អានតួអត្ថបទ
នុយក្លេអ៊ែរ

អាវុធនុយក្លេអ៊ែរ​នៅតែ​គំរាម​ពិភពលោក ​

សព្វាវុធ​នុយក្លេអ៊ែរ​នៅតែ​បន្ត​ធ្វើការ​គំរាម​ទៅលើ​ពិភពលោក​ទោះបីជា​គេ​បាន​ប្រកាស​ឲ្យ​ដឹងថា​ ​ មាន​ការ​កាត់បន្ថយ​បរិមាណ​នៃ​សព្វាវុធ​នុយក្លេអ៊ែរ​ក៏ដោយ។​ ទាំងនេះ ​ក៏ដោយ​ហេតុ​តែ​មាន​ជំនួយ​ពី​សំណាក់​បច្ចេក​វិទ្យា​ទំនើបៗ​មកជួយ​គុណទ្វេ​ក្បាល​ពាំ​នុយក្លេអ៊ែរ។

ក្រសួងការពារជាតិអាមេរិក​ Pentagone នៅ​ទីក្រុង​វ៉ាស៊ីតោន
ក្រសួងការពារជាតិអាមេរិក​ Pentagone នៅ​ទីក្រុង​វ៉ាស៊ីតោន ©​ aster Sgt. Ken Hammond, U.S. Air Force
ផ្សាយពាណិជ្ជកម្ម

 

នារយៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ​ ​ ភាពតានតឹង​នៅ​លើ​ពិភពលោក​បាន​កើតមាន​ក៏​ពីព្រោះ​តែ​មានការ​ប្រយុទ្ធ​ចង់បាន​សម្បត្តិទ្រព្យ​ធម្មជាតិ​ ​ ដែល​បណ្តាល​មកពី​មាន​តម្រូវការ​អន្តរជាតិ​ទៅលើ​វត្ថុធាតុដើម​ចេះតែ​ស្ទុះកើនឡើង​ពុំឈប់ឈរ។​ ហើយ​បញ្ហា​កង្វះ​ចំណី​អាហារ​ដែល​បង្កឡើង​ដោយ​ការប្តូរ​ប្រែប្រួល​អាកាសធាតុ​និង​តម្រូវការ​កើនឡើង​យ៉ាង​ខ្លាំង​ក៏​ជា​កត្តា​មួយ​ដ៏​អវិជ្ជមាន​ផងទៀត​មក​ដាក់​សម្ពាធ​បន្ថែម​លើ​ស្ថានភាព​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ស្រាប់។

ទាំងនេះ​ជា​មូលហេតុ​ចម្បងមួយ​ដែលបាន​មកជួយ​ជំរុញ​ឲ្យ​កើតមាន​ការ​ប្រកួត​ប្រជែង​បង្កើន​សព្វាវុធ​ដែល​អាវុធ​នុយក្លេអ៊ែរ​នៅតែ​ជា​ការ​គំរាម​មួយ​ដ៏​ធំ​ដល់​សន្តិសុខ​ពិភពលោក​ ​ ទោះបីជា​ប្រទេស​មហាអំណាច​ក្នុងលោក​បាន​សន្យា​ធ្វើ​ការ​កាត់​បន្ថយ​សព្វាវុធ​យ៉ាងណា​ក៏​ដោយ។

សម្បត្តិ​ទ្រព្យ​ធម្មជាតិ​គឺ​ពិតជា​កត្តា​ចម្បង​ដែល​បង្ក​ឲ្យ​មាន​ “​ជម្លោះ​”​។​ ជម្លោះ​ដណ្តើម​សម្បត្តិ​ទ្រព្យ​ធម្មជាតិ​បាន​បង្កើន​ឲ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំងឡើងៗ​ ​ នៅក្នុង​ខណៈ​ដែល​ស្ថានភាព​មាន​លក្ខណៈ​ធ្ងន់ធ្ងរស្រាប់។​ ឧទាហរណ៍​ ដូចជា​ទូរស័ព្ទដៃ​ដែល​ត្រូវការ​ប្រើ​វត្ថុធាតុរ៉ែ​ដែល​មាន​នៅ​ប្រទេស​កុងហ្គោ​ ​ នាពេល​បច្ចុប្បន្ននេះ​គេសង្កេត​ឃើញ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​មាន​អំពើ​ហិង្សា​កើតមាន​នៅ​តំបន់​ដែល​មាន​វត្ថុ​ធាតុរ៉ែ​ទាំងនោះ​ ​ ដោយ​ហេតុ​តែ​​មាន​ការ​ប្រកួត​ប្រជែង​ដណ្ដើម​ចង់បាន​វត្ថុធាតុរ៉ែ​។​ ហើយ​នៅ​ទីបំផុត​ ​ អំពើ​ហិង្សា​ក៏​បាន​រីក​រាលដាល​ដល់​ទូទាំង​ប្រទេស។

ក៏​ដូចគ្នា​អ៊ីចឹងដែរ​សម្រាប់​ “​ប្រេងឥន្ធនៈ”​​ដែលបាន​បង្ក​ឲ្យ​កើតមាន​បញ្ហា​តានតឹង​នៅ​ប្រទេស​ស៊ូដង់​និង​នៅ​ប្រទេស​លីប៊ី។​ ហើយនៅ​ទីបំផុត​គឺ​ត្រូវ​រីក​រាលដាល​ក្លាយ​ទៅជា​កើតមាន​សង្គ្រាម​ស៊ីវិល​ផងទៀត។

ការលេចចេញ​នៃ​ប្រទេស​ចិន​និង​ប្រទេស​ឥណ្ឌា​នៅលើ​ទីផ្សារ​ស្វែងរក​ទិញ​វត្ថុធាតុដើម​សម្រាប់​យកមក​ចិញ្ចឹម​បំប៉ន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ក៏​ជាកត្តា​មួយទៀត​មក​ជួយ​បង្កើន​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ដណ្ដើម​ចង់បាន​សម្បត្តិ​ទ្រព្យ​ធម្មជាតិ​និង​វត្ថុធាតុដើម​ ​ ដែល​ទាំងនេះ​បាន​បណ្តាល​ឲ្យ​កើតមាន​បញ្ហា​ទំនិញ​ឡើងថ្លៃ​ ​ ជាពិសេស​បញ្ហា​ចំណី​អាហារ​ឡើងថ្លៃ។

បើ​យោងតាម​អ្នកឯកទេស​ខ្លះ​ ​ តម្លៃ​ចំណី​អាហារ​អាច​ឡើងថ្លៃ​គុណទ្វេ​ជាពីរ​នៅរវាង​ឆ្នាំ២០២០​ខាងមុខនេះ​ ​ ដោយ​ហេតុតែ​មាន​បញ្ហា​ខ្វះខាត​ ​ និង​បញ្ហា​ប្តូរប្រែ​អាកាសធាតុ។

គួរកត់​សម្គាល់ថា​ ​ ការបះបោរ​នៅ​ប្រទេស​អារ៉ាប់​បច្ចុប្បន្ននេះ​ក៏​ដោយហេតុតែ​មាន​បញ្ហា​តម្លៃ​ចំណី​អាហារ​ឡើង​ថ្លៃខ្លាំង​ផងដែរ។​ ពាក់ព័ន្ធ​នឹង​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​គំរាម​ពិភពលោក​វិញ​ ​ Stockholm International Peace Research Institute ( SIPRI )​ឬ​វិជ្ជាស្ថាន​ស្តុកខុល្ម​ខាងការ​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​បាន​គូស​បញ្ជាក់​ថា​ ​ ទោះបី​ជា​មាន​ការ​ប្រ​កាស​​កាត់​បន្ថយ​សព្វាវុធ​នុយក្លេអ៊ែរ​ពី​សំណាក់​ប្រទេស​មហាអំណាច​ក៏​ដោយ​ ​ ក៏​សព្វា​វុធ​​នុយក្លេអ៊ែរ​នៅតែ​បន្ត​ធ្វើការ​គំរាម​ទៅលើ​ពិភពលោក​ ​ ដោយហេតុតែ​មាន​បច្ចេក​វិទ្យា​ទំនើបៗ​មកជួយ​គុណទ្វេ​ក្បាល​មីស្ស៊ីល​បំពាក់​ដោយ​អាវុធ​​នុយក្លេអ៊ែរ។

បច្ចុប្បន្ននេះ​មហា​អំណាច​នុយក្លេអ៊ែរ​ក្នុងលោក​ទាំង៨​ដែល​ក្នុងនោះ​មាន​(​ សហរដ្ឋ​អាមេរិក​ ប្រទេស​រុស្ស៊ី​ ប្រទេស​អង់គ្លេស​ ប្រទេស​បារាំង​ ប្រទេស​ចិន​ ឥណ្ឌា​ ប៉ាគីស្ថាន​ និង​ប្រទេស​អ៊ីស្រាអែល​)​ មាន​មីស្ស៊ីល​ពាំ​ក្បាល​នុយក្លេអ៊ែរ​ទាំងអស់​ប្រមាណ​២០ ៥០០​ ​ ដែលក្នុងនេះ​មាន​៥ ០០០​ មីស្ស៊ីល​ពាំ​ក្បាល​នុយក្លេអ៊ែរ​បាន​ត្រូវ​គេ​ដាក់​ពង្រាយ​ជាស្រេច​ ​ ហើយ​នៅមាន​២ ០០០​ក្បាលទៀត​ដែល​បាន​ត្រៀម​លក្ខណៈ​ជាស្រេច​ពោលគឺ​គេ​អាច​យក​ទៅ​ប្រើ​ពេល​ណា​ក៏​បាន​ ​ នេះ​បើ​យោងតាម​ការ​កត់​​សម្គាល់​របស់​ វិជ្ជាស្ថាន​ស្តុកខុល្ម​ខាងការ​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​។

ចំណែកឯ​​ សហរដ្ឋ​អាមេរិក​ ប្រទេស​រុស្ស៊ី​ ប្រទេស​អង់គ្លេស​ ប្រទេស​បារាំង​ និង​ប្រទេស​ចិន​ដែល​ជា​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ ​ ពុំ​ញញើត​ឡើយ​នឹង​ដាក់​ពង្រាយ​ “​ប្រព័ន្ធ​អាវុធ​នុយក្លេអ៊ែរ​ថ្មី​”​។

ហើយ​របាយការណ៍​ប្រចាំឆ្នាំ​របស់​វិជ្ជាស្ថាន​ស្តុកខុល្ម​ខាងការ​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​បាន​ឲ្យ​ដឹងថា​ ​ ការចំណាយ​ទៅលើ​ការទិញ​សព្វាវុធ​នៅលើ​ពិភពលោក​គឺ​មាន​សហរដ្ឋ​អាមេរិក​ដើរ​នៅ​មុខ​គេ​ដែល​នៅ​ឆ្នាំ២០១០​កន្លងទៅ​ ​ ការទិញ​សព្វាវុធ​បាន​កើនឡើង​+១,៣%​ក្នុង​១ឆ្នាំ​ ​ ហើយចាប់​តាំងពី​ឆ្នាំ២០០១មក​ ​ ការចំណាយ​ទៅលើ​សព្វាវុធ​របស់​អាមេរិកាំង​មាន​រហូត​ដល់ទៅ​១ ៦៣០​ពាន់លាន​ដុល្លារ​អាមេរិក។

ប្រទេស​ឥណ្ឌា​ដែល​កំពុង​តែ​ក្លាយ​ខ្លួន​ទៅជា​ប្រទេស​នាំចូល​សព្វាវុធ​ដ៏​សំខាន់​នៅលើ​ពិភពលោក​ ​ បាន​ទិញ​នាំចូល​អាវុធ​យ៉ាង​ច្រើន​ពី​ប្រទេស​រុស្ស៊ី​។​ ហើយ​ក្នុង​ចំណោម​អ្នកផលិត​សព្វាវុធ​សំខាន់ៗ​ប្រមាណ​ជា​១០០​(​ដោយ​ពុំគិត​រាប់​បញ្ចូល​ប្រទេសចិន​)​ ឈ្មួញ​ផលិត​អាវុធ​ទាំងនោះ​លក់បាន​ជាទឹក​ប្រាក់​ប្រមាណ​៤០១​ពាន់លាន​ដុល្លារ​នៅឆ្នាំ២០០៩។​ ទាំងនេះ​ ពិតជា​កត្តា​ចម្បង​គំរាម​ដល់​សន្តិភាព​ពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ