មាន​សកម្មភាព​នយោបាយ​ ​ បាន​ចូលរួម​ធ្វើការ​ឃោសនា​បោះឆ្នោត​ដោយ​ខុស​ច្បាប់។

ក៏​ប៉ុន្តែ​ លោក​ស្រី​យីងឡាក់​ស៊ីណាវ៉ាត់​បាន​ថ្លែង​អះអាង​ថា​ ​ លោកស្រី​គ្រាន់តែ​ទទួលបាន​នូវ​ការពន្យល់​នែនាំ​ពី​លោក​ថាក់ស៊ីន​ស៊ីណាវ៉ាត់​ជា​បងប្រុស​របស់​លោក​ស្រីតែ​ប៉ុណ្ណោះ។​ លោក​ថាក់ស៊ីន​ស៊ីណាវ៉ាត់​ អតីតនាយក​រដ្ឋមន្ត្រី​ដែលបាន​ត្រូវ​យោធាថៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នៅ​ឆ្នាំ២០០៦​ ​ ហើយ​ភៀសខ្លួន​នៅ​រស់នៅ​ឯបរទេស​ក្រោយ​ពី​បាន​ត្រូវ​តុលាការថៃ​កាត់ទោស​ឲ្យ​ជាប់គុក​ពីរឆ្នាំ​ពីបទ​បាន​ប្រព្រឹត្ត​អំពើ​ពុំ​ស្របច្បាប់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។

លោកស្រី​យីងឡាក់​ស៊ីណាវ៉ាត់​បាន​ថ្លែង​អះអាង​ទៀតថា​ ​ លោក​ថាក់ស៊ីន​ស៊ីណាវ៉ាត់​ជា​បងប្រុស​គ្រាន់តែ​ឲ្យ​គំនិត​និង​ពន្យល់​នែនាំ​ប៉ុណ្ណោះ​ ​ លោក​ថាក់ស៊ីន​ពុំបាន​ចួលរួម​ក្នុង​សេចក្តី​សម្រេចចិត្ត​និង​ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​នៃ​គណបក្ស​នយោបាយ​របស់​លោក​ស្រីឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ