អានតួអត្ថបទ
ចិន

ចំនួន​គេហទំព័រ​នៅ​ចិន​ធ្លាក់​ចុះ​បន្ទាប់​ពី​វិធានការ​រឹតត្បិត​របស់​រដ្ឋាភិបាល

គេហទំព័រ​នៅ​ប្រទេស​មហាអំណាច​ចិន ក្នុងឆ្នាំ​២០១០ បាន​ធ្លាក់​ចុះ ប្រមាណ​ ៤១% បើតាម​របាយការណ៍​មួយ​របស់​បណ្ឌិត​សភា​​វិទ្យាសាស្រ្ត​​សង្គម​​ដែល​​បាន​​ផ្សព្វផ្សាយ​​កាល​​ពី​ថ្ងៃ អង្គារ​​១២​កក្កដា ម្សិលមិញ។ ការ​ធ្លាក់ចុះ​​នេះ​​ត្រូវបាន​​គេមើល​ឃើញ​​យ៉ាង​ច្បាស់​ថា គឺ​​ជា​​ផល​ប៉ះពាល់​អាក្រក់​​បន្ទាប់​​ពី​​រដ្ឋាភិបាល​​ចិន​​កុម្មុយនិស្ត​​មួយនេះ​​ចេញ​​​យុទ្ធនាការ​​រឹតត្បិត​​សេរីភាព​​ប្រជាជន​របស់ខ្លួន ក្នុង​ការ​​បញ្ចេញ​​មតិ​​លើ​ទំព័រ Website ចាប់​​តាំង​​ពី​​ឆ្នាំ​២០០៩​មក។

លោក Wen Jiabao នាយក​រដ្ឋមន្រ្តី​ចិន
លោក Wen Jiabao នាយក​រដ្ឋមន្រ្តី​ចិន Reuters
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​បណ្ឌិត​សភាចិន​ដែល​បង្ហាញ​អោយឃើញ​ពីការធ្លាក់ចុះ ដល់ទៅ​ពាក់កណ្តាល​នៃចំនួន Website ក្នុង​រយៈពេល​តែ​មួយឆ្នាំ​នោះ ប្រហែល​មិនមែន​ជារឿង​គួរអោយ​ភ្ញាក់ផ្អើល​នោះទេ។ ពីព្រោះ​គេ​នៅ​ចាំបាន​ច្បាស់ណាស់​ថា​កាលពី ឆ្នាំ ២០០៩ កន្លងទៅ​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​មួយ​នេះ​បានធ្វើ​យុទ្ធនាការ​លុបបំបាត់ និង​ច្រោះ​រាល់​គេហទំព័រ​ទាំងឡាយ​ណា ដែល​ផ្សព្វផ្សាយ​រឿងរ៉ាវ​និង​ពត៌មាន​ដែល​មិន​ស្រប​ទៅនឹង​គោល​នយោបាយ​របស់​ខ្លួន។

 
យុទ្ធនាការ​ដែលមាន​ឈ្មោះថា "កំផែងInternet​"របស់​ទីក្រុង​ប៉េកាំង​មួយនេះ​មិន​អនុញ្ញាត​អោយ​អ្នក​ប្រើប្រាស់ Internet ក្នុង​ប្រទេស​របស់ខ្លូន​ចូលទៅ​ក្នុង​គេហទំព័រ​មួយ​ចំនួន​ដែល​ជាទី​ពេញ​និយម​របស់​មនុស្ស​សម័យ​បច្ចុប្បន្ន​ដូចជា Facebook Youtube និង​ Twitterនោះទេ។​មានតែទីក្រុង ហុងកុង និង​ម៉ាកាវប៉ុណ្ណោះ ដែល​មាន​ច្បាប់​ឯករាជ្យ​របស់​ខ្លួន​ អាចគេចផុត​ពីការ​អនុវត្តច្បាប់​ខាងលើ របស់​រដ្ឋសភាចិន។

បើ​ទោះបី​ជា​កន្លង​មក​រដ្ឋាភិបាល​ចិន​អះអាង​ថា​Website ជាច្រើន​ត្រូវបាន​បិទ​ដោយសារ​តែ Website​ទាំងនោះ​ផ្ទុក​នូវ​អត្ថបទ រូបភាព​និង​វីដេអូ ​អាសអាភាស​ក៏ដោយ​ក៏​មនុស្ស​ទូទៅ​មិន​ជឿ​ទៅ​លើ​មូលហេតុ​នេះឡើយ។ កាល​ពី​ខែមីនា ឆ្នាំ២០១០​កន្លង​ទៅ អង្គការ​អ្នកយកការណ៍ ​គ្មាន​ព្រំដែន​ដែល​ហៅជា​ភាសាបារាំង​ថា Reporters Sans Frontière បាន​ផ្សព្វផ្សាយ​របាយការណ៏​មួយ ដែល​បញ្ជាក់​ច្បាស់ណាស់​ថា ប្រទេស​មហា​អំណាច​មួយនេះ​ឋិតនៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​១២​នៅលើ​ពិភពលោក​ដែល​ត្រូវបាន​គេដាក់​ងារថា​ ជា “ សត្រូវនឹង​Internet ”។

អង្គការ​ការពារ​សិទ្ធិសេរីភាព​អ្នកសារពត៌មាន​របស់​បារាំង​ខាងលើ ក៏​បាន​អះអាង​ទៀតថា ប្រទេស​ចិន​ឋិតនៅក្នុង​ចំណោម​ប្រទេស​ដែល​បាន​ដាក់ទោស​និង​ ចាប់ឃុំ​អ្នកប្រើប្រាស់ Internet ច្រើន​ជាងគេ ដែល​រហូត​មកដល់​បច្ចុប្បន្ន​មាន​ដល់​ទៅ​៧២​នាក់។

គួរ​បញ្ជាក់​ដែរថា មកទល់​នឹង​ថ្ងៃនេះ រដ្ឋាភិបាល​ចិន​បានចាត់​មនុស្ស​រាប់ពាន់​នាក់ អោយ​អង្គុយ​ចាំ​ត្រួតពិនិត្យ​មើល​ និង​ធ្វើ​អន្តរាគមន៍ រាល់​ពេលណា​ដែល​គេ​ដឹងថា​មាន​ គេហទំព័រ​ណាមួយ​បញ្ចេញ​នូវ​ពត៌មាន​ឃោសនា ​ឬ ពាក្យ​ចចាម​អារ៉ាម​អ្វី​មិនល្អ។ ដូចកាល​ពី​ពេល​ថ្មីៗ​នេះគេ​មិនអាច​រកឃើញ​ការ​អត្ថាធិប្បាយ​ណាមួយ ទាក់ទង​ទៅនឹង​​ពាក្យ​ចចាមអារ៉ាម​ពី​មរណភាព​របស់ អតីត​ប្រធានាធិបតី​ចិន គឺ​លោក​ Jiang Zemin​ នៅ​លើ​គេហទំព័រ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ