អានតួអត្ថបទ
ថៃ

ថៃ៖ យោធា​ជាតួអង្គ​ក្រៅផ្លូវការ​ តែមាន​តួនាទី​សំខាន់​ក្នុងការ​បោះឆ្នោត​សភា​

យោធាថៃ​បាន​ទៅ​ធ្វើ​ការ​ឃោសនា​គាំទ្រ​របបរាជានិយម​នៅប៉ែក​ឦសាន​នៃ​ប្រទេស​ដែល​ជា​ដែន​អំណាច​របស់​ពួក​អាវក្រហម​ដែល​ជា​អ្នក​គាំទ្រ​លោក​អតីត​នាយករដ្ឋមន្ត្រី​ថាក់ ស៊ីន។​​​ ​ក៏​ប៉ុន្តែ​នៅ​រយៈពេល​មួយ​សប្តាហ៍​ទៀត​ ​ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​នឹងឈាន​មកដល់​ ​ ទង្វើ​របស់​យោធាថៃនេះ​ត្រូវគេ​មើល​ឃើញថា​ ​ យោធាថៃ​ចង់​រំលឹក​ឲ្យ​គេដឹង​ពី​កម្លាំង​និង​តួនាទី​របស់​ខ្លួន​នៅក្នុង​ ការបោះឆ្នោត​ដែលនឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​៣កក្កដា​​ឆ្នាំ២០១១​ ខាងមុខនេះ។

សកម្មជន​អាវក្រហមអ្នកគាំទ្រ​លោក​ស្រី​យីងឡាក់​ ស៊ីណាវ៉ាត្រា
សកម្មជន​អាវក្រហមអ្នកគាំទ្រ​លោក​ស្រី​យីងឡាក់​ ស៊ីណាវ៉ាត្រា © REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ថៃ​បាន​ស្គាល់​រដ្ឋប្រហារ​ដល់ទៅ​១៨លើក​ចាប់​តាំងពី​ឆ្នាំ១៩៣២មក ​ ​ ហើយ​រដ្ឋ​ប្រហារ​ចុងក្រោយ​បាន​កើតមាន​នៅឆ្នាំ២០០៦។​ ការ​ទៅ​ឃោសនា​គាំទ្រ​របបរាជានិយម​ដោយ​យោធាថៃ​នៅប៉ែក​ឦសាន​នៃ​ប្រទេស​ដែលជា​ដែន​អំណាច​របស់​ពួក​អាវក្រហម​ ​ បានត្រូវគេ​វិនិច្ឆ័យ​ថា​យោធាថៃ​ចង់​លូកដៃ​ចូល​ទៅក្នុង​ការបោះឆ្នោត​សភា​នៅថ្ងៃទី​៣​កក្កដា​ឆ្នាំ២០១១​ខាងមុខនេះ។

 
ពួក​អាវក្រហម​ដែល​ជា​អ្នក​គាំទ្រ​លោក​អតីត​នាយករដ្ឋមន្ត្រី​ថាក់ ស៊ីន​ ​ ហើយដែល​បាន​នាំគ្នា​ទៅ​ធ្វើ​បាតុកម្ម​អស់​រយៈពេល​ពីរខែ​នៅទីក្រុង​បាងកក​កាលពី​ឆ្នាំទៅ​ដែលបាន​បណ្តាល​ឲ្យ​មាន​មនុស្សស្លាប់​ប្រមាណ​៩០នាក់​និងរបួស​ជិត​២ ០០០នាក់​ ​ មានគោល​បំណង​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​អាប់ភីស៊ីត។

កម្មវត្ថុ​ជាផ្លូវការ​នៃ​ទស្សនកិច្ច​របស់​យោធាថៃ​នៅប៉ែក​ឦសាន​នៃ​ប្រទេស​គឺ​ធ្វើឡើង​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ “ផែនការ​អភិវឌ្ឍន៍​នៃ​របបរាជានិយម”​ ​ និង​ដើម្បី​ជួយ​បំផុស​បំផុល​ឲ្យ​ប្រជាជន​ថៃ​មាន​ភក្តីភាព​ស្មោះស្ម័គ្រ​នឹង​ព្រះមហាក្ស័ត្រ។​ នេះ​ជាការ​គូស​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ​ Darran Yutthawonsuk។

សូម​បញ្ជាក់ថា​ ​ តំបន់​ប៉ែកឦសាន​នៃ​ប្រទេស​ថៃ​គឺ​ជា​ដែន​អំណាច​របស់​ពួកអាវ​ក្រហម​ដែល​ជា​អ្នក​គាំទ្រ​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា ​ដែល​គេ​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នៅ​ឆ្នាំ២០០៦។​ ចំណែកឯ​លោក​ស្រី​យីងឡាក់​ ស៊ីណាវ៉ាត្រា​ដែល​ត្រូវ​ជា​ប្អូន​ស្រី​បាន​ទទួលរង​ការវាយ​ប្រហារ​តាម​ពាក្យសំដី​ពីសំណាក់​ប្រមុខ​យោធាថៃ​លោក​ឧត្តមសេនីយ​ចាន-អូ-ចា។

ដូច្នេះ​ ​ បើប្រសិនជា​លោក​ស្រី​យីងឡាក់​ ស៊ីណាវ៉ាត្រា​ឈ្នះឆ្នោត​មែន​ ​ ​ នោះ​វាជា​ការ​ចាំបាច់​ដែល​លោក​ស្រី​យីងឡាក់​ ស៊ីណាវ៉ាត្រា​ត្រូវមាន​ការយល់​ព្រមព្រៀងគ្នា​ជាមុន​សិន​ជាមួយ​យោធាថៃ​ដើម្បី​បង្កើត​រដ្ឋាភិបាល។​ ការយល់​ព្រមព្រៀងគ្នា​នេះ​គឺ​ឋិត​នៅលើ​បញ្ហា​ឈ្មោះ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ ​ ហើយនិង​ការរក្សាទុក​លំដាប់​តំណែង​យោធា​បច្ចុប្បន្ននេះ​ឲ្យ​នៅដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ