អានតួអត្ថបទ
ជប៉ុន-អាមេរិក

ជប៉ុន៖ ​អូគីណាវ៉ាប្រឆាំង​ការរក្សាទុក​មូលដ្ឋាន​យោធា​អាមេរិក​

លោក​អភិបាលខេត្ត​នៃ​កោះអូគីណាវ៉ា​ ​ ដែល​ឋិត​នៅប៉ែក​ខាងត្បូង​នៃ​ប្រទេស​ជប៉ុន​នៅថ្ងៃ​ពុធនេះ​ បាន​ប្រឆាំង​ការពន្យារ​ពេល​ប្តូរ​ទីតាំង​មូលដ្ឋាន​យោធា​អាមេរិក​ដែល​បច្ចុប្បន្ននេះ​ឋិត​នៅចំ​តំបន់​ជិត​ទីក្រុង​Ginowan។

មូលដ្ឋាន​យោធា​អាមេរិក​ Futenma នៅ​​កោះ​អូគីណាវ៉ា
មូលដ្ឋាន​យោធា​អាមេរិក​ Futenma នៅ​​កោះ​អូគីណាវ៉ា © REUTERS/Issei Kato
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជប៉ុន​បាន​ទទួលស្គាល់​នៅ​ថ្ងៃអង្គារ​ម្សិលមិញថា​ ​ ការប្តូរ​ទីតាំង​មូលដ្ឋាន​យោធា​អាមេរិក​ដែល​បច្ចុប្បន្ននេះ​ឋិត​នៅ​តំបន់​ជិត​ទីក្រុង​Ginowan ​ហើយ​ដែល​​​ត្រូវលើកទៅ​ដាក់​នៅ​តំបន់​ឆកសមុទ្រ​គ្មាន​មនុស្ស​រស់នៅ​ ​ នឹង​ពុំអាច​ប្រព្រឹត្ត​ទៅបាន​ចាប់​ពី​ពេល​នេះ​ទៅទល់​ឆ្នាំ២០១៤​ដូច​ការ​គ្រោងទុកឡើយ។

សម្ព័ន្ធមិត្ត​ទាំងពីរ​ប្រទេស​បាន​បញ្ជាក់​ឲ្យ​ដឹង​ផងដែរថា​ ​ គម្រោង​សាងសង់​មូលដ្ឋាន​យោធា​អាមេរិក​មួយថ្មី​នៅ​តំបន់​ដទៃទៀត​នៃ​កោះ​អូគីណាវ៉ា​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ឲ្យ​បាន​សម្រេច​នៅពេល​ខាងមុខ​ឆាប់ៗនេះ។

ប្រជាជន​នៃ​កោះ​អូគីណាវ៉ា​ដែល​ធុញទ្រាន់​នឹង​សំឡេង​លាន់ឮ​ ​ នឹង​ឧប្បត្តិហេតុ​ ​ និង​ការ​កើន​ឡើង​នៃ​ឧក្រិដ្ឋកម្ម​ ​ បាន​ទាមទារ​ឲ្យ​បិទ​មូលដ្ឋាន​យោធា​អាមេរិក​នៅ​Futenma​ជាស្ថាពរ​ ​ ហើយ​ពួកគេ​ក៏​បាន​ផងទៀត​ប្រឆាំងនឹង​ការ​សាងផ្ទេរ​មូលដ្ឋាន​យោធា​អាមេរិក​លើក​ទៅដាក់​នៅ​តំបន់​ឆកសមុទ្រ​Henoko។

ចំណែកឯ​ លោក​អភិបាលខេត្ត​នៃ​កោះអូគីណាវ៉ា​ដែល​ប្រឆាំង​មូលដ្ឋាន​យោធា​អាមេរិក​បាន​ថ្លែង​ប្រកាស​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា​ ​ “​គេ​ត្រូវតែ​ដោះស្រាយ​បញ្ហា​មូលដ្ឋាន​យោធា​អាមេរិក​នេះ​ឲ្យ​បាន​ឆាប់រហ័ស​ ​ ហើយ​វត្តមាន​នៃ​មូលដ្ឋាន​យោធា​អាមេរិក​ដែល​មាន​សភាព​ពាក់កណ្តាល​អចិន្ត្រៃយ៍​បែបនេះ​នឹង​ពុំ​អាច​មាន​បន្ត​ទៅទៀត​បាន​ឡើយ”។

ប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ​ ការសាងផ្ទេរ​ទាហាន​ម៉ារីន​អាមេរិក​៨ ០០០នាក់​យក​ទៅដាក់​នៅ​កោះGuam​គឺ​ធ្វើឡើង​ដើម្បី​ជួយ​បន្ធូរ​សម្រាល​បន្ទុក​មូលដ្ឋាន​យោធា​អាមេរិក​នៅ​កោះអូគីណាវ៉ា​ដែល​បច្ចុប្បន្ននេះ​មាន​វត្តមាន​យោធា​អាមេរិក​ដល់ទៅ​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ទាហាន​អាមេរិក​សរុប​៤៧ ០០០នាក់​ដែល​ឈរជើង​នៅ​ប្រទេស​ជប៉ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ