អានតួអត្ថបទ
ភេវនិយម

បិន ឡាដិន​ ជា​មេ​ភេរវជន​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រវត្តិ​មនុស្សជាតិ

ឈ្មោះ​របស់​បិន ឡាដិន បាន​ផ្តើម​ល្បី​រន្ទឺ​ពេញ​ក្នុង​សកលលោក នៅ​ឆ្នាំ​២០០១ គឺ​ក្រោយ​ពី​មាន​មហាភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​ឆ្នាំ​២០០១ ទៅ​លើ​អគារ​ភ្លោះ​World Trade Center​នៅ​សហរដ្ឋអាមេរិក។ យ៉ាងណាមិញ សម្រាប់​ពួក​អ្នក​និយម​សង្គ្រាម​សាសនា​អ៊ីស្លាម បិន ឡាដិន បាន​ក្លាយ​ទៅ​ជា​វីរបុរស​របស់​ពួក​គេ តាំង​ពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ។ 

ការស្វែងរកចាប់ខ្លួន​Ben Laden"ទោះជារស់ក្តីឬងាប់ក្តី" នៅ​លើ​ប័ណ្ណប្រកាស​​ មួយ​នៅទីក្រុង New Yorkថ្ងៃទី​១៨កញ្ញា២០០១
ការស្វែងរកចាប់ខ្លួន​Ben Laden"ទោះជារស់ក្តីឬងាប់ក្តី" នៅ​លើ​ប័ណ្ណប្រកាស​​ មួយ​នៅទីក្រុង New Yorkថ្ងៃទី​១៨កញ្ញា២០០១ REUTERS/Russell Boyce
ផ្សាយពាណិជ្ជកម្ម

បើ​គេ​មើល​ប្រវត្តិ​របស់ បិន ឡាដិន(Ben Laden) គេ​មិន​នឹក​ស្មាន​ឡើយ​ថា ជនជាតិ​អារ៉ាប៊ី សាអ៊ូឌីត រូប​នេះ​អាច​ក្លាយ​ទៅ​ជា​ភេរវជន​អន្តរជាតិ​ដ៏​ល្បីល្បាញ​ជាង​គេ​បង្អស់​នៅ​ក្នុង​លោក។

បិន ឡាដិន កើត​នៅ​ទីក្រុង​Ryad នៅ​ឆ្នាំ​១៩៥៧ គឺ​ជា​កូន​ទី​១២​នៃ​ត្រកូល​គ្រួសារ​អ្នក​មាន​ស្តុកស្តម្ភ​មួយ រៀន​នៅ​មហា​វិទ្យាល័យ​King Abdul Aziz ក្នុង​ទីក្រុង​Djeddah។ គឺ​នៅ​ក្នុង​មហា​វិទ្យាល័យ​នេះ​ហើយ ដែល​បិន ឡាដិន ផ្តើម​មាន​ទំនាក់ទំនង​ជាមួយ​ពួក​អ៊ីស្លាម​ជ្រុល​និយម នៅ​ឆ្នាំ​១៩៧៣។ កាលនោះ យុវជន បិន ឡាដិន ដែល​ជា​អ្នក​ជឿ​សាសនា​អ៊ីស្លាម​ខ្លាំង សង្វាត​សិក្សា និង​ចូលចិត្ត​អាន​តែ​គម្ពីរ​ព្រម​ទាំង​អត្ថបទ​សាសនា។

ក្រោយ​ពី​សហភាពសូវៀត​ចូល​ឈ្លានពាន​ប្រទេស​អាហ្វហ្គានីស្ថាន ក្នុង​ឆ្នាំ​១៩៧៩ យុវជន​បិន ឡាដិន ក៏​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​ទ័ពព្រៃ​អាហ្វហ្គានីស្ថាន ដោយ​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវ​នាវ​របស់​​ពួក​និយម​សង្គ្រាម​សាសនាDjihad ដើរ​ប្រមែប្រមូល​លុយ​និង​បញ្ចុះបញ្ចូល​យុវជន​នៃ​បណ្តា​ប្រទេស​ជុំវិញ​ឈូង​សមុទ្រ​ពែរ្ស ឲ្យ​ទៅ​ជួយ​ពួក​moudjqhidinesអាហ្វហ្គានីស្ថាន។

បិន ឡាដិន ទទួល​ពួក​ស្ម័គ្រ​ចិត្ត​ទាំង​នេះ ដាក់​បញ្ចូល​ទៅ​ក្នុង​អង្គការ​មួយ​ដែល​ក្រោយ​មក​ក្លាយ​ទៅ​ជា​អង្គការ“Al-Qaïda” បាន​ន័យ​ថា“មូលដ្ឋាន”។ អង្គការ​នេះ​របស់​បិន ឡាដិន ប្រយុទ្ធ​ប្រឆាំង​នឹង​សហភាព​សូវៀត និង​ថែម​ទាំង​ទទួល​ជំនួយ​ពី​សហរដ្ឋអាមេរិក​ទៀត​ផង ដែល​កាល​នោះ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ជា​សត្រូវ​របស់​ទីក្រុង​ម៉ូស្គូ។

នៅ​ឆ្នាំ​១៩៨៩ ក្រោយ​ពី​កងទ័ព​សូវៀត​ដក​ខ្លួន​ចេញ​ពី​អាហ្វហ្គានីស្ថាន បិន ឡាដិន ត្រឡប់​មក​អារ៉ាប៊ី សាអ៊ូឌីត​វិញ តែ​មិន​ត្រូវ​គ្នា​ជា​មួយ​ព្រះ​ចៅ​Fahd រួច​ហើយ​ក៏​ភៀស​ខ្លួន​ទៅ​នៅ​ប្រទេស​ស៊ូដង់។

នៅ​ប្រទេស​ស៊ូដង់ បិន ឡាដិន ចាប់​ផ្តើម​បង្កើត​ជំរំ​ហ្វឹកហ្វឺន​ពួក​ភេរវជន ដើម្បី​ប្រឆាំង​នឹង​ផល​ប្រយោជន៍​របស់​អាមេរិក​វិញ​ម្តង។ នៅ​ឆ្នាំ​១៩៩៦ ស៊ូដង់​ក្រោម​ការ​គាប​សង្កត់​របស់​អាមេរិក ក៏​សម្រេច​បណ្តេញ​បិន ឡាដិន​ចេញ​ពី​ទឹក​ដី​ខ្លួន។ ចាប់​ពី​ពេល​នោះ​មក បិន ឡាដិន ត្រឡប់​ទៅ​រស់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​វិញ ដើម្បី​ចូល​ដៃ​ជាមួយ​ពួក​តាលីបង់ ដើម្បី​បង្កើត​និង​ពង្រីក​ជំរំ​ហ្វឹកហ្វឺន​ពួក​ភេរវជន និង​ដើម្បី​រៀបចំ​គម្រោង​ភេរវកម្ម ប្រឆាំង​នឹង​បស្ចិម​លោក ជា​ពិសេស​សហរដ្ឋ​អាមេរិក។

គឺ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​នេះ​ហើយ ដែល​បិន ឡាដិន​រៀបចំ​គម្រោង​ភេរវកម្ម​ជា​ច្រើន ជា​អាទិ៍ គម្រោង​វាយ​ប្រហារ​ទៅ​លើ​ស្ថាន​ទូត​អាមេរិក​នៅ​តង់សានី នៅ​កេនយ៉ា និង​ជា​ពិសេស គម្រោង​មហា​ភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​ឆ្នាំ​២០០១​ទៅ​លើ​World Trade Center នៅ​សហរដ្ឋអាមេរិក។

ក្រោយ​មហា​ភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​ឆ្នាំ​២០០១ សហរដ្ឋអាមេរិក​ធ្វើ​សង្គ្រាម​រំលំ​របប​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន និង​តាម​ដេញ​ប្រមាញ់​បិន ឡាដិន​ដែល​ត្រូវ​ប្រធានាធិបតី​ប៊ូស(Bush) បញ្ជា​ឲ្យ​ចាប់​ទាំង​រស់​ឬ​សម្លាប់​ឲ្យ​ទាល់​តែ​បាន។

គេ​ត្រូវ​រង់ចាំ​រហូត​ដល់​ពេល​នេះ គឺ​រយៈ​ពេល​ជិត​១០​ឆ្នាំ ទើប​កងទ័ព​អាមេរិក​សម្រេច​បាន​ជោគជ័យ ក្នុង​ការ​សម្លាប់​មេ​ភេរវជន​អន្តរជាតិ​ដ៏​ល្បីល្បាញ​ជាង​គេ​នៅ​ក្នុង​ប្រវត្តិ​មនុស្សជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ